37 C
Phnom Penh

អ្នកវិភាគថា មន្ត្រីរាជការដែលរំលោភអំណាច មិនអាចបំពេញករណីយកិច្ចតាមច្បាប់បានឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ លើកឡើងថា មន្ត្រីរាជការដែលរំលោភអំណាច មិនអាចបំពេញករណីយកិច្ចតាមច្បាប់ និងបទបញ្ជារបស់ថ្នាក់លើបានត្រឹមត្រូវនោះឡើយ។ ផ្ទុយទៅវិញពួកគេ នឹងប្រព្រឹត្តអំពើអាក្រក់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់អង្គភាពស្ថាប័ន រហូតដល់មេដឹកនាំប្រទេសតែម្តង។

លោក បណ្ឌិតឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា មន្ត្រីរាជការដែលកំពុងរំលោភអំណាចទាំងឡាយ នឹងប្រព្រឹត្តអំពើពុករលួយ អសកម្ម មិនអាចដោះស្រាយបញ្ហារបស់ ពលរដ្ឋឲ្យបានយុត្តិធម៌។ លើសពីនេះ ពួកគេមើលងាយសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ ដែលបង្កើតការលំបាកដល់ពលរដ្ឋ គាបសង្កត់បង្ក្រាបពលរដ្ឋ ឬភាសាអ្នកស្រុកនិយាយថា “ធើស៊ី” ពលរដ្ឋ ដោយយកច្បាប់ទៅចាប់ ហើយឲ្យគេសូកប៉ាន់ និងដោះលែងវិញ។

លោកបណ្ឌិតថា ការចម្រិតយកសំណូកពីពលរដ្ឋ មន្ត្រីទាំងនេះបានបង្កើតជាបញ្ហា និងកំពុងបំផ្លាញកេរ្ត៍ឈ្មោះខ្លួនឯង កេរ្ត៍ឈ្មោះអង្គភាព មន្ទីរ ក្រសួង រដ្ឋាភិបាល និងមេដឹកនាំប្រទេសតែម្តង ។

លោកបន្ថែមថា ទង្វើនិងសកម្មភាពអាក្រក់របស់មន្ត្រីរាជការទាំងនោះ នឹងធ្វើឲ្យសាធារណជនបាត់បង់ទំនុកចិត្តទៅលើស្ថាប័នរដ្ឋ រដ្ឋាភិបាលនិងមេដឹកនាំប្រទេសថែមទៀត។ លោកបន្តថា ទង្វើនិងសកម្មភាពអាក្រក់បែបនេះ វាបំផ្លាញធម្មភាព ឬភាពស្របច្បាប់ និងសីលធម៌របស់រដ្ឋាភិបាល ព្រមទាំងអំណាចគ្រប់គ្រងរដ្ឋរបស់មេដឹកនាំប្រទេស។

អ្នកវិភាគចាស់វស្សារូបនេះ យល់ឃើញថា សភាគួរបង្កើតស្ថាប័នឯករាជ្យមួយ ដូចគ្នានឹងស្ថានប័ន អុមប៊ុដសម៉ិន (ombudsman) តាមគំរូនៃរដ្ឋសភារបស់ប្រទេសស៊ុយអែត ដើម្បីត្រួតពិនិត្យមើលការងារអនុវត្តច្បាប់ និងការបម្រើពលរដ្ឋរបស់មន្ត្រីរាជការ និងការទទួលដោះស្រាយការលំបាកដែលពលរដ្ឋបានទទួលពីមន្ត្រីរាជការ ។

រហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់មានស្ថាប័នឯករាជ្យបែបនេះ ដើម្បីត្រួតពិនិត្យប្រព័ន្ធការងាររបស់មន្ត្រីរាជការខ្មែរនោះឡើយ។ បញ្ហានេះ ត្រូវបានគេមើលឃើញថា នាំឱ្យកម្ពុជាជួបវិបត្តិជាច្រើន ក្នុងប្រព័ន្ធដឹកនាំរដ្ឋ ដូចជាការរំលោភអំណាច ដោយការយកអំណាច ឬ តួរនាទីទៅប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចសម្បត្តិជាតិ និងរំលោភបំពានសិទ្ធិ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋជាដើម។ 

អ្នកឃ្លាំមើលនិយាយទៀតថា ការរំលោភអំណាចនៅកម្ពុជា ក៏កើតឡើងដោយសារកត្តានៃឯករាជ្យភាពរបស់តុលាការកម្ពុជាផងដែរ។ អង្គការជាតិ និងអន្តរជាតិ នៅតែមើលឃើញថាតុលាការកម្ពុជា មិនទាន់មានឯករាជ្យភាពគ្រប់គ្រាន់ ពិសេសស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាចជាដើម។

យ៉ាងណា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិនថ្មី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងរបៀបរបបការងាររបស់ខ្លួនឱ្យកាន់តែប្រសើរ។ លោកបានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការប្រាស្រ័យទាក់ទង និងរួមសហការគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយធ្វើយ៉ាងណា ទទួលខុសត្រូវការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។

យ៉ាងណាកាលពីខែកក្កដា ឧបនាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសទទួលស្គាល់ថាមានមន្ត្រីរាជការគ្រាក់ៗរបស់ខ្លួនបាននាំគ្នាទៅរំលោភដីធ្លីនៅខេត្តរតនៈគិរី ដែលធ្វើឱ្យបញ្ហានេះកាន់តែស្មុគ្រស្មាញ ពិបាកដោះស្រាយ។

លើសពីនេះ លោកក៏ធ្លាប់បានលើកឡើងពីភាពអយុត្តិធម៌សង្គម ដែលនាំឱ្យជាតិបែកបាក់ផងដែរ។

ជាងនេះទៀត កាលពីថ្ងៃទី២៦ខែកុម្ភៈ លោក ស ខេង  ទទួលស្គាល់ថា ពេលខ្លះចលនាបដិវត្តន៍ពណ៌ គឺកើតចេញពីផ្ទៃក្នុងរដ្ឋាភិបាលខ្លួនឯងតែម្តង នៅពេលមានមន្ត្រីអសកម្ម មិនយកចិត្តទុកដាក់បម្រើរាស្ត្រ ហើយធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាព និងប្រយោជន៍ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស