27 C
Phnom Penh

ធនាគារពិភពលោក ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នឹងបានប្រសើរឡើងវិញ ប៉ុន្តែប្រឈមនឹងភាពមិនប្រាកដប្រជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោក(World Bank) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងរួញក្នុងទំហំប្រមាណ -២% ក្នុងឆ្នាំ២០២០។

របាយការណ៍របស់ធនាគារពិភពលោកឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ហើយលូតលាស់បានប្រហែលជិត៤%ក្នុងឆ្នាំ២០២១។ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារកត្តាមួយចំនួនផងដែរ។

ការព្យាកររបស់ធនាគារពិភពលោកដូច្នេះ ធ្វើឡើងស្របពេលសេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសនានានៅលើពិភពលោកកំពុងរងការវាយប្រហារដោយសារជំងឺកូវីដ១៩ ។

ប្រភពដដែលបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចបានមកពីកត្តាមួយចំនួន ដូចជាលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។

World Bank បន្ថែមថា ទោះបីជាការនាំចេញសរុបនៃផលិតផល                កមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែការនាំចេញផលិតផលរោងចក្រដទៃទៀត រួមមានកង់ គ្រឿងបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ លើសពីនេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែក ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ កម្រើកឡើងវិញ។

យ៉ាងណាក៏ដោយ នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកអ្នកស្រី អ៊ីងហ្គូណា ដូប្រាចា បានលើកឡើងក្នុងរបាយការណ៍នោះថា ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងច្រើន។

អ្នកស្រីបន្តថា គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះនិង ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺកូវីដ១៩។  អ្នកស្រីបន្តថា ក្នុងពេលខាងមុខ ជាការចាំបាច់ ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។

ធនាគារពិភពលោក ការបាត់បង់ចំណូលនៅតែមានទំហំធំធេងនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារថយល្បឿនបន្តិចវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញកម្មវិធីថ្មីមួយសម្រាប់ផ្ទេរសាច់ប្រាក់ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។

កាលពីជំងឺកូវីដ១៩ បានផ្ទុះឡើងដំបូងនៅកម្ពុជា លោកហ៊ុន សែន បានអះអាងថារដ្ឋាភិបាលរបស់លោកបានត្រៀមកញ្ចប់ថវិកាចន្លោះពី៨០០ទៅ ២ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលមិនបានបញ្ចេញកញ្ចប់ថវិកាទាំងនោះយកទៅប្រើប្រាស់ឡើយ។ ផ្ទុយទៅវិញនៅពេលមានគ្រោះអាសន្នឬត្រូវការជំនួយ បុរសខ្លាំងនៅកម្ពុជាតែងចេញមុខអំពាវនាវរកសប្បុរសជនឱ្យផ្តល់ជាថវិកា និងសម្ភារៈជួយដោះស្រាយបញ្ហាប្រឈមទាំងនោះទៅវិញ។

ជាក់ស្តែងអំឡុងពេលឆ្នាំ២០២០នេះ រដ្ឋាភិបាលបានគៀងគរថវិកាពីសប្បុរសជន មន្ត្រីរាជការ ចំនួន៣លើករួចមកហើយ ពោលគឺនៅពេលជំងឺកូវីដ១៩ផ្ទុះខ្លាំងនៅកម្ពុជាដំបូង បញ្ហាគ្រោះទឹកជំនន់ និងការអំពាវនាវរកជំនួយទិញវ៉ាក់សាំងកូវីដ១៩ នាពេលថ្មីៗនេះជាដើម។

អ្នកវិភាគនយោបាយលោក គឹម សុខ ធ្លាប់លើកឡើងថា កញ្ចប់ថវិកាដែលលោកហ៊ុន សែន ប្រកាសកន្លងមកជាកញ្ចប់ថវិកាខ្យល់ និងជាសង្រ្គាមចិត្តសាស្ត្រដើម្បីស្អំចិត្តពលរដ្ឋ និងមន្ត្រីរាជការតែប៉ុណ្ណោះ។

យ៉ាងណាកាលពីថ្ងៃទី១៥ ខែធ្នូ លោក ហ៊ុន សែន បានប្រកាសពីសាច់ប្រាក់ក្នុងដៃដោយ រាជរដ្ឋាភិបាល បានត្រៀមថវិកា ១រយ ទៅ២រយលានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។

លើសពីនេះ រាជរដ្ឋាភិបាលលោក មានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែលោកមិនបាននិយាយនោះឡើយថា ថវិកាជាង៥រយលានដុល្លារនេះ បានមកពីបរទេសទាំងអស់។

ពលរដ្ឋមួយចំនួននៅតែងឿងឆ្ងល់ថា រដ្ឋាភិបាលលោកហ៊ុន សែន បានអួតពីទំហំសាច់ប្រាក់រាប់រយលានដុល្លារ និងមាស រាប់សិបតោនតម្កល់ទុកនៅក្រៅប្រទេស ប៉ុន្តែអំឡុងពេលប្រទេសជួបគ្រោះអាសន្នដូចបច្ចុប្បន្ន មិនឃើញរដ្ឋាភិបាលបញ្ចេញថវិកា និងមាសទាំងនោះ មកដោះស្រាយបញ្ហារាស្ត្រ និងស្តារសេដ្ឋកិច្ចជាតិនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស