29 C
Phnom Penh

តៃវ៉ាន់ស្ថិតក្នុងស្ថានភាពបារម្ភកាន់តែខ្លាំងឡើងពីការលុកលុយដោយកងទ័ពចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយះពេលប៉ុន្មានសប្ដាហ៍មកនេះចុងក្រោយនេះ តៃវ៉ាន់ស្ថិតក្នុងស្ថានភាពព្រួយបារម្ភជាខ្លាំងពីការបើកការវាយលុកដើម្បីដណ្ដើម កាន់កាប់ដែនកោះនេះត្រលប់មកវិញពីសំណាក់កងទ័ពរំដោះប្រជាជនចិន។

ក្នុងហេតុផលនេះសារព័ត៌មានរបស់ តៃវ៉ាន់គឺTaiwan News បានចុះផ្សាយថាក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថាខ្លួនទោះជាខ្លាចកើតមានសង្គ្រាម បង្ករឡើងដោយប្រទេសចិនក៏ដោយប៉ុន្ដែក្នុងស្មារតីនិងកាតព្វកិច្ចដើម្បីការពារដែនអធិបតេយ្យរបសខ្លួនគឺត្រូវតែ បញ្ចេញសមត្ថភាពដើម្បីទប់ទល់ក្នុងពេលដែលដែនកោះនេះធ្លាក់ក្នុងសង្គ្រាម។

ក្នុងន័យនេះហើយដែលក្រសួង ការពារជាតិតៃវ៉ាន់បានឲ្យសារព័ត៌មានក្នុងស្រុកមួយអោយដឹងថាយ៉ាងតិចរថក្រោះ១២០០គ្រឿងត្រូវបានដាក់ ឲ្យត្រៀមដើម្បីយកទៅដាក់ពង្រាយភ្លាមៗនៅតាមឆ្នេរច្រកសមុទ្រតៃវ៉ាន់ប្រឈមនិងទីក្រុងប៉េកាំង។

បន្ថែមលើនេះ ការពង្រាយប្រព័ន្ធកាំជ្រួចដើម្បីបាញ់យន្ដហោះចម្បាំងនិងបាញ់កំទេចនាវាចម្បាំងក៏បានរៀបរយរួចរាល់អស់ហើយ។មកដល់ពេលនេះទៀតគ្រូបង្វឹកនៃកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបានកំពុងហ្វឹកហាត់កងទ័ពតៃវ៉ាន់ទាំងទ័ព ជើងទឹកនិងទ័ពជើងអាកាសក្នុងស្ថានភាពនៃការត្រៀមដើម្បីទប់ទល់និងការបង្ករសង្គ្រាមពីសំណាក់កងទ័ពនៃប្រទេស ចិន។

Taiwan News បានចុះផ្សាយទៀតថាក្រសួងការពារជាតិរបស់ដែនដីកោះតៃវ៉ាន់បានត្រៀមរូងដីនិងលានដ្ឋានក្រោមដីជាច្រើន កន្លែងដើម្បីជំលៀសប្រជាជននៃដែនដីមួយនេះគេចពីការបាញ់ផ្លោងវាយប្រហារពីសំណាក់កងទ័ពចិន។ ប្រភពដដែលនេះបានបញ្ជាក់ថារូងដីទាំងអស់សុទ្ធតែមានផ្លាកសញ្ញាប្រាប់ប្រជាជនឲ្យដឹងថាត្រូវគេចខ្លួនដើម្បីសុវត្ថិភាពយ៉ាងឆាប់បំផុតបើអាសន្ននៃសង្គ្រាមធ្លាក់មកដល់។

ប្រជាជនតៃវ៉ាន់មានជាង២៣លាននាក់។កាលពីថ្មីៗនេះការស្ទង់មតិមួយធ្វើឡើងដោយក្រុមប្រឹក្សាដើម្បី ប្រជាជនតៃវ៉ាន់គឺបានបង្ហាញថាប្រជាជនជាង៧០ភាគរយបានគាំទ្រជំហររបស់រដ្ឋាភិបាលរបស់អ្នកស្រី សាយអ៊ឹងវ៉ិន ដែលត្រៀមដើម្បីសង្គ្រាមការពាររដ្ឋអធិបតេយ្យរបស់ខ្លួន។

ពលរដ្ឋតៃវ៉ាន់ភាគច្រើនបាន សម្ដែងការព្រួយបារម្ភខ្លាចក្រែងដែនដីរបស់ពួកគេដែលរស់នៅដោយមានសេរីភាពមានប្រជាធិបតេយ្យ គឺខ្លាចធ្លាក់ក្នុងការគ្រប់គ្រងរបស់ចិនគឺដូចទីក្រុងហុងកុងតែទីបំផុតទីក្រុងប៉េកាំងគាបសង្កត់ធ្វើទុក្ខ បុកម្នេញយ៉ាងខ្លាំង។

ប្រជាជនតៃវ៉ាន់ដែលគាំទ្រគណបក្សកាន់អំណាចរបស់លោកស្រីសាយអឹង វិន បានសំរេចទំលាក់សន្លឹកឆ្នោតឲ្យលោកស្រីសាយអឹង វិនម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១១មករាឆ្នាំ២០២០ដែលជ័យជំនៈភ្លូកទឹកភ្លូកដីនាំឲ្យអ្នកស្រីសាយ អឹង វិនក្លាយជាប្រធានាធិបតីមួយអាណ្ណត្តិទៀតហើយនាំឲ្យអ្នកស្រីកាន់តែមានស្មារតីនិងបង្ហាញភាពក្លាហាន បន្ដដឹកនាំកោះតៃវ៉ាន់ទប់ទល់និងការគំរាមកំហែងពីសំណាក់បក្សកុម្មុនីយស្ដិ៍ចិន។

នៅពេលដែលអ្នកស្រី សាយ អឹងវិន ក្លាយជាប្រធានាធិបតីភ្លាមក្នុងអាណត្តិទីពីរកងទ័ពចិនកាន់តែបង្កើនកំលាំងបង្ហាញការគំរាមកំហែងកាន់ តែខ្លាំងក្លាលើដែនកោះនេះ។

ចិនបានធ្វើសមយុទ្ធយ៉ាងញឹកញាប់ដោយប្រើប្រាស់នាវាចម្បាំង យន្ដហោះចម្បាំងជាច្រើនគ្រឿងឡោមព័ន្ធដែនកោះតៃវ៉ាន់ដែលមើលទៅគឺសឹងតែបញ្ឆេះសង្គ្រាមវាយលុកដែនកោះនេះតែម្ដងឲ្យតែមានការវាយប្រហារពីសំណាក់កងទ័ពតៃវ៉ាន់។

ប្រធានាធិបតីចិនហ្សី ជីនភីង ដែលជាបុរសខ្លាំងនៅក្នុងបក្សកុម្មុយនីស្ដិ៍ចិនគឺថ្មីៗនេះបានប្រាប់ទៅកាន់កងទ័ពរបស់លោកឲ្យត្រៀមប្រយុទ្ធគ្រប់ កាលៈទេសៈទាំងអស់ដែលលោកថាសង្គ្រាមដើម្បីបង្រួបបង្រួមជាតិទំនងមិនជៀសមិនរួចឡើយ។

លោកហ្សីជីនភីងបានប្រាប់ទៅកងទ័ពរបស់លោកថាមិនត្រូវសម្រក់ទឹកភ្នែកនៅក្នុងសមរភូមិដាច់ខាតព្រោះសង្គ្រាមក៏នាំមកនូវសន្ដិភាពដែរហើយក៏នាំមកនូវការបង្រួបបង្រួមជាតិដែរ។

បែបណាក៏ដោយតៃវ៉ាន់ដែលមានអំនួតក្នុងការទប់ទល់ការបង្ករសង្គ្រាមពីសំណាក់ប្រទេសចិនក៏អាស្រ័យទៅលើការជួយជ្រុមជ្រែងពីរដ្ឋការដូណាល់ត្រាំផងដែរ។តែឥឡូវនេះនៅសល់ប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះលោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមានហើយលោកចូលបាយឌិនប្រធានាធិបតីជាប់ឆ្នោតនិងចូលមកជំនួស។

រដ្ឋាភិបាលកោះតៃវ៉ាន់បានប្រកាសថាទោះបីប្រធានាធិបតីឬក៏បក្សណាក៏ដោយគឺទាំងសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យគឺតៃវ៉ាន់សង្ឈឹមថានៅតែជួយការពារតៃវ៉ាន់ជានិច្ចព្រោះសន្និសញ្ញា១៩៧៩បានផ្ដល់ឲ្យសហរដ្ឋអាមេរិកជួយតៃវ៉ាន់ក្នុងការហ្វឹកហ្វើនទាំងកងទ័ពនិងទាំងការលក់សព្វាវុធទៅឲ្យ តៃវ៉ាន់ក្នុងរូបភាពនៃការជួយសន្ដិសុខច្រកសមុទ្រកោះតៃវ៉ាន់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស