អតីតប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី រួមទាំងសមាជិកគ្រួសារត្រូវទទួលបានអភ័យឯកសិទ្ធិអស់មួយជីវិត ដោយជៀសផុតពីការកាត់ទោស។
តាមច្បាប់ថ្មីនេះ រាល់អតីតមេដឹកនាំ រុស្ស៊ីនិងសមាជិកគ្រួសារ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើស នឹងមិនអាចត្រូវបានកាត់ទោសនេះ ទេ ។ក្នុងនោះ មានទាំងការ ចាប់ខ្លួន ការឃុំខ្លួន ការនាំខ្លួនហៅទៅចោទសួរនៅចំពោះមុខសមត្ថកិច្ច ក៏មិនត្រូវកើតមានចំពោះ បុគ្គលនោះដែរ។ នេះជាការបើកផ្លូវអោយ មានការផ្ទេរអំណាច និងមិនអាចមេដឹកនាំនោះ បន្តក្រាញអំណាចនោះទេ។ តែបែបណា បើសមាជិកសភា ដកសិទ្ធិ ដោយសំឡេង ២/៣ គឺអតីតប្រធានធិបតីនោះ ត្រូវបានធ្វើការចោទប្រកាន់ ។ កំហុស ដែលអាចធ្វើចោទប្រកាន់ គឺទោសក្បត់ជាតិ និងឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរ។
តាមសារព័ត៌មាន អាមេរិក New York Post ច្បាប់ថ្មីនេះ ត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនដែលអង្គការសិទ្ធិមនុស្ស ដាក់រហស្សនាម ថាបុរសខ្លាំង បានចុះហត្ថលេខា កាលពីទី២២ធ្នូ ឆ្នាំ២០២០នេះ។ប៉ុន្តែច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃវិសោធនកម្មដ៏ទូលាយលើរដ្ឋធម្មនុញ្ញរុស្ស៊ីដែលអនុញ្ញាតឲ្យលោក ពូទីន កាន់អំណាចដល់ឆ្នាំ២០៣៦ ។ លោក ពូទីនត្រូវគេរំពឹងថា ស្វែងរកការបន្តអាណត្តិបច្ចុប្បន្នរបស់លោក នៅឆ្នាំ២០២៤ ជាឆ្នាំបោះឆ្នោតប្រធានាធិបតី។អតីតប្រធានាធិបតីរុស្ស៊ី និងក្រុមគ្រួសារ នឹងទទួលបានអភ័យឯកសិទ្ធិរួចពីការដាក់ទោសទាំងអស់។ បើតាមច្បាប់នេះ អតីតប្រធានាធិបតី និងសមាជិកគ្រួសារ មានសិទ្ធិរួចផុតពីការចាប់ខ្លួន ស៊ើបអង្កេត ឆែកឆេរ និងកាត់ទោសមួយជីវិត។ តាមច្បាប់ដដែលនេះ សមាជិកសភា Duma គឺជាផ្ចុងផ្ដើម បង្កើតបទចោទ គឺបទចោទក្បត់ជាតិ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយ ត្រូវបាន បញ្ចូនសំណុំរឿងទៅកាន់តុលាការកំពូល និងតុលាការរដ្ឋធម្មនុញ្ញ។ តែបើរយៈ៣ខែ ពុំមានការបើកជំនុំជម្រះក្ដី គឺការចោទប្រកាន់នឹងត្រូវបានរលាយ។
ច្បាប់ថ្មី ក៏ផ្ដល់តំណែងឲ្យអតីតប្រធានាធិបតីរុស្ស៊ីជាសមាជិកព្រឹទ្ធសភាមួយជីវិត។ ច្បាប់បច្ចុប្បន្ន របស់រុស្ស៊ី ក៏បានផ្ដល់អភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ ឬការដាក់ទោសចំពោះសមាជិកព្រឹទ្ធសភាផងដែរ។ ចំណែកប្រធានាធិបតីដែលចប់អាណត្តិ អាចដាក់ពាក្យសុំអំឡុងបីខែ ឬក៏អាចបដិសេធទទួលយកក៏បានដែរ។
ការពិត អតីតប្រធានាធិបតីគ្រប់រូប សុទ្ធតែមានរួចហើយនូវអភ័យឯកសិទ្ធិគេចផុតពីការកាត់ទោសពីបទឧក្រិដ្ឋនានា ដែលបានប្រព្រឹត្តអំឡុងពេល កាន់អំណាច។តែ ច្បាប់ថ្មីនេះនឹងផ្ដល់ឱ្យអតីតប្រធានាធិបតីរុស្ស៊ី នូវអភ័យឯកសិទ្ធិពេញមួយជីវិត ដោយពួកគេមិនអាចត្រូវបានចាប់ខ្លួន តាមរក, សួរចម្លើយ ឬក៏ទទួលការកាត់ទោស នោះឡើយ។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាច្បាប់ថ្មីនេះ គឺកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexey Navalny បានបញ្ចេញ សំឡេងលួចថត របស់លោក ដោយថាលោកបានបញ្ឆោតឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ីម្នាក់ សារភាពពីផែនការព្យាយាមបំពុលសម្លាប់រូបលោក កាលពីខែសីហាកន្លងទៅ។
មេបក្សប្រឆាំង រូបនេះ បានប្រាប់បណ្ដាញផ្សាយព័ត៌មាន CNNថា ការពិត លោកពូទីនខ្លួនលោកផ្ទាល់ គឺជាបុគ្គលចង់ បានច្បាប់នេះ ព្រោះលោកនៅពីក្រោយការបំពុលរូបលោក។
តែវិមានក្រឹមឡាំងដែលលោកពីទីន ជាម្ចាស់ វិមាននេះ បានបដិសេធ ចំពោអការចោទប្រកាន់ថា លោកប្រធានាធិបតី ពូទីន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងបំពុលសម្លាប់ មេដឹកនាំប្រឆាំងរូបនេះ ដោយអះអាងថា លោក ពូទីនផ្ទាល់ ក៏បានបញ្ជាក់ថាបើសិនជាលោក ឬរដ្ឋាភិបាលរបស់លោក ចង់ធ្វើបែបនេះមែន ម្លេះលោក Navalny មិនមានជីវិតដល់ សព្វថ្ងៃនេះទេ។
នេះជាលើកទី២ហើយ ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដែលមេដឹកនាំ បែបផ្ដាច់ការនៅលើលោកយើងនេះដូចជាលោកវ្ល៉ាឌីមៀ ពូទីនស្វះស្វែងអោយមានច្បាប់ពិសេសនេះ សម្រាប់រូបលោក និងគ្រួសារលោក ។
គេនៅចាំបានថា នៅមុនការបោះឆោត នៅប្រទេសភូមា នៅឆ្នាំ២០១៥ដែលដឹងយ៉ាងច្បាស់ថា បក្សយោធារបស់ខ្លួន នឹងចាញ់ឆ្នោត គឺជនផ្ដាច់ការ នៃប្រទេសអាស៊ីអាគ្នេយ៌មួយនេះ គឺអតីតឧត្តមសេនីយ៍ថាន់ស្វេរ ក៏បានបញ្ជាទៅសមាជិកសភា របស់ពួកយោធាអោយ បង្កើតច្បាប់ដូចនៅប្រទេសរុស្សី ដើម្បី ផ្ដល់បុព្វសិទ្ធិដល់ខ្លួនឯងនិងក្រុមគ្រួសារ។
ឥឡូវនេះ ជនផ្ដាច់ការថ្វាន់ស្វេរនិងក្រុមគ្រួសាររបស់លោក កំពុងរស់លើទ្រព្យសម្បត្តិ មហាសាល ដែលត្រូវបានក្រុមប្រឆាំងចោទថា គឺជាទ្រព្យសម្បត្តិបានមកពីការលួចជាតិ៕