27 C
Phnom Penh

អ្នកឃ្លាំមើលសង្គមថា ការជួយពលរដ្ឋឲ្យរួចផុតពីការរឹបអូសទ្រព្យសម្បត្តិពីម្ចាស់បំណុលជាវិធីការពារសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ លើកឡើងថា ការជួយពលរដ្ឋខ្មែរដែលកំពុងប្រឈមនឹងបំណុលធនាគារដែលគ្មានលុយសង ដើម្បីកុំឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ រឹបអូសដីធ្លី ផ្ទះសម្បែងដែលជាទ្រព្យបញ្ចាំរបស់ពួកគេ គឺជាមធ្យោបាយដ៏ល្អក្នុងការជួយរក្សាជំហរសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ។

អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា ការជួយដោះស្រាយភាពទ័លច្រករបស់ពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ១៩នេះ គឺស្មើនឹង ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ ជួយទ្រទ្រង់ដំណើរការធនាគារ ស្ថាប័នហិរញ្ញវត្ថុ ដើម្បីកុំឲ្យបាត់បង់អតិថិជន និងជាការចូលរួមជួយទ្រទ្រង់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

លោក អះអាងថា សង្គមមួយដែលមានមនុស្សចេះជួយគ្នា រស់នៅយ៉ាងជិតស្និតនឹងគ្នាប្រកបដោយ សីសលធម៌ គុណធម៌ ដោយភាពសុខុដុមរមនានោះ គឺជាការបង្កើតនូវចំណងសាមគ្គីភាព ភាតរភាព និងឯកភាពជាតិដ៏រឹងមាំដែលអាចធ្វើឲ្យសង្គមនោះរីកចម្រើន និងមានមានភាពរុងរឿងជាក់ជាមិនខាន។

លោក សង្កត់ធ្ងន់ថា គុណតម្លៃសីលធម៌ ស្នូលមួយរបស់ជនជាតិខ្មែរ គឺប្រៀបដូចទៅនឹងសុភាសិតខ្មែរពោលថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន» ដែលជាសុភាសិតដាស់តឿនឲ្យមនុស្សចេះជួយគ្នា និងចេះទ្រទ្រង់នូវគុណតម្លៃសីលធម៌ គឺ ករុណា អាណិត ជួយអ្នកដទៃ និងសង្គមជាតិឲ្យបានសុខផងដែរ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនដែលបានបាត់បង់ការងារ និងប្រាក់ចំណូល ហើយនឹងត្រូវប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិនានាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩នេះ។

កាលចុងខែមិថុនា ឆ្នាំ២០២០ នេះ សហពន្ធ័សហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សម្ព័ន្ធជំរឿនខ្មែរ និងការពារសិទ្ធិមនុស្ស លីកាដូ បានចេញរបាយការំណ៍រួមគ្នាថា ប្រជាពលរដ្ឋខ្មែរធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌករ ព្រោះគ្មានលទ្ធភាពសងបំណុលក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ព្រមទាំងប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិពីធានាគារ និងគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុទៀតផង។

ពួកគេបញ្ជាក់ថា ពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៩៥% ដែលគ្មានលទ្ធភាពដើម្បីសងបណុលរបស់ពួកគាត់នោះទេ ត្បិតក្រុមហ៊ុនដែលពួកគាត់បានបម្រើការងារមិនអាចដំណើរការទៅមុខបាន ខណៈពួកគាត់បានត្រូវបានផ្អាកពីការងារ ហើយក៏ត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុង។

ជាងនេះទៀត ប្រភពដដែលបានអះអាងថា អ្នកជំពាក់ប្រាក់ឥណទានទាំងអស់បានជ្រើសរើសវិធីសងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។ អ្នកខ្លះបានលក់ទ្រព្យសម្បត្តិរបស់ខ្លួនដូចជា ដីស្រែ ដីភូមិ និងអចលនទ្រព្យផ្សេងទៀតជាដើម។ រីឯមួយចំនួនទៀតបានធ្វើចំណាកស្រុកដើម្បីបានប្រាក់ចំណូល។ ចំណែកកូនបំណុលខ្លះទៀតត្រូវបង្ខំចិត្តខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីដើម្បីយកទៅសងបំណុលស្ថានប័នចាស់។

ពួកគេថា ការធ្វើដូច្នេះគឺដើម្បីពន្យាពេល និងបញ្ជៀសពីការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេដែលបានដាក់បញ្ចាំឲ្យទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះ។

ទោះជាបែបនេះក្តី សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ បានចេញលិខិតចំហរ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដែលបានផ្ញើជូន អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សម្ព័ន្ធសហជីពកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និង សមាគមធាងត្នោត ឲ្យកែតម្រូវរាល់របាយកាណ៍របស់ពួកគេឡើងវិញ។

សមាគមដដែល អះអាងថារបាយការណ៍ដែលបានចេញផ្សាយរបស់អង្គការទាំងនោះ គឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ខ្វះតម្លាភាព ក្នុងចេតនាញុះញង់ បង្កចលាចលដល់សង្គមជាតិ។ លើសពីនេះ នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងសន្តិសុខជាតិ យ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ អង្គការទាំងនោះបាន អះអាងថា ការទាមទាររបស់សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជា ឲ្យពួកគេកែប្រែរបាយការណ៍ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច នៅកម្ពុជានោះ គឺជារឿងមិនមិនអាចទៅរួចនោះទេ។

ផ្ទុយទៅវិញ ពួកគេ បានទាមទារ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គោរពលក្ខខណ្ឌមួយចំនួន ដូចជា សូមបញ្ឈប់ការដាក់សម្ពាធលើអតិថិជនឲ្យលក់ដី ដើម្បីដោះបំណុលជាដើម។ ប៉ុន្តែសូមជំនួសវិញដោយការដោះស្រាយតាមការប្រើប្រាស់យន្តការផ្លូវច្បាប់ដែលមានស្រាប់ សម្រាប់អតិថិជនដែលគ្មានលទ្ធភាពសងបំណុល ។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អង្គការឃ្លាំមើលសិទិ្ធមនុស្សHuman Rights Watch បានលើកឡើងពីកង្វល់របស់អង្គការសង្គមស៊ីវិលទៅកាន់ធនាគារពិភពលោកថា មន្រ្តីឥណទានរបស់គ្រឹះស្ថានមីក្រួហិរញ្ញវត្ថុនៅកម្ពុជាបានដាក់សម្ពាធដល់អ្នកខ្ចីប្រាក់ឱ្យលក់ដីដើម្បីសងបំណុល ខណៈជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទាំងនោះយ៉ាងខ្លាំង។

ពួកគេ បានជុំរុញឲ្យ ធនាគារពិភពលោក ធ្វើការតាមដាន និងស៊ើបអង្កេត លើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាបន្ទាន់ ត្បិតទង្វើរំលោភសិទ្ធិរបស់ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស