ភរិយានាយឧត្តមសេនីយ៍ អ៊ី ឈាន ដែលជាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហមមួយរូប គឺអ្នកស្រី បាន ស្រី មុំ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តប៉ៃលិន។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី នៅថ្ងៃទី១៨ខែធ្នូនេះ បានសម្រេចតែងតាំងអ្នកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដោយអភិបាលខេត្តចាស់ត្រូវផ្ទេរមកឱ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។
ភរិយាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហម អ្នកស្រី បាន ស្រីមុំ គឺជាស្រ្តីទី២ហើយ ដែលបានក្លាយជាអភិបាលខេត្តក្នុងពេលបច្ចុប្បន្ន ខណៈស្រ្តីទី១ ជាអភិបាលខេត្តកោះកុង បច្ចុប្បន្ន គឺអ្នកស្រី មិថុនា ភូថង ។
អ្នកស្រី បាន ស្រីមុំ កើតក្នុងឆ្នាំ១៩៧៥ និងមានស្រុកកំណើត នៅខេត្តប៉ៃលិន ហើយអ្នកស្រី ក៏ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនផងដែរ។
អ្នកស្រី ជាភរិយាក្រោយរបស់លោក អ៊ី ឈាន បច្ចុប្បន្ន ដែលជាមនុស្សជំនិតមេដឹកនាំកំពូលសម័យខ្មែរក្រហម ឈ្មោះ សាឡុត សរ ហៅ ប៉ុល ពត។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលសម័យខ្មែរក្រហមមួយរូបដែរនោះ បានបង្ហើបឱ្យដឹងថា ការកម្ចាត់កម្លាំងខ្មែរក្រហមចុងក្រោយ បើកុំតែមានការជួយជ្រោមជ្រែងពីលោក អ៊ី ឈាន ម្លេះកម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញមិនអាចយកឈ្នះលើកម្លាំងចុងក្រោយរបស់ពួកខ្មែរក្រហមបានឡើយ។
ក្រោយពេល បានតែងតាំងជាចៅហ្វាយខេត្ត នៃដែនដីត្បូងពេជ្រថ្មី អ្នកស្រី បាន ស្រីមុំ ដាក់ពាក្យសុំលាលែងពីតំណែងតំណាងរាស្រ្តផងដែរ។
ក្រៅពីអ្នកស្រីបាន ស្រីមុំ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយរូបទៀត និងជាកូនប្រុសបង្កើតរបស់លោក សុខ អាន គឺ លោក សុខ សូកាន ក៏បានដាក់ពាក្យសុំលាលែងពីតំណែងជាតំណាងរាស្រ្តផងដែរ។ បន្ទាប់ពីលាលែងពីតំណែងតំណាងរាស្ត្រ លោក សុខ សូកាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់តែម្តង៕