40.3 C
Phnom Penh

សហរដ្ឋអាមេរិកអាចផ្តល់កញ្ចប់ថវិកាជិត១០០លានដុល្លារដល់កម្ពុជា ជាថ្នូរទៅនឹងលក្ខខណ្ឌមួយចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ អាចសម្រេចផ្តល់កញ្ចប់ថវិការរបស់ខ្លួនជិត១រយលានដុល្លារ ទៅឱ្យរដ្ឋាភិបាលកម្ពុជា សម្រាប់ជាជំនួយក្នុងឆ្នាំ២០២១ ខាងមុខនេះ។

សមាជិកសភាទាំងពីរបក្សរបស់អាមេរិកបានអនុម័តកញ្ចប់ថវិកាដ៏ច្រើនលើសលុបចំនួនជាង ២ទ្រីលានដុល្លារ កាលពីល្ងាចថ្ងៃច័ន្ទនៅសហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារនៅកម្ពុជា។

ឯកសារស្តីពីកញ្ចប់សំណើថវិកានេះឱ្យដឹងថា នឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាច្បាប់ថវិកាផ្លូវការ។

ប្រភពដដែលបន្តថា ថវិកានេះរួមបញ្ចូលកញ្ចប់សារពើពន្ធ១,៤ទ្រីលានដុល្លារ និងកញ្ចប់ជំនួយសង្គ្រោះសម្រាប់សេដ្ឋកិច្ចខ្លួនឯង ដែលរងវិបត្តិជំងឺកូវីដ១៩ ចំនួន៩០០ប៊ីលានដុល្លារ។

នៅក្នុងចំណែកសំណើច្បាប់ថវិកានេះ ក៏មានកញ្ចប់ថវិកាជាង៨៥លានដុល្លារ សម្រាប់ជាជំនួយក្នុងឆ្នាំ២០២១ដល់ប្រទេសកម្ពុជា តែត្រូវភ្ជាប់មានលក្ខខណ្ឌមួយចំនួនផងដែរ។

ឯកសារដដែលឱ្យដឹងថា លក្ខខណ្ឌស្តីពីការផ្តល់កញ្ចប់ថវិកា ជិត១០០លានដុល្លារ ដែលអាមេរិកសម្រេច  ផ្តល់មកឱ្យកម្ពុជា ជាភាសាអង់គ្លេស ដែលកូនស្រីរបស់លោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា បកប្រែបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២៣ ខែធ្នូនេះ អះអាងថា ជំនួយនោះ អាមេរិកបានដាក់លក្ខខណ្ឌធំៗចំនួនពីរ។

លក្ខខណ្ឌទី១ ស្តីពីការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសលើជម្លោះអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង និងការចូលរួមអនុវត្តទណ្ឌកម្មអន្តរជាតិលើប្រទេសកូរ៉េខាងត្បូង។   

បន្ថែមពីនេះ ប្រកាសអធិបតេយ្យភាពរបស់ខ្លួនតទល់នឹងការជ្រៀតជ្រែករបស់ប្រទេសចិន ដោយរួមបញ្ចូលទាំងការផ្តល់នូវការរក្សាដែលអាចផ្អៀងផ្ទាត់បាននូវអព្យាក្រឹត្យភាពនៃមូលដ្ឋានយោធាសមុទ្ររាម និងមូលដ្ឋានយោធាប្រទេសដទៃក្នុងប្រទេសកម្ពុជា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទ្វេបំណងនៅក្នុងគម្រោងអភិវឌ្ឍន៍តារាសាគរ ក្នុងខេត្តកោះកុង។

ប្រភពដដែលបន្តថា លក្ខខណ្ឌទី២ រដ្ឋាភិបាលកម្ពុជាត្រូវបញ្ឈប់នូវរាល់អំពើហិង្សា និងការបៀតបៀន ឬយាយី លើសង្គមស៊ីវិល និងក្រុមប្រឆាំងផ្នែកនយោបាយនៅកម្ពុជា។

លើសពីនេះ ត្រូវទម្លាក់ចោលនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌដែលមានចរិកនយោបាយប្រឆាំងនិងក្រុមទាំងឡាយណាដែលហ៊ានរិះគន់រដ្ឋាភិបាល។ ក្នុងលក្ខខណ្ឌនេះ ទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស សេរីភាព និងករណីកិច្ច ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣។  

ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ លោកប្រធានាធិបតី ដូណាល់ត្រាំ បានថ្លែងជាសាធារណៈ ទាមទារឲ្យព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកធ្វើវិសោធនកម្មច្បាប់កញ្ចប់ថវិកាជួយដល់វិបត្តិកូវីដនៅសហរដ្ឋអាមេរិកដែលរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តឲ្យផ្តល់ឲ្យប្រទេសកម្ពុជាជាង៨៥លានដុល្លារ និងបណ្តាប្រទេសផ្សេងទៀត ហើយដែលលោក ដូណាល់ត្រាំ អះអាងប្រទេសទាំងនោះមិនមានជាប់ព័ន្ធនឹងបញ្ហាកូវីដទាល់តែសោះ។

ទោះជាយ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើព្រឹទ្ធសភាសហរដ្ឋអាមេរិកបានធ្វើវិសោធនកម្មកញ្ចប់ថវិការនេះ ដោយកាត់ជំនួយសំរាប់ប្រទេសកម្ពុជា ឬបណ្តាប្រទេសផ្សេងទៀតយ៉ាងណោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស