31 C
Phnom Penh

ពលរដ្ឋអះអាងថា ក្លឹបកម្សាន្ត ឬក្លឹបខារ៉ាអូខេ KTV បន្តបើកធ្វើអាជីវកម្មរាល់យប់នៅខេត្តកំពត ដោយមិនខ្វល់បទបញ្ជា របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅទីប្រជុំជនខេត្តកំពត បានអះអាងថា ក្លឹបកម្សាន្តច្រៀងរាំ និងក្លឹបម៉ាស្សាខារ៉ាអូខេ ឬKTV បានបន្តបើកធ្វើអាជីវកម្មជារៀងរាល់រាត្រី ដោយម្ចាស់អាជីវកម្មទាំងនោះ មិនខ្វល់នឹងបំរាម របស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យបិទការធ្វើអាជីវកម្មក្លឹបកំសាន្តនានាជាបណ្តោះអាសន្ន ដើម្បីបង្ការទប់ស្កាត់វីរុសកូវីដ-១៩នោះ។

ពួកគេដាក់ជាសំណួរថា ហេតុអ្វីបានជា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពត សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះមិនព្រមអនុវត្តតាមបទបញ្ជារបស់ លោក ហ៊ុន សែន ដែលបញ្ជាឲ្យបិទក្លឹបកម្សាន្តខារ៉ាអូខេ ឬខេ.ធី.វី (KTV) ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល ការឆ្លងវីរុសកូវីដ-១៩បែបនេះទៅវិញ។

ពលរដ្ឋរស់នៅក្រុងកំពត បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ក៏ដូចជា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអង្កេត សកម្មភាពការងារ របស់ លោក ជាវ តាយ អភិបាលខេត្តកំពត ជាពិសេស លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ថាតើហេតុអ្វីបានជាមិនព្រមអនុវត្តតាមបទបញ្ជា ស្តីពីការបិទធ្វើអាជីវកម្មក្លឹបកម្សាន្ត និងហាងម៉ាស្សាខារ៉ាអូខេ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩បែបនេះ។

ប្រជាពលរដ្ឋ បានអះអាងថា ក្លឹបកម្សាន្តរាំច្រៀង ឬក្លឹបម៉ាស្សាខារ៉ាអូខេ KTV ដែលកំពុងបើកធ្វើអាជីវកម្មជារៀងរាល់រាត្រី ក្នុងក្រុងកំពត មានដូចជា៖ KTV ខូល , រ៉ូយ៉ាល់, អធិរាជ្យ, ហាន់នី១ និងKTV                 ហាន់នី២ជាដើម គឺបើកធ្វើអាជីវកម្មដោយចំហ ហើយគ្មានការបង្ក្រាបពីសមត្ថកិច្ចម្តងណាទេ។

យ៉ាងនេះក្តី The  Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដើម្បីបំភ្លឺលើករណីខាងលើនេះបានទេ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

បន្ថែមលើនេះ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ  ក៏បានបញ្ជាឲ្យ អភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ចុះពិនិត្យគ្រប់ហាងបើកធ្វើអាជីវកម្ម ពីការអនុវត្តវិធានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ លោក ហ៊ុន សែន ព្រមានថា បើមិនអនុវត្តត្រឹមត្រូវ ហាងទាំងនោះនឹងប្រឈមបិទទ្វារ។

លោកនាយករដ្ឋមន្ត្រី ព្រមានដូច្នេះ  ក៏ដោយសារតែ ការឆ្លងជំងឺកូវីដ-១៩ជាច្រើនករណីថ្មីៗនេះ ដោយសារហាងមួយចំនួន មិនអនុវត្តវិធានសុវត្ថិភាព ឲ្យបានត្រឹមត្រូវទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស