35 C
Phnom Penh

លោក សម រង្ស៊ី បន្តជេរប្រមាថព្រះមហាក្សត្រ ក្នុងរឿងផ្តល់ថវិកាដល់រដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បន្តប្រមាថព្រះមហាក្សត្រខ្មែរ ដោយប្រដូចព្រះអង្គទៅនឹងទីមោង។

លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែធ្នូ បន្តរិះគន់លោក ហ៊ុន សែន ចំពោះគម្រោងរៃអង្គាសលុយពីប្រជាពលរដ្ឋ ដើម្បីទិញវ៉ាក់សាំង ចាក់បង្ការជំងឺកូវីដ-១៩ ដោយថាជាគម្រោងល្ងីល្ងើ។ លោកបន្តថា គម្រោងនេះបរាជ័យហើយ ពីព្រោះគ្មាននរណាអាចយួរកន្ត្រក ទៅផ្សារទិញវ៉ាក់សាំងកូវីដ១៩ ដូចទិញនំអាកោរនោះទេ។

លោក សម រង្ស៊ី រិះគន់ទៀតថា លោកហ៊ុន សែន មិនដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ អត់មានលក់រាយទេ ហើយបើចង់កុម្ម៉ង់ជាដុំ ពីក្រុមហ៊ុនឱសថ និងមន្ទីរពិសោធន៍ក្នុងលោកសេរី ដែលផលិតវ៉ាក់សាំងទាំងនោះ ត្រូវកក់លុយឲ្យគេ រាប់ពាន់លានដុល្លារ ជាមុនសិន។

អតីតមេបក្សប្រឆាំងដដែល ថាឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ ព្រមទាំងព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចនរោត្តម សីហមុនី ដោយលោក សម រង្ស៊ី ហៅថាជាស្តេចទីងមោងផងដែរ។

ការជេរប្រមាថព្រះមហាក្សត្រខ្មែពីសំណាក់លោក សម រង្ស៊ី នេះ មិនមែនទើបតែកើតមាននោះទេ ត្បិតកាលពីខែកញ្ញា ឆ្នាំ២០១៩ លោក សម រង្ស៊ី ធ្លាប់បានហៅព្រះមហាក្សត្រខ្មែរថាជាអាយ៉ង របស់លោក ហ៊ុន សែន ។  លើសពីនេះ លោកក៏ធ្លាប់ហៅព្រះរាជសាររបស់ព្រះអង្គដែលចេញឱ្យពលរដ្ឋទៅបោះឆ្នោតកាលពីពេលចូលរួមបោះឆ្នោតអាណត្តិទី៦ គឺជាព្រះរាជសារក្លែងក្លាយ ឬត្រូវបានធ្វើឡើងដោយមានការគាបសង្កត់។

ករណីប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ២០១៩នោះ តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក និងធ្លាប់កាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំថែមទៀតផង។

យ៉ាងណាករណីជេរប្រមាថព្រះមហាក្សត្រជាថ្មីទៀត ពីសំណាក់លោក សម រង្ស៊ី នៅពេលនេះ នៅមិនទាន់មានប្រតិកម្មបតពីសំណាក់ព្រះបរមរាជវាំងឬ ចំណាត់ការច្បាប់ពីសំណាក់ស្ថាប័នរដ្ឋាភិបាលនៅឡើយទេ។  រដ្ឋធម្មនុញកម្ពុជាមាត្រា៧ បានចែងថា ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ បន្ថែមពីនេះ ព្រះអង្គជាព្រះប្រមុខរដ្ឋអស់មួយជីវិត។ ជាងនេះទៀត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

លោក សម រង្ស៊ី ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់ភាសារជេរប្រមាថកាន់តែច្រើន លើសអំពីការរិះគន់តាមបែបអ្នកនយោបាយ និងប្រាសចាកពីក្រមសីលធម៌ដ៏ថ្លៃថ្នូររបស់អ្នកនយោបាយ។

ពេលខ្លះលោកហាក់ប្រើអារម្មណ៍កំហឹងផ្ទាល់ខ្លួនជេរប្រមាថទៅកាន់ដៃគូរប្រជែងនយោបាយរបស់លោកដោយភាសារអសុរោះ ខណៈដែលលោកតែងរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្លាប់ប្រើភាសារមិនសមរម្យនៅទីសាធារណៈ ដោយថាជាគម្រូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយនោះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស