38.1 C
Phnom Penh

តើក្រៅពីគ្រួសារ សាច់ញាតិត្រកូល ហ៊ុន មានបក្ខពួកណាខ្លះទៀត ដែលបំផ្លាញធនធានធម្មជាតិខ្មែរជាប្រព័ន្ធ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងសេចក្តីរាយការណ៍របស់យើងភាគទី៣  ផ្សាយកាលថ្ងៃទី៦ វិច្ឆិកា យើងបានពិនិត្យអំពីបែបផែនគ្រប់គ្រងនគររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបណ្តុះបណ្តាល អប់រំហ្វឹកហ្វឺនដោយអ្នកដឹកនាំកុម្មុយនិស្តយួនខាងជើង។ លោកឆ្លាតវៃ ច្នៃបច្ចេកទេសគ្រប់គ្រងប្រទេសពីរបៀបកុម្មុយនិស្តនិយម ជារបៀបផ្តាច់ការនិយម  authoritarianism លាយឡំនឹងរបៀបម៉ាហ្វ៊ីយ៉ា ដែលតម្រូវឲ្យមានភក្តី ត្រូវបម្រើ ការពារ ស្លាប់រស់នឹងគ្នា ជាដាច់ខាត។

លោក ហ៊ុន សែន គ្រប់គ្រងនគររបៀបចងសម្ព័ន្ធរវាងមនុស្សនិងមនុស្សជាសែស្រឡាយ ជា សម្ព័ន្ធភាព ផ្តល់បុណ្យសក្តិ លាភសក្ការៈជាទីពេញចិត្តដល់ជនណាស្មោះស្ម័គ្រនឹងលោក

ហើយអ្នកទទួលផលប្រយោជន៍ពីលោក នឹងតបស្នងសងគុណលោកវិញជារបៀបជួយឧប ត្ថម្ភធនធាន និង ការពារអំណាចរបស់លោក។ ទ្រឹស្តីនេះហៅថា រស់ពឹងគ្នា ជួយគ្នាទៅវិញទៅមក មួយអត់មួយទៀតមិនបាន ដែលអង់គ្លេសហៅ symbiotic politics។ ជាមួយគ្នានេះ លោក ហ៊ុន សែន ជាអាជ្ញាបកៈ ជាប្រភពចែកអំណាច ឲ្យមុខងារ មុខតំណែង និង អភ័យឯកសិទ្ធិ អង់គ្លេសហៅថា patronage តាមបំណង តាមចំណង់លោកពេញចិត្ត ឲ្យមានអំណាច មានសិទ្ធិ ធ្វើអាជីវកម្ម ជាពិសេសលើធនធានធម្មជាតិ ហើយកើបទ្រព្យធនផ្តាច់មុខ យកទៅចែកឲ្យលោក ព្រមទាំងការពារអំណាចឲ្យលោក។

ចំណែកឯរបៀបគ្រប់គ្រងផ្តាច់ការនិយម ដែលគេប្រែពីពាក្យអង់គ្លេសថា authoritarianism នោះ គេអាចប្រដូចរដ្ឋាភិបាល ឬ រដ្ឋអំណាចសព្វថ្ងៃនេះថា របបផ្តាច់ការ ព្រោះមានលក្ខណៈសម្បត្តិស្ទើរតែគ្រប់គ្រាន់ទាំងស្រុង បើតាមការបរិយាយពីបណ្ឌិត សាស្រ្តាចារ្យផ្នែកនយោ បាយ Adam Przeworski  នៃសកលវិទ្យាល័យ ញីវយ៉ក និង បណ្ឌិត សាស្រ្តាចារ្យផ្នែកនីតិធម្មនុញ្ញ Mark Tushnet នៃសកលវិទ្យាល័យ Harvard ស.រ.អា។ អ្នកវិទ្យាសាស្រ្តនយោបាយមួយរូបទៀតឈ្មោះ Juan Linz អធិប្បាយថា លក្ខណៈសម្បត្តិចំបងរបស់វា មាន៤សណ្ឋាន៖

១.  កំណត់ពហុភាវនិយមនយោបាយ political pluralism កកើតចេញដោយការរឹតត្បិតខាងសាខានីតិបញ្ញត្តិ legislature, ខាងបក្សនយោបាយ political parties, ក្រុមមនុស្សស្វែងរកប្រ យោជន៍ដោយឡែកៗ interest groups

២. ភាពស្របច្បាប់ខាងនយោបាយនៃរដ្ឋអំណាច ផ្អែកលើការអំពាវនាវលើអារម្មណ៍ប្រជាពលរដ្ឋ និង ការកំណត់មុខសញ្ញានៃរបបនេះចំពោះអ្វីអាក្រក់ តែសម្គាល់បាន ចំាបាច់សំរាប់រដ្ឋអំណាចប្រយុទ្ធប្រឆាំងងាយស្រួល មានដូចជាអ្វីដែលមិនសូវអភិវឌ្ឍន៍ ឬ ឧទ្ទាម under development or insurgency

៣. សកម្មភាពកេណ្ឌមហាជនគ្រប់ជាន់ថ្នាក់មានតិចតួចស្តួចស្តើង ដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍អ្វីមួយ minimal mass mobilization ហើយបង្អាក់ បញ្ឈប់សកម្មភាពប្រឆាំងនឹងរបបគ្រប់គ្រងផ្តាច់ការ។

៤. បកស្រាយអត្ថន័យអំពីអំណាចនីតិប្រតិបត្តិស្រពិចស្រពិល បាំងស្ទើរ ពាំត្រណោត ម្តងថាជាអញ្ចេះ ម្តងថាជាអញ្ចុះ ដែលគ្រាន់តែដើម្បីបន្តអំណាចអ្នកដឹកនាំប៉ុណ្ណោះ។

អ្នកដឹកនាំផ្តាច់ការគ្រប់ទិសទី ខឹងណាស់ បើមានអ្នកណានិយាយថា គេជាមេដឹកនាំផ្តាច់ការ នោះ។ សាស្រ្តាចារ្យ Adam Przeworski ពន្យល់ថា របបផ្តាច់ការនិយម មានតុល្យភាពដោយ

សារ ការភូតភរកុហក ការបំភិតបំភ័យ និង សន្យាថាមានភាពចម្រើនរុងរឿងសេដ្ឋកិច្ច។ មេដឹកនាំផ្តាច់ការឱបក្រសោបយកអំណាច និង អនុវត្តអំណាចនយោបាយមិនតាមបទបញ្ញត្តិក្រុមអ្នកដឹកនាំច្រើនតែតែងតាំង ហើយបើទោះជាបោះឆ្នោតជាប់ ក៏មិនអាចផ្លាស់ប្តូរបានតាមការជ្រើសរើសពីឆន្ទៈពលរដ្ឋដោយការប្រកួតប្រជែងនោះដែរ។

របបផ្តាច់ការ ដកហូតតាមទំនើងចិត្តនូវសេរីភាពស៊ីវិល មិនអត់ឱនដល់ក្រុមប្រឆាំងស្របច្បាប់ រាយបណ្តាញគ្រប់គ្រងសង្គមដើម្បីរារាំងក្រុមអង្គការសង្គមស៊ីវិល ហើយក្នុងពេលជា មួយគ្នា រក្សាស្ថិរភាពនយោបាយដោយការកាន់ក្តោបកងកម្លាំងប្រដាប់អាវុធ និង ដោយការជួយគាំពារពីកងកម្លាំងប្រដាប់អាវុធ។ ក្រសួង មន្ទីរ នាយកដ្ឋាន ការិយាល័យគ្រប់កន្លែងក្នុងរបបផ្តាច់ការ គេដាក់គ្នាគេទាំងអស់ បង្កើតប្រព័ន្ធស្វាមីភក្តិ ស្មោះស្ម័គ្រតាមរូបភាពផ្សេងៗ ឲ្យជួបជុំ ប្រាស្រ័យរាប់រកគ្នា បង្វឹកមនោគមន៍វិជ្ជាគ្នាទៅវិញទៅមក។

លោក ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ បានចុះហត្ថលេខាចេញសេចក្តីសម្រេច លេខពិសេសមួយ ឲ្យរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន−អង្គភាពស៊ីវិល ដោយអះអាងថា អនុលោមតាមរដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ព្រះរាជក្រម ហើយចម្លងផ្ញើទៅគ្រប់ស្ថាប័ន ដើម្បីដឹងទាំងអស់គ្នា។ របបផ្តាច់ការខ្លះ ប្រើរដ្ឋធម្មនុញ្ញ ប្រើពាក្យប្រជាធិបតេយ្យ ប្រើពាក្យសេដ្ឋកិច្ច ប្រើវិធីបោះឆ្នោតរបៀបគេ ព្រោះគេថា បើសេដ្ឋកិច្ចរីកចំរើន លូតលាស់ របបផ្តាច់ការនិយម នឹងរលាយទៅឯង។ អ្នកប្រាជ្ញខ្លះហៅថា democratization ឬដំណើរការធ្វើឲ្យទៅជារបប ប្រជាធិបតេយ្យ។

សម្ព័ន្ធមេត្រីភាពនោះ មានអាយុរហូតមកដល់ពេលនេះ៖ លោក ហ៊ុន សែន ប្រើស្ថាប័នរដ្ឋមានអង្គភាពកងកម្លាំងប្រដាប់អាវុធ កងកម្លាំងសន្តិសុខជាតិ ជួយសម្រួលកិច្ច ជួយការពារ គាំពារពួកឧកញ៉ាឈ្មួញរកស៊ីធំៗជាគូកន បក្ខពួកក្នុងរចនាសម្ព័ន្ធរវាង ថៅកែ និង ឧកញ៉ាបរិ

ពារ។ លោក ហ៊ុន សែន ថ្ងូរថា គ្មានលុយទិញវ៉ាក់ស័ងចាក់ឲ្យពលរដ្ឋរបស់លោក ពេលមានជម្ងឺឆ្លង កូវិដ−១៩ រាតត្បាតប្រទេសកម្ពុជា ក្នុងនាមជារដ្ឋាភិបាលនៃប្រទេសមួយ។ លោក គ្រាន់តែដកដង្ហើមថ្ងូរ លុយចូលមកលោករាប់សិបលានដុល្លារ។

គេនិយាយថា ភាគទាន សប្បុរសជនស្ម័គ្រចិត្ត បង្ហាញអំពី ខ្មែរចេះជួយខ្មែរក្នុងគ្រាលំបាក។ លោក ហ៊ុន សែន បានទទួលបច្ច័យពីក្រុមឧកញ៉ាឈ្មួញ ទាំងឧកញ៉ាមានឈ្មោះក្នុងបញ្ជីខ្មៅ ទាំងឧកញ៉ាមានឈ្មោះជាជនជាប់ចោទក្នុង បទឧក្រិដ្ឋ ទាំងឧកញ៉ាជាប់ឈ្មោះក្នុងមុខរបរបំផ្លាញធនធានធម្មជាតិជា

សម្បត្តិទ្រព្យជាតិខ្មែរ ចាប់ពីខ្ទង់ពាន់ដុល្លារ ដល់រាប់លានដុល្លារម្នាក់ៗ ដើម្បីធ្វើបដិការគុណចំពោះលោក ហ៊ុន សែន វិញ ដែលបានជួយគេក្លាយជាសេដ្ឋី។ ក្នុងកម្មវិធីផ្សាយ ទូរទស្សន៍ជាតិកម្ពុជា គេឃើញ គេឮមានឈ្មោះឧកញ៉ាជាច្រើន តែពុំមានកូនចៅ បងប្អូនលោក ហ៊ុន សែន និង ឧកញ៉ាឯទៀត បរិច្ចាគអំណោយនៅឡើយទេ។

សប្តាហ៍នេះ សូមជូនចំនួនទឹកប្រាក់ដាក់ទុនក្នុងក្រុមហ៊ុនត្រកូល ហ៊ុន ជាបន្តទៅទៀត៖

១. ហ៊ុន សេងនី ប្អូនស្រីលោក ហ៊ុន សែន ដាក់ទុនចុះបញ្ជីប្រមាណជាង ១លានដុល្លារ លើក្រុមហ៊ុនចំនួន ១៣។ ក្រុមហ៊ុនខ្លះ មិនបានបង្ហាញអំពីទឹកប្រាក់ដាក់ទុនទេ។

២. ពេជ្រ ចន្ទមុនី ភរិយាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់ទុនក្នុងរបរចំនួន ៨ក្រុមហ៊ុន មានទឹកប្រាក់ជិត ៤សែនដុល្លារ។ ក្រុមហ៊ុនខ្លះមិនបង្ហាញអំពីទឹកប្រាក់ទេ។

៣. សេង គាង អតីតភរិយា ឌី ចូច ហៅ ហ៊ុន ចូច ដាក់ទុនក្នុងមុខរបរក្រុមហ៊ុន រិទ្ធ មុនីសំ ណាង លាភសេង គាង អភិវឌ្ឍន៍Grand Harvest International មានទឹក ប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារ។

៤. ឧត្តមសេនីយ៍ ឧកញ៉ា ទ្រី ភាព ជិតស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន មិនបង្ហាញទឹកប្រាក់ដាក់ទុនតាមផ្លូវការទេ ប៉ុន្តែ សកម្មជនបរិស្ថានថា ក្រុមហ៊ុន ទ្រី ភាព គ្រុប កាប់ឈើ ឬ ទទួលទិញឈើប្រណីត និង ឈើលេខ១ ពីរោងអារឈើ តា ជុនតា ហ៊ាញ (ម្តុំភ្នំសំកុស ភ្នំខ្មោច ភ្នំឱរ៉ាល់), ខ្សាច់ពូក, ក្សេត្របុរី ក្នុងតំបន់ អភិរក្សនៅខេត្តពោធិ៍ សាត់ ដែលមានទឹកប្រាក់ជិត ១២៦លានដុល្លារ ពីឆ្នាំ២០១៨ ដល់ ២០១៩។ ទ្រី ភាព លក់ឈើឲ្យឈ្មួញយួនឈ្មោះ ង្វៀង លីហ្វ័ងសាង តាមរយៈឈ្មួញកណ្តាល ឧកញ៉ា តាំង អៀង និង សេង សុខលៀង។

៥. លោក ហ៊ុន ណេង បងប្រុសលោក ហ៊ុន សែន ក្នុងនាមសមាជិករដ្ឋសភា មានបណ្តាញរកស៊ីឈើជាមួយក្រុមហ៊ុនចិនដាំអំពៅ រុយ ហ្វេង ដោយប្រើដៃជើងបង្វែងដាន មានក្មួយ និង កូនប្រុសសមាជិករដ្ឋសភា អ៊ុន នីង គិតជាទឹកប្រាក់ប្រមាណ ៣០លានដុល្លារ។

៦. ជា ពៅ ម្ចាស់ក្រុមហ៊ុនក្តារបន្ទះ Angkor Plywood ទទួលទិញឈើពីក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលទិញពីម្ចាស់រោងអារឈើ សេង គាង ឧបត្ថម្ភឈើដោយក្រុមហ៊ុន PNT និង ធី ង៉ា

ពីតំបន់ព្រៃឡង់ គ្រប់គ្រងដោយឧកញ៉ា ឡេង រិទ្ធី មានទឹកប្រាក់ជាង ៨៩លានដុល្លារ។

៧. វិនិយោគិនតៃវ៉ាន់ លូ ជូឆាង (Lu Chu Chang) រកស៊ីនឹងវិនិយោគិនកូរ៉េខាងត្បូង គីម ហ្វ័ងឆឹល (Kim Hwang Cheul), កាង មិនគូ (Kang Minku), ជុង វ៉ានគី (Chung Hwan Ki) ព្រមទាំង

ឧកញ៉ា ជា ពៅ និង ជា ស័ង្កធីតា ពីឆ្នាំ២០១៣ មកទល់ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណ ៥រយលានដុល្លារ។ គេបានជួយក្រសួង កសិកម្ម ២លានដុល្លារ នៅខែកញ្ញា ឆ្នាំ២០១៩។

៨. ក្រុមឧកញ៉ាកាប់ឈើនៅប៉ែកឦសាន ម្តុំភ្នំព្រេច ឈ្មោះ ស៊ឹង សំអុលធី រិទ្ធិសីប៉ោ សំអឿន, និង តុប វិរដា រកស៊ីឈើនឹងក្រុមហ៊ុនយួនពីខែកញ្ញា ២០១៨ ដល់ខែកក្កដា ២០១៩ មានទឹកប្រាក់ ១០០លានដុល្លារ។

សេចក្តីរាយការណ៍ នៅមានត។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ៉ាស៊ិនតុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស