40.3 C
Phnom Penh

លីកាដូថា ចាប់តាំងពីរំលាយគណបក្សសង្រ្គោះជាតិមក ការ បង្ក្រាប និងរឹតត្បិតសេរីភាពរបស់សកម្មជន និងអ្នកការពារសិទិ្ធមនុស្សកាន់តែអាក្រក់ជាមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថាចាប់តាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជា ក្នុងរយៈពេលបីឆ្នាំមកនេះ ពោលគឺចាប់តាំពីដើមឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ការបង្ក្រាប និងរឹតត្បិតសេរីភាពរបស់សកម្មជន និងអ្នកការពារសិទិ្ធមនុស្ស កាន់តែអាក្រក់ជាងមុន ។

ក្នុងរបាយការណ៍សង្ខេបមានកម្រាស់ជាង៣០ទំព័រ របស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ក្រោមចំណងជើងថា «ការតស៊ូដើម្បីសេរីភាព» រកឃើញថា ការរំលោភបំពានអ្នកការពារសិទិ្ធមនុស្ស ២០១៨-២០២០ គឺបានបង្ហាញពីការព្រឹត្តិការណ៍នៃការរំលោភសិទ្ធិមនុស្សសំខាន់ៗ ដែលកើតឡើងក្នុងរយៈពេល៣ឆ្នាំមកនេះ។ 

លីកាដូនិយាយថា ចាប់តាំងខ្លួនបានចេញផ្សាយរបាយការណ៍ចុងក្រោយ ស្ដីពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្សពីសំណាក់អាជ្ញាធររដ្ឋមក តុលាការក៏បានរំលាយគណបក្សជំទាស់ធំជាងគេគឺ គណបក្សសង្គ្រោះជាតិ (CNRP)។

បន្ទាប់មកទៀត អាជ្ញាធរបានបន្តបង្ក្រាប និងរឹតត្បិតសេរីភាពរបស់សកម្មជន និងអ្នកការពារសិទិ្ធមនុស្សដែលមិនមែនជាអ្នកនយោបាយងាយរងគ្រោះកាន់តែខ្លាំងជាមុន ។

អង្គការសិទ្ធិមនុស្សមួយនេះបន្តថា  របាយការណ៍នេះ មិនបានរៀបរាប់ឱ្យអស់នូវព្រឹត្តិការណ៍នៃការរំលោភបំពានលើអ្នកការពារសិទិ្ធមនុស្សចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។

ក៏ប៉ុន្តែរបាយការណ៍សង្ខេបរបស់ខ្លួន បានលើកឡើងនូវករណីសំខាន់ៗជាច្រើន ដែលអ្នកការពារសិទិ្ធមនុស្សត្រូវបានគេគំរាមកំហែង ចាប់ ឬឃុំខ្លួន ដោយសារអ្នកទាំងនោះអនុវត្តនូវសិទិ្ធសេរីភាពរបស់ពួកគេក្នុងការជួបជុំ ប្រមូលផ្តុំ និងបញ្ចេញមតិ ដោយអហិង្សា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ។

របាយការណ៍សង្ខេបនេះអះអាងថា ការចាប់ និងឃុំខ្លួនអ្នកការពារសិទិ្ធមនុស្សជាច្រើននាក់ នៅក្នុងអំឡុងពេល ៦ខែចុងក្រោយនៅឆ្នាំ២០២០នេះ គឺជាការកើនឡើងដ៏ខ្ពស់បំផុតមួយនៃការបង្ក្រាបលើការ               តស៊ូមតិ និងភាពសកម្មនិយមអហិង្សា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ដែលត្រូវបានធ្វើឡើងដោយអាជ្ញាធររដ្ឋ ។

ប្រភពដដែលបន្តថា ទោះបីជាគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភា និងរាជរដ្ឋាភិបាលក៏ដោយ ប៉ុន្តែពលរដ្ឋនៅតែបន្តតស៊ូ និងក្រោកឈរដើម្បីទាមទារឱ្យមានការគោរព និងការពារនូវសិទិ្ធមនុស្សជាមូលដ្ឋានរបស់ពួកគេ។

ការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីចុងខែកក្កដា បន្ទាប់ពីលោកបានចូលរួមក្នុងការតវ៉ារបស់កម្មកររោងចក្រនៅតាមដងផ្លូវ និងបានទៅទស្សនកិច្ចនៅក្នុងសហគមន៍កសិករនៅតាមព្រំដែនកម្ពុជា-វៀតណាម បានធ្វើឱ្យមានការតវ៉ាជាច្រើន ស្នើសុំឱ្យដោះលែងរូបលោក ។

ក្នុងរបាយការណ៍នេះ ក៏បានស្រង់សម្តីរបស់ក្មួយប្រុសរបស់លោករ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ដោយអះអាងថា គ្រួសារលោកសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន ។

លោក បន្តថា ចំពោះទង្វើក៍ដូចជាសកម្មភាព របស់លោករ៉ុង ឈុន កន្លងមក គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ កម្មករ-កម្មការិនី លោកគ្រូ អ្នកគ្រូ តែប៉ុណ្ណោះ គាត់មិនបានទៅបំពានច្បាប់ដូចអ្វីដែលអាជ្ញាធរចោទប្រកាន់ឡើយ។

យុវជនជាសកម្មជនមកពីក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀត ដែលត្រូវបានឃុំខ្លួន ក្រោយពេលលោកបានអំពាវនាវឱ្យមានការដោះលែង លោក រ៉ុង ឈុន ។

ម្តាយរបស់លោក ហ៊ុន វណ្ណៈ អ្នកស្រី ទី ម៉ារី បានលើកឡើងក្នុងរបាយការណ៍ដដែល ថាកូនប្រុសរបស់អ្នកស្រី គ្រាន់តែធ្វើការងារដើម្បីជួយដល់សង្គមតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយកូនអ្នកស្រីគ្រាន់តែស្នើឱ្យដោះលែងលោក រ៉ុង ឈុន ប៉ុណ្ណោះ។

អ្នកស្រី មានការឈឺចាប់ ក្រោយឃើញអាជ្ញាធរចាប់ខ្លួនកូនអ្នកស្រី ដោយអយុត្តិធម៌។ អ្នកស្រី ក៏ស្នើឱ្យរដ្ឋាភិបាលដោះលែងកូនប្រុសរបស់អ្នកស្រី ឱ្យមានសេរីភាពឡើងវិញផងដែរ។

លីកាដូនិយាយទៀតថា ច្បាប់ដែលមានលក្ខណៈរឹតត្បិតជាច្រើន ត្រូវបានអនុម័តនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ច្បាប់ទាំងនោះ បានរឹតត្បិតនូវសេរីភាព និងសិទិ្ធមនុស្សជាមូលដ្ឋានកាន់តែខ្លាំង ហើយច្បាប់ទាំងនេះត្រូវបានអនុវត្តដោយតុលាការ ដែលសាធារណជនយល់ថាមិនមានឯករាជ្យភាពផ្នែកនយោបាយ ។

ស្ថានភាពនេះ បានធ្វើឱ្យបាត់បង់ស្ទើរតែទាំងស្រុងនូវលំហសិទិ្ធសេរីភាពសម្រាប់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេស ។

នៅចំពោះមុខនៃការប្រឈមនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងបង្ក្រាបយ៉ាងខ្លាំង អ្នកការពារសិទិ្ធមនុស្សជាច្រើន ដែលជាកសិករ កម្មករ សិស្សនិស្សិត ព្រះសង្ឃ សហគមន៍ព្រៃឈើ សហគមន៍ដីធ្លី អ្នកសារព័ត៌មាន នៅតែបន្តតស៊ូដើម្បីសិទិ្ធសេរីភាពជាមូលដ្ឋានរបស់អ្នកទាំងនោះ ។

អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយនេះថា អ្នកការពារសិទិ្ធមនុស្សជាច្រើនបានលះបង់ពេលវេលាជាច្រើនឆ្នាំ រស់នៅយ៉ាងលំបាកក្នុងពន្ធនាគារដែលមានភាពចង្អៀតណែន។ រីឯអ្នកការពារសិទិ្ធមនុស្សផ្សេងទៀត បានប្រឈមទៅនឹងការវាយដំលើរូបរាងកាយ និងគំរាមកំហែងដល់អាយុជីវិត ។

របាយការណ៍នេះក៏បានរៀបរាប់អំពីរឿងរ៉ាវរបស់អ្នកទាំងនោះ និងបង្ហាញដល់សាធារណជន អំពីស្ថានភាពស្ទើរតែគ្មានលំហសិទិ្ធសេរីភាពទាល់តែសោះ សម្រាប់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន អះអាងថា គេគប្បីអប់រំពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិ និងច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងការអនុវត្តសិទ្ធិដោយបំពាន បះពាល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដែលអាចនាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញកង្វល់របស់ខ្លួនអំពីការរឹតបន្តឹងសិទ្ធិបញ្ចេញមតិ។ ការគំរាមកំហែងដល់អ្នកឃ្លាំមើលសិទ្ធិមនុស្ស ក្រោយពីមានការចាប់ខ្លួនមនុស្ស ២១នាក់ ក្នុងនោះមានទាំងព្រះសង្ឃយុវជនក្រុមខ្មែរថាវរៈ ក្រុមយុវជនមាតាធម្មជាតិ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អ្នកចម្រៀងរ៉េប វ័យក្មេងនៅខេត្តសៀមរាប សកម្មជននយោបាយ រួមទាំងការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ជាដើម។

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះ បានអំពាវនាវជាថ្មីទៀតឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាលក្ខណៈប្រព័ន្ធ និងធានាពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិដែលរដ្ឋាភិបាលបានទទួលស្គាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស