ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិដសុន បានអះអាងថា ការចាប់ខ្លួន និងចោទប្រកាន់លោក គឺជាចេតនានយោបាយ ច្រើនជាងការអនុវត្តច្បាប់។
សរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ខែធ្នូនេះ លោក អាឡិច បញ្ជាក់ថាលោករីករាយនឹងតតាំងជាមួយតុលាការក្រុងភ្នំពេញជុំវិញករណីនេះ។
លោក អាឡិចបន្តថា តាមរយៈមេធាវីលោកបានឱ្យដឹងថា លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោកបញ្ជាក់ថា ការចោទប្រកាន់នេះពាក់ព័ន្ធ នឹងយុទ្ធនាការសង្គ្រោះបឹងតាមោក ដែលធ្វើឡើងដោយសកម្មជន ចលនាមាតាធម្មជាតិបីរូប រួមមាន លោក ថុនរដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញាភួន កែវរស្មី។ បច្ចុប្បន្នយុវជនទាំងបីនាក់បានជាប់ក្នុងពន្ធនាគារព្រៃសរ អស់រយៈពេលជាង ១រយថ្ងៃមកហើយ ក្រោយពេលអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនពួកគេកាលពីដើមខែកញ្ញាកន្លងទៅ។
ស្ថាបនិកចលនាមាតាធម្មជាតិរូបនេះ ប្រកាសពីគោលជំហរយ៉ាងម៉ឺងម៉ាត់ថា ការចោទប្រកាន់លោកនេះ ជាការចោទប្រកាន់ក្នុងចេតនានយោបាយ ហើយគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ។
ហេតុដូច្នេះលោករីករាយនឹងតតាំងចំពោះមុខតុលាការ ប្រសិនបើរបបលោកហ៊ុន សែន ហ៊ានអនុញ្ញាតឱ្យលោកបានវិលត្រលប់ទៅកាន់ប្រទេសកម្ពុជាវិញ។
លោក អាឡិច បានចោទជាសំណួរថា តើរបបលោកហ៊ុន សែន ហ៊ានដកឈ្មោះលោកចេញពីបញ្ជីខ្មៅដែរឬទេ?
លោក អាឡិច ហ្គន់សាឡេស ដេវិសសុន ត្រូវបានក្រសួងមហាផ្ទៃដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅ និង បានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥។
ការសម្រេចរបស់រដ្ឋាភិបាលបែបនេះ ក្រោយពេលលោកបានដឹកនាំក្រុមយុវជនធ្វើសកម្មភាពខ្លាំងក្លាប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅតំបន់អារ៉ែង ពីសំណាក់ក្រុមហ៊ុន ស៊ីណូហាយត្រូ របស់ចិន។
សកម្មភាពរបស់លោកអាឡិច ការពារតំបន់ធម្មជាតិនេះទទួលបានជោគជ័យ ព្រោះចុងក្រោយគម្រោងនេះ ត្រូវបានប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ប្រកាសជាផ្លូវការថាក្នុងអាណត្តិដឹកនាំរបស់លោក នឹងគ្មានការសាងសង់វារីអគ្គិសនីក្នុងតំបន់អារ៉ែងនោះឡើយ។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ កាលពីឆ្នាំមុនបានអះអាងថា ការលុបឈ្មោះលោក អាឡិច ចេញពីបញ្ជីខ្មៅរបស់ក្រសួងនឹងមិនអាចទៅរួចឡើយ ព្រោះគ្មានច្បាប់ណាដែលអាចដកឈ្មោះលោកអាឡិចចេញពីបញ្ជីខ្មៅរបស់ក្រសួងមហាផ្ទៃបានឡើយ។
ទោះបីជាយ៉ាងនេះក្តី ការបណ្តេញលោកអាឡិច ចេញពីកម្ពុជា នឹងការដាក់បម្រាមមិនឱ្យជាន់ដីកម្ពុជានោះ រងការរិះគន់ជាខ្លាំង ព្រោះលោកអាឡិច បានមករស់នៅកម្ពុជាជាច្រើនឆ្នាំ ហើយបានរៀនចេះដឹងពីវប្បធម៌ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រខ្មែរយ៉ាងល្អ។
លើសពីនេះ លោកជាជនបរទេសមួយរូប ដែលស្រលាញ់ប្រទេសកម្ពុជា ពិសេសស្រលាញ់ធនធានធម្មជាតិកម្ពុជា ដែលគប្បីរដ្ឋាភិបាលផ្តល់សញ្ញាតិដល់ជនជាតិអេស្ប៉ាញរូបនេះផងដែរ។ ផ្ទុយទៅវិញ ក្រុមបរទេសមួយចំនួនដែលចូលមករស់នៅកម្ពុជានិយាយខ្មែរមិនច្បាស់ផង និងមិនបានរួមចំណែកជួយអ្វីសោះដល់កម្ពុជា ឬ មិនបានស្រលាញ់ធនធានធម្មជាតិខ្មែរផង ប៉ុន្តែត្រូវបានរដ្ឋាភិបាលផ្តល់សញ្ជាតិស្របច្បាប់ឱ្យពួកគេទៅវិញ៕