34 C
Phnom Penh

គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តកញ្ចាប់ថវិកាការពារជាតិដើម្បីអភិវឌ្ឍន៍មីស៊ីលទប់ទល់ការគម្រាមពីចិននិងកូរ៉េខាងជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide នៅថ្ងៃចន្ទទី២១ ខែធ្នូនេះ បានអនុម័តនូវកញ្ចប់ថវិកាសម្រាប់ការពារជាតិ លើកទី៩ របស់ខ្លួន ក្នុងគោលបំណងបង្កើនសមត្ថភាពយន្ដហោះចម្បាំងបំបាំងកាយ និងប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយប្រឆាំង នាវាចម្បាំងប្រឈមមុខនឹងការកើនឡើងរឹតតែខ្លាំង នៃអំណាចយោធាចិនដែលមានតំលៃជាង ៥១ពាន់ លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។

តាមការអនុម័ត ក្រសួងការពារជាតិជប៉ុន នឹងទទួលបានកញ្ចប់ថវិកាយោធា សរុប៥១ពាន់ ៧រយលានដុល្លារ សម្រាប់ឆ្នាំសាពើពន្ធចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២១ ។ កញ្ចប់ថវិកានេមានការកើនឡើង ១១% ធៀបទៅ ២០២០នេះ។ ជាមួយគ្នានេះ ជប៉ុនក៏កំពុងអភិវឌ្ឍន៍ កាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលបាញ់ដល់ប្រទេសចិន និងកូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Nobuo Kishi បានអោយទីភ្នាក់ងារសារព័ត៌មាន AP ដឹងថាជប៉ុនបានចាប់ផ្ដើមអភិវឌ្ឍមីស៊ីលប្រឆាំងនាវាដែលមានសមត្ថភាពក្នុងការកម្ទេចគោលដៅក្នុងរយៈចម្ងាយឆ្ងាយដែលមីស៊ីលនេះ មានសមត្ថភាពគ្របដណ្តប់ដល់សមុទ្រចិនភាគខាងកើត និងភាគនិរតីនៃកោះអូគីណាវ៉ា។

ការប្រកាសជាសាធារណៈរបស់រដ្ឋមន្រ្ដីការពារជាតិរូបនេះ ធ្វើឡើង ក្រោយពី អ្នកធ្វើគោលនយោបាយការពារជាតិ នៃគណបក្សប្រជាធិបតេយ្យសេរី កំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានអនុម័តលើសេចក្តីព្រាងផែនការ របស់គណៈរដ្ឋមន្រ្តី តាំងពីដើមសប្ដាហ៍នេះដោយថាជប៉ុននឹងឈានដល់ការដាក់ពង្រាយមីស៊ីល ប្រឆាំងនាវាចម្បាំងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារសត្រូវ ពីខាងក្រៅ។

ជាមួយគ្នានេះ លោក Nobuo Kishi បានផ្ដល់ដំណឹងទៅ អ្នកកាសែតថា ទីក្រុងតូក្យូមានផែនការផលិតនាវាចំនួនពីរគ្រឿង ដែលបំពាក់ដោយប្រព័ន្ធការពារមីស៊ីល។

លោករដ្ឋមន្រ្តី បានបញ្ជាក់ដូចនេះថា យើងត្រូវឆ្លើយតបដោយវិធីសាស្ត្រសមស្របគឺការប្រើប្រាស់ មីស៊ីលរយៈចម្ងាយឆ្ងាយហើយ មីស៊ីលនេះនឹងត្រូវបញ្ចូនទៅកាន់កោះ អូគីណាវ៉ាដែលគេដឹងថាកោះនេះគឺជា មានមូលដ្ឋានទ័ពអាមេរិកនិងជាមូលដ្ឋានទប់ឥទ្ធិពលចិន។

ជប៉ុនពង្រីកវិស័យយោធារបស់ខ្លួន ចំពេលដែលចិន ព្យាយាមដណ្ដើមកាន់កាប់ ប្រជុំកោះ Senkaku ឬកោះ Diaoyu នៅសមុទ្រចិនខាងកើត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបង្ហាញកង្វល់អំពីសកម្មភាពនេសាទ និងវត្តមានរបស់កងទ័ពរបស់ចិននៅតំបន់ប្រជុំកោះដែលមានជម្លោះនេះ។ កោះ Senkaku គឺជាប្រជុំកោះតូចៗចំនួន៨ និងជាកោះគ្មានមនុស្សនៅ។ ជំលោះកោះសេនកាគូ នេះបានក្លាយជាបញ្ហាសន្តិសុខរវាងប្រទេសចិន និងប្រទេសជប៉ុនជាច្រើនទសវត្សមកហើយ។

