រដ្ឋាភិបាលកម្ពុជាអះអាងថា ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានសម្រេចថា នឹងមិនបន្តអនុវត្តន៍ការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA មកលើកម្ពុជាទៀតទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៧ ខែធ្នូ ឱ្យដឹងថា ការសម្រេចនេះ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ជាមួយឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពចក្រភពអង់គ្លេស និងអៀឡង់ខាងជើង អ្នកជំទាវ Tina Redshaw កាលពីថ្ងៃទី១៦ខែធ្នូ។
អ្នកស្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា នឹងមិនបន្តអនុវត្តន៍ការព្យួរមួយផ្នែកនៃប្រពន្ធ័អនុ គ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ។
សេចក្តីប្រកាសព័ត៌មាននោះថា ការសម្រេចនេះ ដោយចក្រភពអង់គ្លេសបានមើលឃើញ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។
អ្នកស្រីថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។
ប្រភពដដែលបានដកស្រង់សម្តីរបស់ លោក ប្រាក់ សុខុន ដោយបានចាត់ទុកការសម្រេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រដ្ឋាភិបាល កម្ពុជាបន្ថែមទៀត។ លើសពីនេះ លោកថា ការសម្រេចចិត្តនេះ គឺពិតជាដំណឹងល្អសម្រាប់កម្មករកម្ពុជា នៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយ នៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។
ឧបនាយករដ្ឋមន្រ្តីរូបនេះថា កម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេសទាំងលើវិស័យ ទ្វេភាគី និងពហុភាគី។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចអនុវត្តនីតិវីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាជាផ្លូវការ។ ការសម្រេចនោះ ដោយអឺរ៉ុបរកឃើញថា កម្ពុជាបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាលក្ខណៈជាប្រព័ន្ធចាប់តាំងពីចុងឆ្នាំ២០១៧មក។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីសីហា អឺរ៉ុបបញ្ជាក់ថាវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នោះ គឺគ្រាន់តែជាវិធានការដំបូងប៉ុណ្ណោះ ប៉ុន្តែកម្ពុជានឹងមានឱកាសទទួលបានប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ពេញលេញវិញ ប្រសិនបើអឺរ៉ុបមើលឃើញថាកម្ពុជាមានការគោរពសិទ្ធិមនុស្សត្រឹមត្រូវ និងដើរលើផ្លូវគន្លងប្រជាធិបតេយ្យពិតប្រាកដឡើងវិញ៕