មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទាមទារ ឲ្យតុលាការទម្លាក់រាល់បទចោទ និងដោះលែងសកម្មជនបរិស្ថាន និងអ្នកតស៊ូមតិ តាមបែបអហិង្សាជាបន្ទាន់ ត្បិតពួកគេគ្រាន់តែប្រើប្រាស់សិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សសមាគមអាដហុក ADHOC លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការប្រើប្រាស់សិទ្ធិរបស់ក្រុមយុវជន ខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតុធ្មជាតិ ក្នុងតស៊ូមតិដើម្បីសេរីភាព និងដើម្បីបរិស្ថាន ទាំងនោះ មិនបានរំលោភបំពានទៅលើច្បាប់ណាមួយរបស់កម្ពុជានោះទេ។
លោកបញ្ជាក់ថា ការបន្តបង្ក្រាប ចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ លើអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងពលរដ្ឋដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់របស់ពួកគេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះ គឺជាការបង្ហាញនូវការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់សមាជិកក្រុមខ្មែរថាវរៈចំនួនបីនាក់ គឺលោក ថា ឡាវី កញ្ញា សូ មេត្តា ឬ(កញ្ញា អេង ម៉ាឡៃ) និងព្រះភិក្ខុកើតសារ៉ាយ ព្រមទាំងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួនពីរនាក់ទៀត គឺ លោក មាន ព្រហ្មមុនី និង លោក មួង សុភ័ក្ត្រ។
ពាក់ព័ន្ធនឹងសវនាការនេះ ក្រុមយុវជនទាំងនោះមិនមានវត្តមានក្នុងសវនាការនេះទេ ខណៈសាលាឧទ្ធរណ៍នឹងប្រកាសសាលដីការបស់ពួកគេនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាន លោក ឈាង វុន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អះអាងថា ក្រោមហេតុផលសិទ្ធិមនុស្សអង្គការសង្គមស៊ីវិលមួយក្តាប់តូចបានយកអង្គការសហប្រជាជាតិមកគ្របលើតួនាទីរបស់រដ្ឋាភិបាលកម្ពុជាទាំងស្រុង។
លោកអះអាងថា បណ្តារប្រទេសនៅលើសកលលោក គ្មានប្រទេសណាមួយអាចគោរពសិទ្ធិមនុស្សឲ្យបាន១០០%នោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺកុំឲ្យមានការរំលោភបំពានធ្ងន់ធ្ងរ និងមិនត្រូវបណ្តោយឲ្យសិទ្ធិរបស់បុគ្គលណាម្នាក់ ឬក្រុមណាមួយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គមនោះឡើយ។
យ៉ាងនេះក្តី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy ក្នុងជំនួបជាមួយតំណាងគណបក្សនយោបាយមួយចំនួននៅប្រទេសកម្ពុជា ពិភាក្សាលើប្រធានបទ អំពីប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក គាំទ្រពលរដ្ឋកម្ពុជា និងសិទ្ធិរបស់គេស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីការរីចម្រើនប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ សមាជិកក្រុមខ្មែរថាវរៈត្រូវអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងការចូលរួមបាតុកម្មទាមទារឱ្យដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន។
ចំណែក សកម្មជនមាតាធម្មជាតិកម្ពុជាត្រូវបានចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមអំពីគម្រោងដើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានជុំវិញការលុបបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។
មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីស្សែល បាសេ្សឡែត ក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ បញ្ជាក់ថា ដើម្បីថែរក្សាសង្គមជាតិឲ្យបានល្អ ការផ្តល់សិទ្ធិឲ្យបានពេញលេញប្រកបដោយសមធម៌ គឺត្រូវនាំគ្នាប្តេជ្ញាធ្វើឲ្យសម្រេចបានជានិរន្ត៍ ត្បិតសិទ្ធិមនុស្សបានផ្តល់នូវសង្គមប្រកបដោយភាពស្មើរគ្នា ជាងនេះទៀតសិទ្ធិមនុស្សជាចម្លើយដ៏ត្រឹមត្រូវចំពោះវិបត្តិមនុស្សជាតិ ដូច្នេះត្រូវតែនាំគ្នាក្រោកឈរឡើងដើម្បីសិទ្ធិមនុស្សទាំងអស់គ្នា៕