ជម្លោះរវាងចិន និងជប៉ុន ជុំវិញប្រជុំកោះសេនកាគូនេះ កើតឡើងពីការបកស្រាយផ្ទុយគ្នាទៅលើហេតុការណ៍ និងឯកសារប្រវត្តិសាស្រ្តផង និងទៅលើសន្ធិសញ្ញាក្រោយសង្រ្គាមលោកលើកទី២ផង ដោយមើលឃើញថា គោលដៅចម្បងនៃជម្លោះ គឺដោយសារតែពួកគេសម្លឹងឃើញធនធានធម្មជាតិមានដូចជាទីតាំងនេសាទ ប្រេង និងឧស្ម័ន។

ក្នុងជំនួបរវាងជប៉ុននិងចិនកាលពីចុងខែវិច្ឆិកា ប្រទេសជប៉ុន ប្រកាសថាខ្លួននឹងមិនទទួលយកសំណើរបស់ចិនសុំបន្ធូរបន្ថយភាពតានតឹងទ្វេភាគី លើអធិបតេយ្យភាពនៃប្រជុំកោះសេនកាគូ នោះទេដោយច្រានចោល ហើយថាវាជាផ្នែកមួយនៃការប៉ុនប៉ងរបស់ចិនចង់ដណ្ដើមកាន់កាប់កោះទាំងនោះ។

សំណើនោះគឺ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានស្នើឱ្យទូកនេសាទពីប្រទេសទាំងពីរ រក្សាទុកនៅឆ្ងាយពីកោះ ដែលគ្មានមនុស្សរស់នៅ ហើយមានតែនាវារដ្ឋាភិបាល ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យ បើកនៅក្បែរកោះនោះ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato អះអាងថា សំណើនេះមិនអាចទទួលយកបានទេ។ លោកថា កោះទាំងនោះ ជាដែនកម្មសិទ្ធិផ្ដាច់មុខរបស់ជប៉ុន។ ប៉ុន្តែចិនថា ជាកោះរបស់ខ្លួនព្រោះតែជប៉ុនបានរឹបអូសយកអំឡុងសង្រ្គាមលោកលើកទី២។

ការបង្កើនកញ្ចប់ថវិកា ការពារជាតិរបស់ជប៉ុន ក៏ជាពង្រឹងសមត្ថភាព កងទ័ពបទប់ទល់នឹងកូរ៉េខាងជើងផងដែរ។

ក្រោមការគ្រប់គ្រងរយៈពេលជិតប្រាំបីឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេ ប្រទេសជប៉ុនបានពង្រីកតួនាទីយោធាអន្តរជាតិរបស់ខ្លួនចំពេលមានការគំរាមកំហែងកាន់តែកើនឡើងពីប្រទេសកូរ៉េខាងជើង និងចិន។ ទីក្រុងតូក្យូបានថ្លែងម្តងហើយម្តងទៀតថាប្រទេសទាំងពីរ គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ហើយបានសិក្សាពីលទ្ធភាពនៃការអភិវឌ្ឍសមត្ថភាពធ្វើការវាយប្រហារលើកដំបូងប្រឆាំងនឹងមូលដ្ឋានសត្រូវដើម្បីការពារប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន។

ចំណែកនាយករដ្ឋមន្រ្តី Yoshihide Suga លោកបានផ្តល់សញ្ញាដល់ប្រទេសកូរ៉េខាងជើង និងប្រទេសចិនថា លោកនឹងពង្រឹងវិស័យយោធារបស់ជប៉ុនដើម្បីប្រឆាំងនឹងការគំរាមកំហែងនានាពីសំណាក់ប្រទេសចិន ដែលនឹងចំណាយប្រាក់ជាង៥ពាន់លានដុល្លារ សម្រាប់ការស្ថាបនាប្រព័ន្ធមីស៊ីលដើម្បីស្ទាក់ចាប់មីស៊ីលនៅដែនសមុទ្រ និងស្ថាបនាមីស៊ីលប្រឆាំងនាវា។

ថ្មីៗនេះផងដែរ ដើម្បីទប់ទប់អំណាចយោធាចិន នៅចំពោះមុខភាពតានតឹង គឺជប៉ុន បានរួមសហកាជាមួយប្រទេសអូស្ត្រាលី ឥណ្ឌា និងអាមេរិក ដោយចុះកិច្ចព្រមព្រៀងលើកតិកាសញ្ញាការពារជាតិជាប្រវត្ដិសាស្ត្រ ដែលអនុញ្ញាតឲ្យប្រទេសទាំង៤នេះពង្រឹងផ្នែកយោធា។

នេះគឺជាកិច្ចព្រមព្រៀងដំបូងបំផុតរបស់ប្រទេសជប៉ុន ដែលអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ ១៩៦០ ដែលបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានយោធា យន្តហោះចម្បាំង និងនាវាចម្បាំង នៅលើទឹកដីប្រទេសជប៉ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស