សកម្មជនការពារព្រៃឈើ លើកឡើងថាដើម្បីធានាឱ្យការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសព្រៃឈើមានប្រសិទ្ធភាព រដ្ឋាភិបាលតាម រយៈក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបញ្ឈប់ការធ្វើអាជីវកម្មឈើគ្រប់រូបភាព និងមិនត្រូវចេញលិខិតអនុញ្ញាតការដឹកជញ្ជូនឈើតូចធំយកទៅលក់នៅក្រៅប្រទេសនោះឡើយ។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ អះអាងថា ស្ថានភាពបទល្មើសព្រៃឈើ ពិសេសនៅតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ តំបន់ជួរភ្នំក្រវ៉ាញ តំបន់នៅបណ្តាខេត្តភាគ ឦសាន មិនបានថមថយឡើយ ពោលគឺសកម្មភាពបទល្មើសនៅតែកើតមានឡើងឥតឈប់ឈរ ដែលធ្វើឱ្យព្រៃឈើបន្តបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។
សកម្មជនព្រៃឈើដដែល មើលឃើញថា បទល្មើសព្រៃឈើធំៗដែលកើតឡើងកន្លងមក ភាគច្រើនជាប់ពាក់ព័ន្ធអ្នកមានអំណាច និងអ្នកមានទ្រព្យធន់ ព្រមទាំងក្រុមហ៊ុនរកស៊ីឈើមួយចំនួនផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនដីសម្បទាននៅតំបន់ព្រៃឡង់ ដូចជាក្រុមហ៊ុនស៊ីងបាយអូថេក ក្រុមហ៊ុនអង្គរផ្លាយវូត(Angkor Plywood) ជាដើម។
យ៉ាងណា គេហទំព័រក្រសួងការពារជាតិ បានស្រង់របាយការណ៍ ដែលអានដោយអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល ដើម្បីបង្រ្កាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី៨ខែធ្នូ បានឱ្យដឹងថា រយៈពេលប្រមាណ១២ខែ ដោយគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើព្រៃឈើ បាន៣ពាន់ ៣១២ករណី ហើយចាប់បានជនល្មើស២២៨នាក់។
លោកបន្តថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិជាង៣ពាន់ករណី(៣៣១២) មានជិត២ពាន់ករណី(១៩២០) ត្រូវបានបង្ក្រាបដោយរដ្ឋបាលព្រៃឈើ។
ក្នុងនោះអាជ្ញាធរជំនាញដកហូតវត្ថុតាងជាផលព្រៃឈើ អនុផលព្រៃឈើ មធ្យោបាយ និងឧបករណ៍មួយចំនួន ព្រមទាំងចាប់បានជនល្មើសបាន ៦៣នាក់ថែមទៀត។ ដោយឡែកជាង១ពាន់ករណី(១៣៩២) ទៀត ត្រូវបានបង្ក្រាបដោយគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយឃាត់ខ្លួនជនល្មើស១៦៥នាក់។
ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំពេលនោះ ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានស្នើឲ្យមន្ត្រីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។
ជាមួយគ្នានេះ លោក ស្នើឲ្យត្រួតពិនិត្យមើលក្រុមហ៊ុន និងតំបន់ព្រៃឈើឲ្យបានជាប់ជាប្រចាំ ដើម្បីថែរក្សាធនធានធម្មជាតិ និងថែរក្សាកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។
ទោះបីជាយ៉ាងនេះក្តី លោក ហេង ស្រស់ សាទរចំពោះសមិទ្ធផលរបស់គណៈកម្មការជាតិមួយនេះ ក្នុងការងារការពារព្រៃឈើ និងការបង្ក្រាបបទល្មើសកន្លងមក។ ប៉ុន្តែលោកថា តាមរបាយការណ៍នេះ នៅមិនទាន់ស៊ីគ្នា ឬសមាមាត្រទៅនឹងជនល្មើសដែលកំពុងរកស៊ីឈើនៅប្រទេសកម្ពុជានៅឡើយទេ។
លោកបន្តថា អ្នកពាក់ព័ន្ធការរកស៊ីឈើកន្លងមកភាគច្រើនជាប់ពាក់ព័ន្ធអ្នកមានអំណាច និងក្រុមហ៊ុនធំៗ មិនមែនពលរដ្ឋធម្មតាតែជាង២០០ ករណី ដូចក្នុងរបាយការណ៍នោះទេ។
លោកមើលឃើញថា ការងាររបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងបានច្រើន ប៉ុន្តែប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ទៅលើក្រុមឧក្រិដ្ឋជនរកស៊ីឈើធំៗ នៅកម្ពុជាហាក់នៅចន្លោះប្រហោងច្រើន ពោលគឺ ឧក្រិដ្ឋជនធំៗ ឬអ្នកនៅពីក្រោយខ្នងជនល្មើស នៅតែអាចរួចផុតពីសំណាញ់ច្បាប់ដដែល។
បញ្ហានេះ លោកស្នើឱ្យគណៈកម្មការជាតិមួយនេះ ស្រាវជ្រាវ និងបង្ក្រាបទៅលើឈ្មួញធំៗ ក្រុមហ៊ុនដីសម្បទាន និងក្រុមហ៊ុនទទូលសិទ្ធិកែច្នៃផល អនុផលព្រៃឈើ ព្រមទាំងអាជ្ញាធរមួយចំនួនដែលជាប់ពាក់ព័ន្ធការរកស៊ីឈើដោយខុសច្បាប់ ដើម្បីធានាបានក្នុងការថែរក្សាធនធានធម្មជាតិនៅកម្ពុជា។
បន្ថែមពីនេះ លោកក៏ចង់ឃើញ ការរឹបអូសទ្រព្យសម្បត្តិរបស់ឈ្នួញឈើខុសច្បាប់ទាំងឡាយ ដាក់ចូលជាសម្បត្តិរដ្ឋផងដែរ។ បើពុំដូច្នេះពួកគេនៅតែអាចបន្តអាជីវកម្មឈើ ដែលជាហេតុបណ្តាលឱ្យព្រៃឈើនៅកម្ពុជារងការវិនាសបន្ថែមទៀតជាក់ជាមិនខាន៕