ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺលោក អេង ជាសាន មានប្រសាសន៍ថា រដូវធ្វើ ផ្អក ប្រហុក និងត្រីឆ្អើ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ របស់ពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានចូលមកដល់ហើយ។ លោកអំពាវនាវដល់ពលរដ្ឋខ្មែរ នៅទូទាំងប្រទេសដែលមានបំណងចង់ធ្វើត្រីប្រហុក ឬផ្អកជាដើម សូមអញ្ជើញទៅទិញត្រី នៅក្នុងខែបុស្សនេះ ហើយនៅឆ្នាំ២០២០នេះ ទំនងជាត្រីប្រហុក អាចនឹងត្រូវច្រើនជាងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
សេចក្តីជូនដំណឹង របស់រដ្ឋបាលជលផល ស្តីពី “រដូវធ្វើប្រហុក ផ្អក” ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាបរួចមក ឃើញថា នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រី បានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ និងមិនទទួលរងឥទ្ធិពលព្យុះណាមួយនោះទេ។
សេចក្តីជូនដំណឹងដដែលនេះ បន្តថា យោងតាមស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល បានរំលឹកដល់ពលរដ្ឋ សូមអញ្ជើញមកទិញត្រី សម្រាប់ធ្វើប្រហុកផ្អក ឲ្យបានទាន់ពេលវេលា នៅក្នុងខែបុស្សនេះ នៅតាមរាជធានី-ខេត្ត ដូចបានជម្រាបជូនខាងលើនេះ។
បន្ថែមលើនេះ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមជួយបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទះ៕