35 C
Phnom Penh

លោកហ៊ុន សែន ប្តេជ្ញាធ្វើការជាមួយរដ្ឋបាលលោក ចូ បៃឌិន ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសប្តេជ្ញាធ្វើការងារជាមួយរដ្ឋបាលលោក ចូ បៃដិន ដែលត្រូវបានប្រកាសជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកជាផ្លូវការ។

ក្នុងលិខិតរបស់លោកហ៊ុន សែន ផ្ញើជូនទៅអនាគតប្រធាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដិន កាលពីថ្ងៃទី១៥ ខែធ្នូ ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា រដ្ឋាភិបាល និងពលរដ្ឋកម្ពុជាមានកិត្តិយសដ៏ធំធេង និងសេចក្ដីរីករាយឥតឧបមា ហើយសាទរចំពោះ លោក បៃដិន ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិកទី ៤៦។

ក្រៅពីអបអរសាទរចំពោះជោគជ័យរបស់លោកបៃដិន លោកហ៊ុន សែន ក៏បានសរសើរប្រធានាធិបតីអាមេរិកថ្មីរូបនេះ ថាជោគជ័យនេះជាបទពិសោធដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ លោក ដែលជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីពលរដ្ឋអាមេរិក។

លោក ហ៊ុន សែន អះអាងថា ក្រោមការដឹកនាំរបស់លោកចូ បៃឌិន សហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេងដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ខណៈនៅឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងប្រទេសទាំងពីរផងដែរ។

លោកហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលរបស់លោកបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់លោកបៃដិន  ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។

ការប្តេជ្ញានេះ បន្ទាប់ពីទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងអាណត្តិរបស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនមើលឃើញថាកាន់តែមានភាពតានតឹងឬ អាក្រក់ជាងមុន។

ភាពអាក្រក់ទាំងនោះ កើតឡើងក្រោយពេលអាមេរិកបានចេញមុខថ្កោលទោសរដ្ឋាភិបាលកម្ពុជាក្នុងការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីចុងឆ្នាំ២០១៧មក។ 

អាមេរិកក៏ជាប្រទេសនាំមុខមួយ ដែលជំរុញឱ្យរដ្ឋាភិបាលដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងផ្តល់សេរីភាពពេញលេញជូនមេបក្សប្រឆាំងរូបនេះវិញ ព្រោះអាមេរិកថាការចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា កន្លងមកធ្វើឡើងដោយអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់។

ជាងនេះទៀត កាលពីខែវិច្ឆិកាឆ្នាំ២០១៩ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សវិញ បើពុំដូច្នេះសមិទ្ធិផលនៃការអភិវឌ្ឍន៍នៅកម្ពុជានឹងជួបហានិភ័យ ពិសេសទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែចម្រូងចម្រាស់មិនខានឡើយ។

ក្នុងអាណត្តិរដ្ឋបាលលោកដូណាល់ ត្រាំ ដដែល សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ ឧកញ៉ា ដែលស្និតលោកហ៊ុន សែនមួយចំនួន ដូចជាមេបញ្ជាការកងអង្គរក្សលោកហ៊ុន សែន គឺនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ ទេសរដ្ឋមន្ត្រី ទទួលបេសសកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ព្រមទាំងសមាជិកគ្រួសារ និងក្រុមហ៊ុនរបស់ពួកគេមួយចំនួនទៀត។

ឧកញ៉ាដែលល្បីល្បាញរកស៊ីឈើនៅស្រុកខ្មែរ គឺ លោក ទ្រី ភាព ព្រមទាំងក្រុមហ៊ុនរបស់លោក។ ចុងក្រោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយូញៀន ឬUDG ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធក្រុមហ៊ុនយក្សរបស់ចិន កំពុងវិនិយោគតំបន់ទេសចរណ៍នៅខេត្តកោះកុងលើផ្ទៃដីជាង៤ម៉ឺនហិកតារ ក៏ត្រូវបានអាមេរិកសម្រេចដាក់ទណ្ឌកម្មផងដែរ។

ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺធ្វើឱ្យពួកគេ និងក្រុមហ៊ុនទាំងនោះ មិនអាចមានវត្តមាននៅលើទឹកដីអាមេរិក ហើយទ្រព្យសម្បត្តិដែលក៏ត្រូវបង្កក។ លើសពីនេះក្រុមហ៊ុន របស់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួនក៏មិនត្រូវរកស៊ីជាមួយមនុស្ស និងក្រុមហ៊ុនទាំងនោះឡើយ។ 

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អង្គបោះឆ្នោតនៅសហរដ្ឋអាមេរិក ៣០៦រូប បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការលើជ័យជម្នះរបស់ លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជា ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក។

តាមរយៈការបោះឆ្នោតនេះ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយលទ្ធផលបោះឆ្នោតនៃអង្គបោះឆ្នោត នឹងត្រូវរង់ចាំ ការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

កាលពីថ្ងៃទី៩ខែធ្នូ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅ កម្ពុជា បានលើកឡើងថា សេរីភាពក្នុងការចងក្រងគ្នាជាក្រុម សមាគម និងសេរីភាពក្នុងការបញ្ចេញមតិគឺជាសិទ្ធិជាសាកល ដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

អាមេរិកថា សង្គមដែលមានស្ថិរភាព និងសន្តិភាព គឺអនុញ្ញាតឲ្យមានការពិភាក្សា និងមតិប្រឆាំង។ អាជ្ញាធរមានកាតព្វកិច្ចត្រូវការពារសិទ្ធិទាំងនេះ ហើយអនុញ្ញាតឲ្យមានទស្សនៈប្រឆាំង។

សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ របស់ប្រជាជនកម្ពុជា ក្នុងការមានសេរីភាពជាមូលដ្ឋាន និងតាមលទ្ធិប្រជាធិបតេយ្យ។

មតិជាច្រើនក្នុងប្រទេសកម្ពុជា បានបង្ហាញក្តីរំពឹងថា ក្នុងអាណត្តិដឹកនាំ របស់លោក បៃដិន ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ នឹងជំរុញឱ្យកម្ពុជាវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដមួយ បន្ទាប់ពីកម្ពុជាត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា បានឆាកឆ្ងាយពីរបបដឹកនាំបែបសេរីពហុបក្ស ដោយជំនួសដោយការដឹកនាំបែបផ្តាច់ការឬគ្រួសារនិយមជំនួសវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស