29 C
Phnom Penh

បាតុករថៃសន្យាគាបសង្កត់រដ្ឋាភិបាលលោកប្រាយុទ្ធអោយបាននូវការទាមទារធ្វើវិសោធនកម្មរបបរាជានិយមនៅឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ពិភពលោកនឹងបិទបញ្ចប់ឆ្នាំ ២០២០។ សម្រាប់ឆ្នាំ២០២១ទំនង រឿងរ៉ាងនយោបាយនៅក្នុងរាជាណាចក្រថៃនឹងមិនថមថយឡើយ គឺអាចនឹងកាន់តែក្ដៅ ជាងឆ្នាំ២០២០ទៅទៀត។

ឆ្នាំ២០២០ បាតុករថៃ ចាប់ផ្ដើមធ្វើបាតុកម្មជាង៥ខែមកហើយ ចាប់តាំងពី ថ្ងៃទី១៥កក្កដា ។ ប៉ុន្តែពួកគេមិនបានសម្រេចទេក្នុងការទាមទារអោយលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយការទាមទារមួយទៀត គឺការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ របបរាជានិយមក៏មិនបានសម្រេចដែរ។

ការទាមទារមួយទៀតដែល បាតុករ មិនទាន់ចាត់ទុកថាជាជោគជ័យរបស់ខ្លួន ទោះជាសមាជិកសភាសន្យា ធ្វើតាមក៏ដោយនោះ។ ការទាមទារនេះ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលបាតុករចាត់ទុកថា ជារដ្ឋធម្មនុញ្ញតាក់តែងឡើងដោយពួកយោធា  មិនបានអនុលោមតាមគោលការណ៍ប្រជាធិបតេយ្យសាកលនោះទេ។

រដ្ឋធម្មនុញ្ញនេះគឺជាឧបករណ៍មួយរបស់លោកប្រាយុទ្ធអតីតមេរដ្ឋប្រហារ ឆ្នាំ២០១៤ និងក្រុមប្រឹក្សាយោធា ដែលបានលើកដំកើង លោកបា្រយុទ្ធឡើងជានាយករដ្ឋមន្ត្រី ។ ត្រង់ចំណុចនេះ ពួកបាតុករ នៅតែចាត់ទុកថា នៅតែជាប្រធានបទ សម្រាប់ឆ្នាំ២០២១។

ប៉ុន្តែ ការទាមទារអោយកែទម្រង់ របបរាជានិយម គឺជាបញ្ហាដ៏គន្លឹះ សម្រាប់ឆ្នាំ២០២១ ។ ការថ្លែងរបស់បាតុករ ដូចនេះ ខណៈពួកគេ បង្ហាញការឈឺចាប់ ជាខ្លាំង ដោយសារមិត្តរួមប្រយុទ្ធ របស់ពួកគេចំនួន ២៥នាក់ កំពុងប្រឈមនឹងការកាត់ទោស អោយមានទោស ពីបទប្រមាថព្រះរាជា ក្រោមមាត្រា ១១២ នៃច្បាប់ការពារកិត្តិនាម ព្រះមហាក្សត្រ។

សេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា នៅក្នុងការប្រមូលផ្ដុំគ្នាមួយ កាលពីថ្ងៃទី២១ ខែធ្នូ មេដឹកនាំបាតុករថៃភាគច្រើននិយាយថា បាតុកម្មនៅឆ្នាំ២០២១ ត្រូវផ្តោតទៅ លើការទាមទារអោយមានកំណែទម្រង់របបរាជានិយម។

ញត្តិរបស់បាតុករគឺទាមទារអោយមាន កំណែទម្រង់របបរាជានិយម គឺសំដៅ លុបចោលច្បាប់ការពារមហាក្សត្រត្រង់មាត្រា ១១២។ មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដាក់ទោសរហូតដល់១៥ឆ្នាំទៅលើបុគ្គលណាដែលប្រមាថមហាក្សត្រ។

លោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបបានថ្លែងថា ចាប់ពីឆ្នាំ២០២១ ទៅ បាតុករថៃ នឹងផ្តោតការទាមទាររបស់ខ្លួនលើកំណែទម្រង់របបរាជានិយមតែមួយមុខគត់។ កំណែទម្រង់របបរាជានិយមដែលពួកគេទាមទាងអោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីកាត់បន្ថយអំណាចមហាក្សត្រ មហា វិជ្ជរ៉ាលុងកន ។ ការទាមទារឲ្យព្រះអង្គបោះបង់ចោលការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនមហិមា ដែលមានតម្លៃសរុប ជាង៣ពាន់លានដុល្លារ ។ ជាមួយគ្នានេះ ពួកគេ ទាមទារអោយព្រះអង្គបញ្ឈប់ការគ្រប់គ្រងកងទ័ព ដែលជាឧបករណ៍ នៃការធ្វើរដ្ឋប្រហារ។

លោក Arnon Nampa បានបង្ហាញឆន្ទៈដូចនេះ បន្ទាប់ពីរូបលោក និងបាតុករ៧រូបផ្សេងទៀត ត្រូវបានប៉ូលិសចោទពីបទចោទប្រមាថមហាក្សត្រតាមក្រមព្រហ្មទណ្ឌត្រត្រង់មាត្រា ១១២ ពាក់ព័ន្ធការជួបជុំនៅក្រៅបន្ទាយកងពល១១។ កងពលនេះ ហើយដែលបាតុករបានប្រមូលផ្ដុំគ្នា កាលពីប៉ុន្មានសប្ដាហ៍មកនេះ នៅខាងមុខទ្វារចូលរបស់បន្ទាយកងពល នេះ ។ កងពលនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់របស់សមហាក្សត្រ ដោយទាមទារថាព្រះអង្គត្រូវតែឈប់គ្រប់គ្របអង្គភាពកងទ័ពនេះតទៅទៀត។

លោក Parit Chiwarak មេដឹកនាំបាតុករម្នាក់ទៀតដែលបានថ្លែងប្រាប់អ្នកកាសែត នៅពេលចេញពីស្នងការប៉ូលិសថា  លោកបានរិះគន់ប៉ូលិសដែលបម្រើមេដឹកនាំផ្តាច់ការ និងប្រើប្រាស់ច្បាប់ការពារមហាក្សត្រដោយបំពានសិទ្ធិសេរីភាព ខាងនយោបាយ ដែលបានការពារដោយអនុសញ្ញាអន្តរជាតិ។ លោកបានទាមទារជាថ្មីម្ដងទៀតឲ្យរដ្ឋាភិបាលលុបមាត្រា១១២នេះចោល។

តែបើតាមលោក Arnon Nampa  មកទល់ពេលនេះមានបាតុករចំនួន១៥៧នាក់កំពុងរងបទចោទ ពីបទប្រមាថអង្គព្រះមហាក្សត្រហើយក្នុងនោះ ២៥នាក់ កំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្ដី។

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅថៃ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានទាមទារ អោយលុបចោល មាត្រា១១២នេះ។ អង្គការនេះ ចាត់ទុកថា ជាឧបករណ៏ បំបិទសេរីភាពខាងនយោបាយ និងសេរីភាពជនស៊ីវិល ហើយបានទាមទារអោយដោះលែងមេដឹកនាំបាតុករដែលត្រូវបានឃុំខ្លួនអោយមានសេរីភាពឡើងវិញ។

ខណៈនេះ អ្នកសង្កេតការណ៍ នៅថៃ បានព្រមានថា នៅឆ្នាំ ២០២១ខាងមុខនេះ  ប្រទេសថៃនឹងមានរឿងរ៉ាវធំៗ ជាច្រើន កើតឡើង។ អ្វីដែលអ្នកសង្កេតការណ័ព្យាករណ៍ទុកដូចនេះ ព្រោះតែបាតុករ នៅតែ រុញ អោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចុះចេញពីតំណែង ទោះជាបុរសនេះ បាន ប្ដេជ្ញាថា លោកនឹងមិនចុះពីតំណែងក៏ដោយ ។

ជាមួយគ្នានេះ ការរុញអោយបក្សប្រឆាំងភឿថៃ ឡើងតុលាការ ក្រោមបណ្ដឹងរបស់ អ្នកនយោបាយមានឥទ្ធិពលម្នាក់ ហើយកំពុងត្រូវបានគណៈកម្មាការបោះឆ្នោត ពិចារណា ប្ដឹងបន្តទៅតុលាការរដ្ឋធម្មនុញ្ញ ករណីចោទថា អតីតនាយករដ្ឋន្ត្រីថាក់ស៊ីន ប្រើប្រាស់អំណាចលើបក្សប្រឆាំងនេះ អាចនាំទៅរកការប្រឈមនឹងការរំលាយបក្សនេះ គឺជាសញ្ញាអាក្រក់ រួចទៅហើយ ពាក់ព័ន្ធនឹងបរិយាកាសនយោបាយនៅក្នុងរាជាណាចក្រនេះ។ បក្សភឿថៃ និងអ្នកគាំទ្ររាប់ម៉ឺននាក់ បានព្រមានថា នឹងប្រឆាំងដាច់ខាត បើតុលាការ សម្រេចសេចក្ដីរំលាយបក្សរបស់ពួកគេ ។

តុលាការនេះ កាលថ្ងៃទី២១កុម្ភះឆ្នាំ២០២០ បានសម្រេចរំលាយបក្សអនាគតឆ្ពោះទៅមុខ ដែលជាបក្សប្រឆាំងធំទី២ នៅក្នុងរដ្ឋសភាថៃ។ តែតុលាការនេះ មិនបានរឹបអូសអាសនៈទាំង៨០ របស់បក្សនេះ ទៅចែកអោយបក្សតូចៗនោះទេ ដោយទុកអោយសមាជិកសភា របស់បក្សនេះ ទៅបង្កើតបក្សថ្មីមួយទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស