38.1 C
Phnom Penh

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បារម្ភចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាន ក្រោយតុលាការខេត្តកំពង់ឆ្នាំងផ្តន្ទាទោសម្ចាស់ស្ថានីយ៍វិទ្យុមួយរូបឱ្យជាប់គុក២០ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានលើកឡើងពីក្តីបារម្ភចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាន ឬការផ្សព្វផ្សាយនៅកម្ពុជា។  ក្តីបារម្ភនេះ ក្រោយពេលតុលាការខេត្តកំពង់ឆ្នាំង បានសម្រេចផ្តន្ទាទោសទៅម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែនមួយលោក សុខ ឧត្តម ដាក់ពន្ធនាគាររយៈពេល២០ខែ។

កាលពីថ្ងៃទី២២ខែធ្នូ ខេមបូចា បានចេញលិខិតចំហមួយ ដោយចាត់ទុកការសម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំងថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅតែទទួលរងការធ្វើទុក្ខបុកម្នេញតាមរយៈប្រព័ន្ធតុលាការ ដែលយកច្បាប់ព្រហ្មទណ្ឌមកប្រើជាជាងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ខណៈយន្តការតាមដាននិងជំរុញប្រព័ន្ធយុត្តិធម៌សង្គមនឹងមិនត្រូវបានពង្រឹង។

ប្រភពដដែលបានឱ្យដឹងថា សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចផ្តន្ទាទោសម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែន លោក សុខ ឧត្តម ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់២០លានរៀល ទៅឱ្យដើមបណ្តឹងឈ្មោះ នូ សំរិទ្ធ មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តនោះ។

ការសម្រេចផ្តន្ទាទោសនេះ ក្រោយពេលតុលាការចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវទៅតុលាការពិចារណាឡើងវិញចំពោះការសម្រេចសេចក្តីលើសំណុំរឿងលោក សុខ ឧត្តម និងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ក្រមព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន។ ការធ្វើដូច្នេះ ដើម្បីធានាថា អ្នកសារព័ត៌មានទាំងអស់មានសិទ្ធិសេរីភាពក្នុងការរាយការណ៍ព័ត៌មានដោយមិនមានភាពភ័យខ្លាច ដែលធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ម្ចាស់ស្ថានីយវិទ្យុ និងជាម្ចាស់គេហទំព័ររិទ្ធិសែន លោក សុខ ឧត្តម ត្រូវចាប់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ»។ ការចាប់ខ្លួននេះកើតឡើង ក្រោយពេលលោកបានរាយការណ៍អំពីជម្លោះដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាចក្នុងខេត្តកំពង់ឆ្នាំងមួយរូប។

យ៉ាងណា ខេមបូចា ឱ្យដឹងថា លោក សុខ ឧត្តម បានហៅការសម្រេចរបស់តុលាការនេះ គឺជារឿង អយុត្តិធម៌ដែលមិនអាចទទួលយកបាន ហើយលោកនឹងប្តឹងជំទាស់សាលក្រមនោះទៅសាលាឧទ្ធរណ៍បន្តទៀត៕   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស