35 C
Phnom Penh

តុលាការខេត្តកណ្តាលប្រកាសលក់សម្ភារៈរោងចក្រចំនួន២ ដើម្បីយកប្រាក់ផ្តល់សំណងឱ្យកម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តកណ្តាល បានសម្រេចប្រកាសលក់សម្ភារៈរោងចក្រចំនួនពីរក្នុងខេត្តនេះ ដោយលក់ឡាយឡុងសម្ភារៈទាំងនោះ ក្នុងតម្លៃអប្បបរមា ឬតម្លៃទាបបំផុត ជាង១លាន៧សែនដុល្លារសហរដ្ឋអាមរិក។

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងខេត្តកណ្តាល បានប្រកាសជាសាធារណៈអំពីការដាក់ដេញថ្លៃលក់ឡាយឡុងចលនវត្ថុរោងចក្រទាំងពីរ រួមមានរោងចក្រ Dignity Knitter Limited និងរោងចក្រ Eco Base ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ នៅបន្ទប់សវនាការរបស់តុលាការតែម្ដង។

ប្រភពដដែលបញ្ជាក់ថា តុលាការបានកំណត់តម្លៃដេញថ្លៃទាបបំផុតគឺចាប់ពីជាង ១លាន ៧សែនដុល្លារ ឡើងទៅ ហើយការដាក់ដេញថ្លៃនេះ នឹងបើកឱ្យសាធារណជនចូលមើលសម្ភាររបស់រោងចក្រចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ហើយវិធីដេញថ្លៃគឺ អាចធ្វើឡើងដោយផ្ទាល់មាត់ និងដោយដាក់ក្នុងស្រោមសំបុត្រផងដែរ ។

ការសម្រេចនេះ ធ្វើឡើងក្រោយពេលថៅកែបានបិទទ្វាររោងចក្រអស់រយៈពេលប្រមាណ១ឆ្នាំមកហើយ ក្រោមហេតុផលក្ស័យធន និងថៅកែរត់ចោល ប៉ុន្តែភាគីថៅកែមិនបានទូទាត់សំណងជូនកម្មករទៅតាមច្បាប់ការងារនោះឡើយ។

ក្រុមកម្មកររោងចក្រទាំងពីរ បានសម្រេចដាក់វេនគ្នាដេកយាមមុខរោងចក្រ រាប់ខែមកហើយ ដោយបារម្ភខ្លាចភាគីថៅកែដឹកឥវ៉ាន់ និងសម្ភារៈរោងចក្រចេញអស់ ដោយមិនបានផ្តល់សំណងសមរម្យតាមច្បាប់ជូនពួកគាត់។  វិវាទកម្មកររោងចក្រទាំងពីរនេះ បានរុញច្រានដល់ភាគីក្រសួងការងារ ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងចុងក្រោយឡើងដល់ដំណាក់ការតុលាការតែម្តង។

ក្រុមកម្មករ ធ្លាប់បានត្អូញត្អែរពីភាពលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារគ្មានការងារធ្វើ គ្មានប្រាក់ចំណូល សម្រាប់ចាយវាយដោយយកពេលមកយាមមុខរោងចក្ររហូត  ខណៈកម្មករខ្លះបានបម្រើការងារនៅរោងចក្រទាំងពីរនេះ ជិត១០ឆ្នាំឬ លើសពី១០ឆ្នាំក៏មាន។

រោងចក្រទាំងពីរដែលមានថៅកែតែមួយជាជនជាតិចិននោះ  មានកម្មករ-កម្មការិនី ជាង១ពាន់នាក់។ រោងចក្រនេះ ចាប់ផ្ដើមបើកប្រាក់ឈ្នួលមិនទៀងទាត់ដល់កម្មករចាប់តាំងពីចុងឆ្នាំ២០១៩ ហើយបន្ទាប់មកបានប្រកាសបិទទ្វាររោងចក្រកាលពីខែមេសាក្នុងឆ្នាំ២០២០នេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស