35 C
Phnom Penh

លោក ស ខេង ក្រើនរំលឹកអាជ្ញាធរជាថ្មីទៀត មិនឲ្យប្រើប្រាស់ហិង្សា ដើម្បីដោះស្រាយបញ្ហាជាមួយពលរដ្ឋជាដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្មមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំលឹកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនត្រូវប្រើប្រាស់ហិង្សា ជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសពលរដ្ឋឡើយ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តប៉ៃលិនថ្មី នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី២១ ធ្នូនេះ លោក ស ខេង មានប្រសាសន៍ថា អាជ្ញាធរទាំងអស់ហាមដាច់ខាត ដោយមិនត្រូវប្រើ ហិង្សា ដើម្បីដោះស្រាយបញ្ហាជាមួយពលរដ្ឋនោះទេ ពោលគឺត្រូវយកគោលការណ៍ច្បាប់ទៅអនុវត្ត។

លោក ស ខេង ក៏បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងឡាយ មិនគួរចាត់ទុកពាក្យរិះគន់ពិត ឬព័ត៌មានពិត ថាជាសត្រូវនោះឡើយ ហើយទទួលយកតែពាក្យសរសើរបញ្ជើចបញ្ចើនោះទេ។

លើសពីនេះ លោកថាការថ្លឹងថ្លែងព័ត៌មានពិត និងព័ត៌មានប្រឌិត គឺតម្រូវឲ្យប្រមូលព័ត៌មានទាំងអស់មកពិចារណា ដោយមិនមែនស្ដាប់តែពាក្យសរសើរ ហើយមិនទទួលយកការរិះគន់នោះទេ។ លោកបន្តថា អាជ្ញាធរ ត្រូវចេះអប់រំ និងបកស្រាយឲ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចលនាបំផុសញុះញង់នៅតាមមូលដ្ឋានរបស់ខ្លួនជាដើម។

កាលពីពេលកន្លងមក លោក ស ខេង ធ្លាប់បានប្រាប់ទៅមន្ត្រីទាំងអស់មិនត្រូវយកអំពើហិង្សាទៅដោះស្រាយបញ្ហានោះឡើយ ប៉ុន្តែមកទល់ពេលនេះ ករណីប្រើហិង្សាលើពលរដ្ឋពីសំណាក់អាជ្ញាធរ ពិសេសកងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ និងសន្តិសុខ ឬប្រជាការពារទៅលើពលរដ្ឋតែងកើតឡើងជារឿយៗ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ ករណីផ្ទុះអាវុធ និងប្រើហិង្សាទៅលើពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ បណ្តាលឱ្យពលរដ្ឋជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។

ករណីដីធ្លីនេះផងដែរ កាលពីឆ្នាំមុនការប្រើអាវុធ និងវាយដុំពលរដ្ឋពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងទាហានទៅលើពលរដ្ឋនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏បានបណ្តាលឱ្យពលរដ្ឋជាច្រើននាក់រងរបួស ហើយបុរសម្នាក់ធ្លាក់ខ្លួនពិការរហូតមកដល់បច្ចុប្បន្នដោយសារត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ទាំងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

កាលពីខែកក្កដា ការព្រួតវាយសកម្មជនការពារព្រៃឈើលោក ឆន ផល្លា នៅខេត្តរតនៈគិរី នៅចំពោះមុខអាជ្ញាធរក្នុងវេទិកាសាធារណៈមួយ អាជ្ញាធរមិនត្រឹមតែមិនជួយសកម្មជនការពារព្រៃឈើរូបនេះទេ ប៉ុន្តែពួកគេនាំគ្នាគំរាមកំហែងលោក ឆន ផល្លា ថែមទៀត ដោយសារតែលោក ឆន ផល្លា តែងរាយការណ៍ពីស្ថានភាពបទល្មើសព្រៃឈើក្នុងតំបន់ដែលពួកគេគ្រប់គ្រង។

បន្ថែមពីនេះ មានសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងបរិស្ថានជាច្រើននាក់ទៀត រងការចាប់ខ្លួនឬគំរាមកំហែង ដោយសារការរាយការណ៍ព័ត៌មានពិតរបស់ពួកគេ។

ជាក់ស្តែងកាលពីខែកញ្ញា សកម្មជនបរិស្ថានបីនាក់ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនក្រោមបទចោទថាផ្សាយព័ត៌មានមិនពិត។

ការចាប់ខ្លួនពួកគេនោះ ដោយគ្រាន់តែពួកគេ មានបំណងចង់ជួបលោក ហ៊ុន សែន ដើម្បីប្រាប់ពីការពិតជុំវិញកង្វល់នៃការលុបបឹងទំនប់កប់ស្រូវ ឬបឹងតាមោក ដែលជាបឹងធម្មជាតិធំជាងគេ និងចុងក្រោយគេនៅរាជធានីភ្នំពេញ។

លើសពីនេះ មានករណីនៃសេចក្តីពិតជាច្រើនទៀត ដែលត្រូវបានពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរតាមបណ្តាញសង្គម ឬសារព័ត៌មាន ប៉ុន្តែត្រូវបានរាជការចាប់ខ្លួនដោយចោទពីបទញុះញង់ ឬបង្កភាពវឹកវរក្នុងសង្គមជាដើម។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃមិ្សលមិញថា លោកនៅតែឮសំឡេងល្វើយៗ របស់លោកបណ្ឌិត កែម ឡី ប្រាប់លោកថា ត្រូវបន្តនិយាយការពិតជាជាងនិយាយការពារ។

កាលពីថ្ងៃទី១៨ខែធ្នូ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ អះអាងថាចាប់តាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជា ក្នុងរយៈពេលបីឆ្នាំមកនេះ ពោលគឺចាប់តាំពីដើមឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ការបង្ក្រាប និងរឹតត្បិតសេរីភាពរបស់សកម្មជន និងអ្នកការពារសិទិ្ធមនុស្សដែលមិនមែនជាអ្នកនយោបាយកាន់តែមានសភាពអាក្រក់ជាងមុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស