38.1 C
Phnom Penh

វៀតណាមអាចនឹងមានមេដឹកនាំថ្មីនៅឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសវៀតណាម ត្បិតប្រកាន់របបសង្គមនិយមក៏ពិតមែន តែប្រទេសសមាជិកអាស៊ានមួយនេះ មិនបានទុកអោយ បុគ្គលម្នាក់កាន់តំណែងកំពូលរបស់ ប្រទេស និងបក្សបានលើសពី៣អាណត្តិឡើយ។

របបសង្គមនិយម នៃប្រទេសនេះ ត្រូវបានមើលឃើញថា មានភាពជឿនលឿន ត្បិតការជ្រើសរើសមេដឹកនាំមិនបានឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ចេញពីពលរដ្ឋពិតមែន តែមិនដែលបានផ្ដល់ឱកាសអោយមេដឹកនាំនោះ បន្តអាណត្តិ ឬព្យាយាមក្រាញអំណាចបានឡើយ ។ មានន័យថា អាណត្តិ មានរយៈពេល៥ឆ្នាំ ហើយបានតែ២អាណត្តិប៉ុណ្ណោះ។

ប្រជាជននៃប្រទេសនេះត្បិត ពុំមានសិទ្ធិសេរីភាព ក្នុងកិច្ចការនយោបាយ និងសេរីភាព ខាងសិទ្ធិមនុស្សក្ដី តែប្រជាជន ហាក់មិនខ្វល់ហើយក៏មិនបារម្ភច្រើនទេ អំពីអនាគតមេដឹកនាំរបស់ខ្លួន ព្រោះតែដឹងថា ពុំមានមេដឹកនាំណាម្នាក់ហ៊ាន ក្រាញអំណាចបានឡើយ ។

បើមេដឹកនាំនោះ ព្យាយាមក្រាញអំណាច ពិតណាស់នឹងប្រឈមមុខនឹងច្បាប់ និងវិន័យរបស់បក្សហើយនាំអោយមានទោសដល់ខ្លួននិងគ្រួសារទៀតផង។ ទោះជាប្រទេសសង្គមនិយម តែនីតិរដ្ឋមិនមែនកើតចេញពីបទបញ្ជារបស់បុគ្គលឡើយ គឺត្រូវអនុលោមតាមច្បាប់ជាធរមាន។

វៀតណាម ជាប្រទេស ដែលមានប្រសិទ្ធភាពខ្លាំងក្នុងការបោសសំអាតជនពុករលួយក្នុងបក្ស តាមស្ថាប័នរដ្ឋ និងវិស័យឯកជន។

កាលពីថ្ងៃទី១៤ធ្នូ គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចាប់ផ្តើម ដើម្បីរៀបចំរបៀបវារៈ និងសមាសភាពថ្នាក់ដឹកនាំប្រទេសអាណត្តិថ្មី។ការរៀបចំ នេះ ដើម្បីធ្វើសមាជបក្សនៅខែមករា ឆ្នាំ២០២១ ។ ក្នុងសមាជនោះ មានការជ្រើសតាំង កម្មាភិបាលលិចធ្លោ សកម្ម និង ស្មោះត្រង់នឹងជាតិ អោយក្លាយជាមេដឹកនាំអាណត្តិថ្មី ជំនួសមេដឹកនាំ ផុតអាណត្តិនិងដាក់អោយចូលនិវត្តន៍។

លោក ង្វៀន ភូជុង គឺជាប្រធានាធិបតីវៀតណាម ផងនិងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផង ។ លោកជាអ្នកដឹកនាំកិច្ចប្រជុំនេះ។ 

អ្នកសង្កេតការណ៍ យល់ថា ក្នុងគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ពិតជាមានកម្មាភិបាល លេចធ្លោ នឹងស្នើអោយប្រជែងតំណែងនៅក្នុងសមាជបក្សលើកទី១៣ នៅខែមករាឆ្នាំក្រោយនេះ ។

លោក ង្វៀន ភូជុង អាយុ៧៦ឆ្នាំ ត្រូវបានរំពឹងថា លោកនឹងបន្តរក្សាតំណែងអគ្គលេខាធិការបក្សរបស់លោកមួយអាណត្តិទៀត បើទោះសុខភាពរបស់លោក មិនរឹងមាំក៏ដោយ។

ចាប់ពីឆ្នាំ២០១៨ លោក ជាអ្នកនយោបាយក្នុងបក្សដ៏មានឥទ្ធិពល ក្រោយពីបានកាន់តំណែងកំពូលទាំងពីរនេះ។ ប្រសិនបើ លោក ភូជុង មិនស្វែងរកការបន្តតំណែងរបស់លោកនោះ ទេ គឺកម្មាភិបាល ច្រើនរូបនឹង ត្រូវបានបក្សសម្លឹងមើល គឺក្នុងនោះ មានទាំងឧបនាយករដ្ឋមន្ត្រី Pham Minh Chinh និង Tran Quoc Vuong ដែលលិចធ្លោ ជាងគេ ក្នុងតំណែងអគ្គលេខាបក្ស ។ 

មានកម្មាភិបាលមួយទៀត គឺលោក តូ ឡាំ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ វៀតណាម ក៏ទំនងអាចក្លាយជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង ឬក៏អាចកាន់តំណែងលេខាបក្សតែមួយ។

លោក តូ ឡាំ ភាគច្រើនអាចនឹងក្លាយជាប្រធានាធិបតី ព្រោះ Tran Dai Quang ក៏ជារដ្ឋមន្ត្រីសន្តិសុខ សាធារណៈផងដែរមុនលោកក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៦។ ប៉ុន្តែគាត់បាន ស្លាប់នៅឆ្នាំ២០១៨ ។

ចំណែកតួនាទីប្រធានរដ្ឋសភា ដែលកំពុងគ្រប់គ្រងដោយអ្នកស្រី Thi Kim Ngan ក៏អាចបក្សពិនិត្យឡើងវិញដែរ។ ប៉ុន្តែទាំងនាយករដ្មន្ត្រី អាចបន្តតំណែង មួយអាណត្តទៀត គឺលោក Nguyen Xuan Phuc និងអ្នកស្រី Thi Kim Ngan អាចនឹងស្នើអោយ លោក ង្វៀនភូជុង បន្តកាន់តំណែងប្រធានាធិបតី ទៅមុខទៀត។

កាលពីសមាជបក្សកុម្មុយនីស្តវៀតណាមនៅឆ្នាំ២០១៦ លោក ង្វៀន ភូជុង គឺជាអ្នកផ្តួចផ្តើមក្នុងការដក ង្វៀន តាន់យុង ពីតំណែងនាយករដ្ឋមន្ត្រី ខណៈលោក ង្វៀន តាន់យុង ជាគូប្រជែងសម្រាប់តំណែងលេខាបក្សជាមួយនឹងលោក។

ដោយឡែក ជោគវាសនារបស់លោក ង្វៀន សួនហ្វ៊ុក បច្ចុប្បន្នជានាយករដ្ឋមន្ត្រីក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ដែរ ទោះជាលោក បានកាន់តំណែងនេះ បានមួយអាណត្តិក៏ដោយ។ តែបើលោក ង្វៀន សួនហ្វ៊ុក អាយុ៦៦ឆ្នាំមានការគាំទ្រច្រើនក្នុងបក្ស គឺលោក អាចនឹងកាន់តំណែងមួយអាណត្តិទៀតហើយក៏អាចក្លាយជាលេខាបក្សទៀតផង។

លោកង្វៀន សួនហ្វុក ត្រូវបានកត់សំគាល់ថាលោកបានដឹកនាំវៀតណាម យ៉ាងសកម្ម លេចមុខខ្លាំងលើឆាកអន្តរជាតិ។ លោក ជាអ្នកធ្វើអោយបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេស ជាមួយនឹងសហភាពអឺរ៉ុប។ ការកត់សំគាល់មួយទៀតនោះ លោក គឺជាជនស្នេហាជាតិលិចធ្លោ ក្នុងការទប់ទល់ការវាតទីកាន់កាប់ដែនសមុទ្រពីសំណាក់ប្រទេសចិន។

បើតាម VN Express  នីតិវិធីនៃការជ្រើសតាំងកម្មាភិបាល ជាន់ខ្ពស់ ក្នុងជួរគណៈមជ្ឈឹមបក្ស អោយ ឡើងកាន់តំណែង កំពូលរបស់ប្រទេស ត្រូវធ្វើឡើងដោយភាពសម្ងាត់និងទុកចិត្ត តាមរយៈការមូលមតិគ្នាជាឯកច្ឆ័ន្ទ ។  ក្រោយពីជ្រើសតាំងបានហើយ គឺកម្មាភិបាលនោះ នឹង ក្លាយ បេក្ខជនហើយត្រូវបោះឆ្នោតអនុម៍តជាផ្លូវការក្នុងសមាជបក្សកុម្មយនីស្ត ដែលនឹងប្រព្រឹត្តទៅក្នុងខែមករា ឆ្នាំ២០២១។

អាណត្តិអគ្គលេខា បក្ស  អាណត្តិប្រធានាធិបតី អាណត្តិនាយករដ្ឋមន្ត្រី  និងប្រធានរដ្ឋសភា នៃប្រទេសសង្គមនិយមវៀតណាម មានតែ២អណត្តិ ស្មើនឹង១០ឆ្នាំប៉ុណ្ណោះ ទោះជា កម្មាភិបាលនោះ សកម្មនឹងលិចធ្លោក្នុងការដឹកនាំក៏ដោយ ។ គោលការណ៍ និងទិស្លោក របស់បក្សកុម្មយនីស្ត វៀតណាម គឺកម្មាភិបាល ជំនាន់ក្រោយ ជាទំពាំង ស្នងឬស្សីរបស់បក្ស ដែលមិនអាចមើលរំលងបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស