33.3 C
Phnom Penh

អ្នកឃ្លាំមើល៖ ផែនការទប់ស្កាត់ការឆ្លងកូវីដ១៩ ពីប្រទេសថៃរបស់លោក ហ៊ុន សែន គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់ចាបពីរប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គមនិយាយថា ការរៀបចំបញ្ចេញ រថយន្តកងទ័ព និងកងទ័ពជាច្រើន ក្រោមបញ្ជារបស់លោក ហ៊ុន សែន មិនមែនគ្រាន់តែជាការត្រៀមទទួលពលរដ្ឋដែលកំពុងប្រឈមនឹងព្រឹត្តការណ៍សហគមន៍កូវីដ១៩ ក្នុងខេត្តសាមុតសាខនប្រទេសថៃប៉ុណ្ណោះទេ។  ប៉ុន្តែក៏ជាផែនការ ដើម្បីទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំងផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យអះអាងថា នេះគឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីររបស់លោកហ៊ុន សែន។

ការអះអាងនេះ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន បានបញ្ជាមន្ត្រីយោធា កងកម្លាំងប្រដាប់អាវុធធ្វើដំណើរទៅកាន់ព្រំដែនខ្មែរ-ថៃទាំងយប់កាលពីថ្ងៃម្សិលមិញ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ពីប្រទេសថៃភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសអាសន្នដោយបានបិទខេត្តសាមុតសាខនយ៉ាងប្រញ៉ាប់ប្រញ៉ាល់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះ។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ែន ណាត បញ្ជាក់ថា យុទ្ធនាការមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំងគឺមិនអាចកើតមានជាដាច់ខាត ហើយការប្រកាសធ្វើមាតុភូមិនិវត្តន៍ កន្លងមកគ្រាន់តែជាការប្រកាសខ្យល់ប៉ុណ្ណោះ។ លោកយល់ថា ការធ្វើមាតុភូមិនិវត្តន៍ក្នុងកាលៈទេសៈវិបត្តិជំងឺកូវីដ១៩ ដើម្បីស្វែងរកកិច្ចចរចារ បញ្ចប់វិបត្តិនយោបាយនោះ គឺជារឿងមិនសមហេតុផលទាល់តែសោះ។

គណបក្សសង្រ្គោះជាតិភាគីលោកសម រង្ស៊ី នៅក្រៅប្រទេស ប្រកាសថា ដំណើរមាតុភូមិនិវត្តន៍ដឹកនាំដោយអ្នកស្រី មូរ សុខហួរ គ្រោងមកកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។ ដំណើរវិលមកកម្ពុជាជាថ្មីទៀតនេះ ក្រោយពេលគម្រោងចូលប្រទេសរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ បានបរាជ័យទាំងស្រុង។

យ៉ាងណាគណបក្សសង្រ្គោះជាតិក្រុមលោក សម រង្ស៊ី អះអាងថា ដំណើរមាតុភូមិនិវត្តន៍ម្តងនេះ មិនមែនដើម្បីទាញទម្លាក់លោក ហ៊ុន សែន ពីដំណែងដូចឆ្នាំមុនទេ ប៉ុន្តែដើម្បីស្វែងរកការផ្សះផ្សារជាតិ និងបញ្ចប់ជម្លោះនយោបាយនៅកម្ពុជាផងដែរ។

យ៉ាងនេះក្តី លោក ម៉ែន ណាត ចង់ឃើញមានការចរចាដើម្បីរកដំណោះស្រាយនយោបាយពិតប្រាកដ ពីឥស្សរៈជននយោបាយទាំងនោះ ដែលមិនមែនគ្រាន់តែដើម្បីឈ្នះចាញ់គ្នានោះទេ។ ប៉ុន្តែដើម្បីរកសន្តិភាពជូនជាតិមាតុភូមិ និងផលប្រយោជន៍សម្រាប់ពលរដ្ឋ ក៏ដូចជាការផ្សះផ្សាការប្រេះស្រាំ រវាងជាតិឯងឡើងវិញ។ លើសពីនេះទៀតនោះ គឺដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនផងដែរ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា បើអ្នកនយោបាយមិនអាចរកការចរចារវាងខ្មែរ និងខ្មែរ ដើម្បីបញ្ចប់វិបត្តិនយោបាយបានទេ នោះពន្លឺសន្តិភាព និងសេចក្តីសុខសម្រាប់ពលរដ្ឋខ្មែរក៏មិនអាចកើតមានបានដែរ។

កាលពីថ្ងៃទី២០ ខែធ្នូ លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំលេងប្រវែងជាង ២០នាទី ណែនាំដល់មន្ត្រីយោធាដែលប្រចាំការតាមខេត្តជាប់ព្រំដែនខ្មែរ-ថៃ ត្រូវប្រុងប្រយ័ត្នពីការឆ្លងចូលរបស់ពលរដ្ឋខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃឲ្យបានហ្មត់ចត់ជាទីបំផុត។ កិច្ចការពារបន្ទាន់នេះ ដើម្បីជៀសវាងការចម្លងព្រឹត្តការណ៍សហគមន៍កូវីដ១៩ក្នុងខេត្តសាមុតសាខន ចូលមកកម្ពុជា។

លោកអំពាវនាវឲ្យពលករខ្មែរ ក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេទាំងអស់ ត្រូវផ្អាកធ្វើការឆ្លងដែនបន្ទាន់។ លើសពីនេះ សូមកុំមានការភ័យស្លន់ស្លោ ត្បិតរដ្ឋាភិបាលរបស់លោកបានត្រៀមរួចជាស្រេចនៅការសង្គ្រោះពលរដ្ឋតាមព្រំដែន និងពលករទាំងនោះនៅពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ។ លើសពីនេះទៀត ដើម្បីងាយក្នុងការគ្រប់គ្រងសភាពការណ៍ លោក  ហ៊ុន សែន បានបញ្ជាឲ្យបិទច្រកតាមព្រំដែនខ្មែរ-ថៃទាំងអស់ដោយទុកឲ្យដំណើរការតែ៣ច្រកប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស