29 C
Phnom Penh

ក្រសួងមហាផ្ទៃ រំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នពីសកម្មភាពឆបោកប្រាក់ របស់ឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គម បន្តកើតមានច្រើននៅកម្ពុជា។

សមត្ថកិច្ចបានជំរុញឲ្យមានការប្រុងប្រយ័ត្នករណី អំពើឆបោកប្រាក់ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា ឬ(Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យ របស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែផ្ទុយទៅវិញ ពុំមានរបស់ ឬប្រាក់ត្រូវបានប្រគល់ ជូនជនរងគ្រោះ ដូចការសន្យានោះឡើយ។

ក្រសួងមហាផ្ទៃ បន្តថា ដើម្បីសម្រេចគម្រោងឆបោក មុនដំបូងពួកក្រុមឧក្រិដ្ឋជន បានស្វែងរកលេខទូរស័ព្ទ ឬអ៊ីម៉ែល របស់ជនរងគ្រោះ នៅលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកក្រុម ឧក្រិដ្ឋជន ក៏បានផ្តើមធ្វើការទាក់ទង ទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនមានដូចជា៖

១- ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវឲ្យបង់ប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវឲ្យបង់ប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថា ខ្លួនមានឧបករណ៍ និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវឲ្យបង់ប្រាក់កក់ ដើម្បីបញ្ជូនឧបករណ៍ទាំងនោះ ទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវឲ្យបង់ប្រាក់កក់ ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថា ទទួលបានការងារក្រៅប្រទេស និងតម្រូវឲ្យបង់ប្រាក់កក់ ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះចោល។

៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុន ជាមួយខ្លួន។

៩- បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់ពីជនរងគ្រោះ (Romantic Scam)។

ចំណុចនេះហើយដែល ក្រសួងមហាផ្ទៃ បានរំលឹកដល់ពលរដ្ឋ នូវរាល់ឧបាយកល ដូចបានរៀបរាប់ខាងលើ ព្រោះក្រុមឧក្រឹដ្ឋជន បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ គឺកហរុមឆបោកទាំងនោះ ពុំបានធ្វើតាមការសន្យា  របស់ពួកគេទេ ហើយផ្ទុយទៅវិញពួកគេ បានព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ពលរដ្ឋ សូមមេត្តាពិចារណា ឲ្យច្បាស់លាស់ ប្រយោជន៍កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ។

ជាងនេះទៀត ត្រូវរាយកាណ៍ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសឆបោកពីក្រុមឧក្រឹដ្ឋជន ដូចបានរៀបរាប់ខាងលើនេះ ឲ្យបានឆាប់ ដើម្បីសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ និងមានវិធានការបង្ក្រាប់ឲ្យបានទាន់ពេល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស