27 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុសច្បងរបស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈជា អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស។

សេចក្តីសម្រេចស្តីពីការតែងតាំងដំឡើងឋានៈមន្ត្រីក្នុងបក្សដែលចុះហត្ថលេខាដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកសាយ ឈុំ  នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចតែងតាំង លោក ហ៊ុន ម៉ាណែតអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការ កណ្តាលរបស់គណបក្ស។

លិខិតដដែលបញ្ជាក់ថា ការសម្រេចនេះ  ធ្វើឡើងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

កាលពីទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកហ៊ុន ម៉ាណែត ក៏ត្រូវបានគណបក្សកាន់អំណាច បានដំឡើងតួនាទីលោក ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខណៈដែលលោកក៏ជាសមាជិកគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលមុនពេលតែងតាំងពេលនេះផងដែរ។

គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានាបច្ចុប្បន្នដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា គឺ  អ្នកស្រី ម៉ែន សំអន។

លោក ហ៊ុន ម៉ាណែត ត្រូវបានក្រុមអ្នកតាមដានសង្គមមើលឃើញថាទាំងដំណែងក្នុងបក្ស និង ដំណែងក្នុងរដ្ឋាភិបាល ត្រូវបានតម្លើងជាបន្តបន្ទាប់។ ការប្រគល់ដំណែងសំខាន់ៗ ទាំងក្នុងបក្ស និងក្រៅបក្សជាហូរហែនេះ ត្រូវបានពួកគេមើលឃើញថា លោកហ៊ុន ម៉ាណែត នឹងឈានឆ្ពោះទៅរកដំណែងកំពូលទាំងក្នុងបក្ស និងរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។  

យ៉ាងណាកាលពីថ្ងៃទី ១៥ខែធ្នូ កន្លងទៅ លោកហ៊ុន សែន បានប្រកាសថាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក គឺ មិនមែនមានតែលោក ហ៊ុន ម៉ាណែត តែម្នាក់ប៉ុណ្ណោះទេ។ ជាក់ស្តែងលោកក៏បានបង្ហើបពីបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបទៀត គឺឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន ដោយថាជាមនុស្សម្នាក់ ដែលលោកហ៊ុន សែន បណ្តុះបណ្តាលតាំងពីជាលេខាផ្ទាល់របស់លោកមកម្លេះ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា គឺមានបេក្ខភាពនាយរដ្ឋមន្ត្រី និងជាមនុស្សមានសមត្ថភាពជាច្រើនរូបទៀត មិនមែនមានតែកូនប្រុសច្បងរបស់លោកនោះឡើយ។

ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើទំព័រហ្វេសប៊ុកថា អ្នកនយោបាយនិងអនាគតមេដឹកនាំប្រទេស គួរប្រឹងប្រែងឲ្យទៅជាមនុស្សមានបញ្ញាខ្ពស់។  បន្ថែមពីនេះត្រូវមានចក្ខុវិស័យ និងគិតរកគំនិតរៀបចំសង្គម និងគ្រប់គ្រងរដ្ឋព្រមទាំងដោះស្រាយបញ្ហាដែលសង្គម និងប្រទេសកំពុងប្រឈម ដោយទុករឿងបុគ្គលជារឿងបន្ទាប់បន្សំមិនគួរទៅខ្វល់ខ្វាយចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងបញ្ញាអត់ប្រយោជន៍នោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស