30 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា អ្នកដឹកនាំនយោបាយជាន់ខ្ពស់នៅកម្ពុជា គួររួបរួមគ្នាសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្ត្រ ដើម្បីអនាគតកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អំពាវនាវឲ្យអ្នកដឹកនាំនយោបាយជើងចាស់ដែលធ្លាប់ហែលឆ្លងបទពិសោធន៍យ៉ាងជោគជាំ គួរតែរួបរួមគ្នាកសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្តជាតិ ដើម្បីរៀបចំថ្នាលបណ្តុះប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាសម្រាប់អ្នកជំនាន់ក្រោយ។

ប្រធានគណៈកម្មាធិការនាយកគណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា បច្ចុប្បន្នមានអ្នកដឹកនាំនយោបាយខ្មែរ៤ រូប ដែលលោកសំដៅដល់ លោក ហ៊ុន សែន សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ លោក សម រង្ស៊ី និងលោក កឹម សុខា។ លោកថាឥស្សរៈជននយោបាយទាំង៤រូប ដែលធ្លាប់មានឥទ្ធិពលនយោបាយតាំងពីឆ្នាំ១៩៩៣មក ហើយដែលនឹងបន្តឥទ្ធិពលរបស់ពួកគេនៅ អាណត្តិទី៧ ក្នុងឆ្នាំ ២០២៣ ខាងមុខបន្តទៀត។

លោក លើកឡើងថា លោក ហ៊ុន សែន បានបង្ហើបពីអ្នកដែលអាចបន្តវេនជាបេក្ខជននាយករដ្ឋមន្រ្តីបន្ទាប់ពីរូបលោក នោះគឺលោក អូន ព័ន្ធមុនីរ័ត្ន។

ចំណែកសម្តេចក្រុមព្រះបានតែងតាំងព្រះរាជបុត្ររបស់ព្រះអង្គ ជាអនុប្រធានគណបក្សរបស់ខ្លួន រីឯលោក សម រង្សី ហាក់បន្តប្រកាន់ជំហរ សម រង្សី និងកឹម សុខា តែមួយដដែល។ ខណៈ លោក កឹម សុខា ដែលមិនទាន់មានសេរីភាពខាងនយោបាយ ក៏មិនទាន់បានបញ្ជាក់ជំហររបស់លោកនៅឡើយទេ ប៉ុន្តែលោកបានបង្ហាញពីការតស៊ូមតិជាច្រើនដែលឆ្លុះបញ្ចាំងពីនយោបាយអហិង្សា និងស្មារតីឯកភាពជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងតែជាប់គាំង សព្វថ្ងៃនេះ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក ក៏បានត្រៀមខ្លួនជានិច្ចក្នុងការប្រកួត និងសហការតាមបែបវប្បធម៌នយោបាយថ្មី។ ជាពិសេសផ្តោតលើការប្រកួតប្រជែងគោលនយោបាយល្អៗ ដើម្បីដោះស្រាយបញ្ហាសង្គមជាតិ និងសហការគ្នាផ្តល់ឱកាសឲ្យអ្នកជំនាន់ក្រោយអាចប្រកួតប្រជែង ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក បានលើកជាសំនួរថា តើអ្នកនយោបាយឆ្នើមៗទាំងនេះ អាច អនុវត្តវប្បធម៌នយោបាយថ្មី ដើម្បីដោះស្រាយបញ្ហាជូនជាតិមាតុភូមិនៅក្នុងឆ្នាំ ២០២៣ ឬ ក្រោយឆ្នាំ ២០២៣ បានដែរឬទេ?

ការអះអាងនេះធ្វើឡើង បន្ទាប់ លោក ហ៊ុន សែន បានលើកឡើងអំពីអនាគតអ្នកដែលអាចដឹកនាំកម្ពុជា បន្ទាប់ពីរូបលោក ខណៈលោកបានកាន់កាប់អំណាចអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០  លោក ហ៊ុន សែន បានលើកឡើងក្នុងការផ្សាយផ្ទាល់ពិសេស ទាក់ទងនឹងស្ថានការណ៍ជំងឺកូវីដ១៩ និងការបញ្ជាទិញថ្នាំបង្ការនៃជំងឺនេះ លោក បានឆ្លៀតលើកឡើងអំពីអនាគតអ្នកដឹកនាំកម្ពុជា បន្ទាប់ពីរូបលោកផងដែរ។

ជាងនេះទៀត លោក ហ៊ុន សែន បញ្ជាក់ថា លោក អូន ពាក់មុនីរ័ត្ន ដែលធ្លាប់ជាលេខាផ្ទាល់របស់លោក រហូតក្លាយជាឧបនាយករដ្ឋមន្ត្រី ហើយអាចចូលរួមប្រជុំអាស៊ាន ជំនួសរូបលោកទៀតនោះ តើនោះជាសារបញ្ជាក់ពីអ្វីទៅ?  លោកសួរបញ្ជាក់ថា តើក្នុងចំណោមឧបនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន អ្នកណាដែលមានអាយុតិចជាងលោកទៀតនោះ?

លោកបញ្ជាក់ថា លោក អូន ព័ន្ធមុន្នីរ័ត្ន ដែលឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបនៅថ្ងៃអនាគត ហើយបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតក្នុងជួរគណបក្សប្រជាជនកម្ពុជា គឺមានជាច្រើនទៀត មិនមែនមានតែកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត តែម្នាក់នោះឡើយ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា  លោកគាំទ្រឲ្យអ្នកនយោបាយទាំងនោះ ក្នុងការអនុវត្តវប្បធម៌នយោបាយថ្មី ដើម្បីបង្កើតគោលនយោបាយល្អៗ ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាឲ្យបានរីកចម្រើនទៅមុខឲ្យបានឆាប់រហ័ស។

លោក ម៉ែន ណាត អះអាងថា លោកឯកភាព និងគាំទ្រនូវការលើកឡើងរបស់លោក យ៉ង សាំងកុមារ ត្បិតនោះគឺជាដំណោះស្រាយដែលអាចបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ក៏ជាវិធីសាស្ត្រអាចឲ្យអ្នកយោបាយខ្មែររួបរួមសាមគ្គីគ្នាជាថ្មី ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ ទៀតផង។

ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ងាកមករកការចរចាសម្រុះសម្រួលរវាងខ្មែរ និងខ្មែរ រកការឯកភាព ដើម្បីរុញច្រាននាវាកម្ពុជាឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងធានាបាននូវការរក្សា អធិបតេយ្យភាព ឯករាជជាតិ និងបូរណភាពទឹកដី ជានិរន្ត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស