30 C
Phnom Penh

បាតុករថៃ សន្យាបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាននៅឆ្នាំក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលប្រាំខែមកហើយ ដែលក្រុមប្រឆាំងរដ្ឋាភិបាល លោកបា្រយុទ្ធចាន់អូចា បានបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ ប៉ុន្តែគណៈកម្មាធិការនេះ ទំនងនឹងមិនចេញជារូបរាងបានទេ ដោយសារបក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃបានបដិសេធ មិនចូលរួមនោះទេ ដោយ ចោទថា យន្តការនេះគ្រាន់តែជាឧបករណ៍មួយរបស់លោកបា្រយុទ្ធ ក្នុងការពង្រឹងអំណាច និងព្យាយាម អូសពេលវេលា មិនព្រមដោះស្រាយបញ្ហាដែលបាតុករបានទាមទារ។

ទំនងមើលឃើញដូចនេះ បានជាបាតុករ ប្រកាសដោយសន្យាថា នៅឆ្នាំក្រោយនេះ ត្រូវតែទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាន។បាតុករដែលជាក្រុមចលនា និស្សិត និងយុវជនវ័យក្មេង បានទាមទារ ៣ចំណុច គឺទី១ អោយ លោកបា្រយុទ្ធចាកចេញពីតំណែង ។

ទី២ ទាមទារអោយ រៀបរាងរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ឡើងវិញ ដោយ រុះរើ ស្ថាប័នព្រឹទ្ធសភា និងទី៣កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យយោធា។ 

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា បាតុករបានសម្រេចផ្អាកធ្វើការតវ៉ាមួយរយៈពេល តែសន្យាថានឹងត្រឡប់មកកាន់សួនប្រជាធិបតេយ្យវិញនៅឆ្នាំក្រោយនេះ ហើយត្រូវតែបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង។ ការប្រកាសរបស់លោក Arnon Nampa ជាមេបាតុករនិងជាមេធាវីសិទ្ធិមនុស្ស  បានធ្វើឡើង នៅក្នុងសនិ្នសីទសារព័ត៌មាន ។

លោក Arnon Nampa បន្តថា សម្រាប់ឆ្នាំ២០២០នេះ ជិតផុតហើយ ដោយនាំអោយយើងសម្រាកមួយរយៈដើម្បីសាទរឆ្នាំថ្មី។ សម្រាប់ឆ្នាំក្រោយ យើងនឹងវិលមកជួបគ្នាវិញហើយ ត្រូវតែធ្វើអោយខ្លាំង មានការប្រមូលផ្ដុំកាន់តែខ្លាំងនិងច្រើនជាងមុន។ លោក  Arnon Nampaបានប្រាប់ អ្នកសារព័ត៌មាននៅខាងមុខ ស្នងការ ប៉ូលិសក្រុងបាងកក ចំពេលដែលមេដឹកនាំបាតុករជាច្រើននាក់ត្រូវបាន កោះហៅមកចូលខ្លួនករណីចោទពីបទប្រមាថអង្គព្រះមហាក្សត្រ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ធ្នូនេះថាបាតុកម្មបានកើតឡើងនៅទីក្រុងបាងកក មានរយៈពេលជិត៥ខែមកហើយ ។

ចលនានេះ គឺជាគំនិតផ្ដួចផ្ដើមឡើងដោយក្រុមនិស្សិត និងយុវជនវ័យក្មេង  ដោយសំដៅ ទាមទារអោយអតីតឧត្តមសេនីយ៍ និងជាមេរដ្ឋប្រហារ លោកបា្រយុទ្ធចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។

តាមមេធាវីរូបនេះ បាតុករ មិនអាចទទួលស្គាល់លោកប្រាយុទ្ធជានាយករដ្ឋមន្ត្រីបានឡើយ ព្រោះតែលោកប្រាយុទ្ធបានឡើងមកកាន់តំណែងនេះជាថ្មីទៀត ដោយសារលទ្ធផលចេញពីរដ្ឋប្រហារឆ្នាំ២០១៤។ ពួកបាតុករ ទាមទារអោយ រៀបរៀងរដ្ឋធម្មនុញ្ញឡើងវិញ ហើយដកសិទ្ធិព្រះមហាក្សត្រពាក់ព័ន្ធនឹងពួកយោធា។

អ្នកនាំពាក្យ រដ្ឋាភិបាល Anucha Burapachaisri បាននិយាយថា ទោះ ជាមានព្រឹត្តិការណ៍ ការប្រមូលផ្ដុំ នៅឆ្នាំក្រោយនេះ ក្ដី តែត្រូវធ្វើឡើង ដោយសន្តិវិធី។ លោកអោយដឹងថា រដ្ឋាភិបាល និងរដ្ឋសភា កំពុងស្វែងរក ដំណោះស្រាយ មួយក្នុងការឆ្លើយតបនឹង ការទាមទាររបស់រដ្ឋាភិបាល។

ចាប់តាំងពីការធ្វើបាតុកម្ម នៅពាក់កណ្ដាលខែកក្ដដា មក មេដឹកនាំបាតុករ យ៉ាងតិច២៥នាក់ត្រូវបានចាប់ខ្លួនពីបទប្រមាថអង្គព្រះមហាក្សត្រ។

កាលពីទិវាសិទ្ធិមនុស្ស១០ធ្នូ មេដឹកនាំ បាតុករនិងបាតុករបានធ្វើដំណើរទៅកាន់ស្នាក់ការរបស់អង្គការសហប្រជាជាតិដោយដាក់ញត្តិទាមទារឲ្យជួយអន្ដារគមន៍ទៅរដ្ឋាភិបាលរបស់លោកប្រាយុទ្ធឲ្យលុបចោលមាត្រា១១២នៃក្រមព្រហ្មទណ្ឌដែលចែងពីការកាត់ទោសជនទាំងឡាយណារងបទចោទពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រឲ្យមានទោសពី៣ឆ្នាំទៅ១៥ឆ្នាំ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស