28 C
Phnom Penh

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជារឿងចាំបាច់ដែលតម្រូវឱ្យមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក កឹម សុខា  គឺលោក មុត ចន្ថា លើកឡើងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជារឿងចាំបាច់ដែលភាគីពាក់ព័ន្ធ ទាំងអស់ រួមមាន រាជរដ្ឋាភិបាល គណបក្សនយោបាយ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាពិសេសពលរដ្ឋផ្ទាល់ ត្រូវចូលរួមចំណែក។

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានសរសេរនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់លោក នៅថ្ងៃទី១៦ ខែធ្នូនេះ ថារដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ថាព្រះរាជាណាចក្រកម្ពុជា គោរពតាមគោលការណ៍ប្រជាធិបតេយ្យសេរី និងពហុបក្ស។ លោកថា គោលការណ៍នេះ មិនអាចធ្វើវិសោធនកម្មបាននោះឡើយ។ ដោយឡែកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ និងសន្ធិសញ្ញា ឬ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាបានចុះហត្ថលេខី គឺបានចងកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាឱ្យធានាដល់ការគោរព ការការពារ ការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។

លោកមុត ចន្ថា បន្តថា លើសពីនេះប្រទេសកម្ពុជា គឺជារដ្ឋសមាជិកអង្គការសហប្រជាតិ ដែលបានសន្យាយ៉ាងឱឡារិកថាគោរពតាមធម្មនុញ្ញអង្គការអន្តរជាតិកំពូលមួយនេះ ក្នុងការចូលរួមធានា និងការពារដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

តំណាងគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកលោក Patrick Murphy កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិភាក្សាគ្នាពីបញ្ហាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា អាមេរិកនៅបន្តគាំទ្រប្រជាជនកម្ពុជា និងសិទ្ធិរបស់គេស្របតាមរដ្ឋធម្មនុញ្ញដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

កាលពីថ្ងៃទី ១០ខែធ្នូ ក្នុងទិវាខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ប្រធានគណបក្សសង្រ្គោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយនោះ លោក កឹម សុខា បានលើកឡើងថា «សិទ្ធិមនុស្ស ជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលមានពីកំណើត គឺជាគុណតម្លៃសកល»។

លោកថា យោងតាមស្មារតីនៃ «សេចក្តីថ្លែងការណ៍ ជាសកល ស្តីពីសិទ្ធិមនុស្ស» របស់អង្គការសហប្រជាជាតិ «បញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល» ហើយការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស មិនចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬ ការរំលោភលើអធិបតេយ្យភាពនោះទេ។

លោកកឹម សុខា បន្តថា អស់រយៈពេលជិត៣០ឆ្នាំមកនេះ លោកបានចូលរួមផ្តួចផ្តើមសកម្មភាពនានា និងដឹកនាំស្ថាប័នសិទ្ធិមនុស្សមួយចំនួនដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោក បន្តថាសកម្មភាពទាំងនោះ  ព្រោះលោកយល់ឃើញថា កម្ពុជាអាចមានសន្តិភាព និងការបង្រួបបង្រួមជាតិពិតប្រាកដបាន លុះត្រាតែប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបាននូវការគោរពសិទ្ធិរបស់ពួកគាត់។

សិទ្ធិមនុស្ស គឺជាសេចក្តីថ្លៃថ្នូររបស់មនុស្សដែលគ្រប់គ្នាត្រូវការជាចាំបាច់ ដែលមិនអាចយកអ្វីមកជំនួសបានឡើយ។ ដើម្បីធានាឲ្យមនុស្សគ្រប់រូបក្នុងសង្គមមួយ ទទួលបាននូវផលប្រយោជន៍ និងសិទ្ធិមូលដ្ឋាន ពួកគេត្រូវការជាចាំបាច់ឲ្យមានការធានា និងគោរពនូវ «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» ដើម្បីចូលរួមធ្វើការសម្រេចនូវជោគវាសនាអនាគតរបស់ខ្លួន និង ប្រទេសជាតិ។

អាស្រ័យហេតុនេះហើយ លោកសូមអំពាវនាវឲ្យខ្មែរគ្រប់និន្នាការទាំងអស់ ជាពិសេសអ្នកដែលមានឥទ្ធិពល មានអំណាច សូមចូលរួមលើកស្ទួយ និង គោរពសិទ្ធិមនុស្ស ដែលក្នុងនោះរួមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយមិនត្រូវមានការរើសអើង និងមិនត្រូវយកប្រជាពលរដ្ឋខ្មែរជាសត្រូវឡើយ។

ជាពិសេស ដើម្បីឲ្យមានបរិយាកាសនយោបាយមួយដែលខ្មែរគ្រប់រូបមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយទៅតាមសម្បជញ្ញ:របស់ខ្លួន ដោយពុំមានការភ័យខ្លាច។ មេបក្សប្រឆាំងរូបនេះ លើកឡើងថា មានតែការគោរពសិទ្ធិមនុស្សដោយពេញលេញទេ ដែលអាចនាំមកនូវស្ថេរភាព សន្តិភាព និង អភិវឌ្ឍន៍ប្រកបដោយចីរភាពពិត ជូនប្រជាពលរដ្ឋពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស