28 C
Phnom Penh

សង្គមស៊ីវិល សោកស្ដាយដែលអាជ្ញាធរឃុំទន្លូង ស្រុកមេម៉ត់ ហាមឃាត់មិនឲ្យប្រជាពលរដ្ឋទទួលជំនួយមនុស្សធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលដែលធ្វើការងារស្និតជាមួយប្រជាកសិករ បានបង្ហាញការសោកស្តាយ ចំពោះបម្រាមរបស់អាជ្ញាធរឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  បានចេញលិខិតហាមឃាត់មិនឲ្យប្រជាពលរដ្ឋជួបជុំគ្នាទទួលយកជំនួយមនុស្សធម៌ពីពួកគេ។

សរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ខែធ្នូម្សិលមិញ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន បានអះអាងថាអាជ្ញាធរឃុំ បានហាមឃាត់ការជួបជុំចែកអង្ករដល់ប្រជាពលរដ្ឋ។

លោកបន្តថា ដើម្បីកាត់បន្ថយទុក្ខលំបាក ក្នុងជីវភាពរបស់នៅរបស់ប្រជាកសិករក្រីក្រ ដែលជាជនងាយរងគ្រោះ ខាងសមាគមបានធ្វើការរ៉ៃអង្គាសថវិកាទិញអង្ករជូនដល់ប្រជាពលរដ្ឋក្រីក្រ អត់ឃ្លានទាំងនោះ។ លោកបន្ថែមថា ជំនួយមនុស្សធម៌ទាំងនេះ ជាការរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងការឆ្លើយតបបែបមនុស្សធម៌។

ប៉ុន្តែលោកថាជារឿងគួរឲ្យសោកស្ដាយដែលអាជ្ញាធរឃុំទន្លូង ស្រុកមេមត់ បានចេញលិខិតហាមឃាត់មិនឲ្យប្រជាពលរដ្ឋជួបជុំគ្នាទទួលយក អង្ករ និងគ្រឿងឧបភោគបរិភោគ ដែលគ្រោងផ្ដល់ជូនពលរដ្ឋ                ក្រីក្រនៅព្រឹកស្អែកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០នេះ។

យ៉ាងណា លោក ថេង សាវឿន បញ្ជាក់ថាគម្រោងចែកជំនួយមនុស្សធម៌ទាំងនេះ គ្រោងធ្វើឡើយដោយ អនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាលផងដែរ។

លោកថា អ្វីដែលហួសចិត្តនោះ គ្រាន់តែចែកអង្ករឲ្យប្រជាពលរដ្ឋក្រីក្រដែលអត់ឃ្លាន និងរងផលប៉ះពាល់ដោយសាកូវីដ ១៩ ក៍អាជ្ញាធរហាមឃាត់ និងតម្រូវឲ្យសុំច្បាប់ដែរ ។

លោកបានចោទជាសំណួរថា តើប្រជាពលរដ្ឋយកអង្ករដាំបាយហូបត្រូវសុំច្បាប់ដែរទេ? ហើយថាតើមុនទទួលអំណោយពីសប្បុរសជនត្រូវសុំការអនុញ្ញាត្តិដែរទេ?

ការអះអាងនេះ ធ្វើឡើយក្រោយពេលមេឃុំទន្លូង លោក កុល អ៊ាន បានចេញលិខិតមួយកាលពីថ្ងៃទី២៣ ខែធ្នូ ជូនចំពោះតំណាងសហគមន៍មួយរូបលោក យ៉ែម គង់ ស្តីពីការបញ្ឈប់សកម្មភាពប្រមូលផ្តុំរបស់ពលរដ្ឋនៅក្នុងឃុំទន្លូងជាបន្ទាន់។

បញ្ជានេះ ធ្វើឡើងដោយអាជ្ញាធរឃុំទទួលបានដំណឹងតាមទូរស័ព្ទថា តំណាងសហគមន៍រូបនេះគ្រោងធ្វើសកម្មភាពជួបជុំគ្នា។ អាជ្ញាធរឃុំរូបនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ឈប់សកម្មភាពប្រមូលផ្តុំដើម្បីចែកជំនួយមនុស្សនោះឡើយ ដោយអាជ្ញាធរគ្រាន់តែព្រមានថាប្រសិនបើលោក យ៉ែម គង់ នៅតែធ្វើសកម្មភាពជួបជុំនៅផ្ទះរបស់គាត់នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ នឹងត្រូវចាត់វិធានការតាមច្បាប់។

យ៉ាងណាក៏ដោយ ក្នុងគ្រានៃគ្រោះទឹកជំនន់កាលពីខែតុលាទៅ ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ក៏ត្រូវបានអាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យ ហាមឃាត់មិនឱ្យធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះដោយទឹកជំនន់ដែរ ក្រោមហេតុផលថាជាន់កាលវិភាគគ្នា។

ក្រោយមកដោយមានការអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបសកម្មភាពមនុស្សរបស់ក្រុមអតីតបក្សសង្រ្គោះជាតិធ្វើឡើងដោយរលូន គ្មានការរារាំង។ កាលពីខែតុលានោះ លោកហ៊ុន សែន បានបញ្ជា ឱ្យអាជ្ញាធរទាំងអស់ទូទាំងប្រទេស សម្រួលដល់សកម្មភាពមនុស្សធម៌របស់គណបក្សនយោបាយ និងសប្បុរជនទាំងអស់ក្នុងគ្រាដែលកម្ពុជាកំពុងរងគ្រោះផ្ទួនៗគ្នា ពោលគឺរងគ្រោះដោយកូវីដ១៩ និងរងគ្រោះដោយទឹកជំនន់ផង។

ទោះបីជាយ៉ាងនេះក្តី ជាបទពិសោធន៍កន្លងមក ថ្នាក់លើតែងនិយាយផ្សេង ហើយថ្នាក់ក្រោមតែងអនុវត្តផ្សឹង ដែលធ្វើឱ្យការអនុវត្តជាក់ស្តែងរបស់ក្រុមសង្គមស៊ីវិល និងពលរដ្ឋ នៅតែជួបបញ្ហាប្រឈមជារឿយៗ ហើយអ្នករងគ្រោះពិតប្រាកដគឺពលរដ្ឋក្រីក្រ និងទន់ខ្សោយតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស