38 C
Phnom Penh

អ្នកឃ្លាំមើលសង្គមព្រមានថា មន្ត្រីបក្សប្រឆាំងដែលបង្កើតបក្សថ្មី គឺស្នើរនឹងធ្វើអត្តឃាតជីវិតនយោបាយដោយខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម អះអាងថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលសម្រេចឈប់បន្តជីវភាពនយោបាយជាមួយគណបក្សប្រឆាំង ហើយបែរមកបើកគណបក្សថ្មី គឺស្មើនឹងការធ្វើអត្តឃាតជីវិតនយោបាយខ្លួនឯងប៉ុណ្ណោះ។

អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា  ការចាកចេញរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដើម្បីបង្កើតបក្សថ្មីគឺមានសញ្ញាណពីរ ទី១ គឺបង្ហាញពីការខ្វះភាពអត់ធ្មត់ និងការអស់សង្ឃឹមក្នុងការរស់ឡើងវិញរបស់គណបក្សសង្គ្រោះជាតិ។ លើសពីនេះ បង្ហាញថា ពួកគេ អស់ជំនឿលើថ្នាក់ដឹកនាំរបស់គណបក្សនេះផងដែរ។ រីឯចំណុច ទី២ គឺបង្ហាញពីការបែកបាក់ផ្ទៃក្នុងមួយផ្នែកនៃជំហរបក្សប្រឆាំងមួយនេះ។

លោកបញ្ជាក់ថាការចេញមកបើកគណបក្សថ្មីមិនមែនជាមធ្យោបាយល្អនោះទេ បើទោះបីជា មិនខុសទៅនឹងផ្លូវច្បាប់របស់កម្ពុជាក៏ដោយតែបើសិក្សាលើយុទ្ធសាស្ត្រនយោបាយដែលពួកគេមានបំណងប្រឆាំងនឹងការដឹកនាំរបស់គណបក្សកាន់អំណាចនោះ គឺខុសទាំងស្រុង ត្បិតការធ្វើបែបនេះស្មើនឹងការបំពេញបំណងរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

លោកថា ពួកគេអាចបង្កើតគណបក្សថ្មីបានលុះត្រាតែមានការផ្តួចផ្តើមពីជំហរ និងស្មារតីរួមពីគណបក្សសង្គ្រោះជាតិទើបអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

បែបនេះក្តី បណ្ឌិត សេង សារី សង្កត់ធ្ងន់ថា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមិនទាន់មានការបែកខ្ញែកខ្លាំងនោះទេ។ ចំណែកអ្នកគាំទ្រនៅមូលដ្ឋានរបស់គណបក្សនេះក៏នៅតែរក្សាជំហរបានដូចមុនដដែល ដោយពួកគេរង់ចាំតែគណបក្សសង្គ្រោះជាតិ ឬគណបក្សថ្មីក្រោមស្មារតីសង្គ្រោះជាតិត្រឡប់មកវិញប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសថានឹងបង្កើតគណបក្សថ្មីក្រោយថ្ងៃមាតុភូមិនិវត្តន៍របស់លោកស្រី មួរ សុខហួរ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

ពាក់ព័ន្ធបញ្ហានេះ វិទ្យុបារាំងអន្តរជាតិ បានដកស្រង់សម្តីលោក អ៊ូ ច័ន្ទរ័ត្ន ថា គណបក្សថ្មីរបស់លោកអាចនឹងត្រូវបង្កើតឡើងយ៉ាងយូ នៅត្រឹមដំណាច់ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ។ ប៉ុន្តែ លោកនឹងរង់ចាំលទ្ធផលនៃការដោះស្រាយវិបត្តិនយោបាយក្រោយមាតុភូមិនិវត្តន៍ដែលដឹកនាំដោយលោកស្រី មួរ សុខហួរ នៅថ្ងៃទី ០៤ មករា ឆ្នាំ២០២១ខាងមុខនេះជាមុនសិន។

ជាងនេះទៀត លោកអះអាងថា លោកនឹងរង់ចំាមើលលទ្ធផលនៃការកាត់ទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះថា ប្រសិនបើសេរីភាពលោក កឹម សុខា និងមាតុភូមិនិវត្តន៍របស់លោកស្រី មួរ សុខហួរ មិនមានការប្រែប្រួលអ្វីទេនោះលោក អ៊ូ ច័ន្ទរ័ត្ន នឹងរួមជាមួយមនុស្សមួយចំនួនទៀត រៀបចំបង្កើតគណបក្សនយោបាយថ្មីមួយ មិនអោយហួសពីដំណាច់ខែមករា ឆ្នាំ ២០២១ ខាងមុខនេះឡើយ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន លោកកឹម សុខា នៅតែជាមនុស្សស្អាតស្អំ ព្រោះតុលាការមិនទាន់សម្រេចថាលោកមានទោសឬ អត់នៅឡើយ។ 

ក្រៅពីរំលាយបក្សសង្រ្គោះជាតិ តុលាការកំពូលបាន ចេញបម្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ធ្វើនយោបាយរយៈពេល៥ ឆ្នាំ។

កាលពីឆ្នាំ២០១៩ លោក អ៊ូ ច័ន្ទរ័ត្ន ព្រមទាំងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត ដូចជា លោកគង់ គាំ លោក គង់ បូរ៉ា លោក កង គឹមហាក់ លោក រៀល ខេមរិន្ទ និងលោក ជីវ កត្តា ជាដើម បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីព្រះមហាក្សត្រតាមរយៈក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងរឿងនេះ មានមន្ត្រីអតីតគណបក្សសង្គ្រោះជាតិមានចំនួន ១៤នាក់ហើយ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រតាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន គិតត្រឹមខែធ្នូ ឆ្នាំ ២០២០នេះ។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានបង្កើតគណបក្សថ្មីក្រោយទទួលបានសិទ្ធិនយោបាយឡើងវិញពីព្រះមហាក្សត្រ រួមមាន លោក គង់ បូរ៉ា ដឹកនាំគណបក្ស ឆន្ទៈខ្មែរ។ រីឯ លោក រៀល ខេមរិន្ទ្រ ដឹកនាំគណបក្សខ្មែរអភិរក្សនិយម និងគណបក្សខ្មែរស្រលាញ់ជាតិ ដឹកនាំដោយ ក្រុមលោក ជីវ កត្តា មានលោក កង គឹមហាក់ ជាដើម។

មកទល់នឹងពេលនេះ សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងលោក អ៊ូ ច័ន្ទរ័ត្ន ដើម្បីសុំបំភ្លឺពីការលើកឡើងរបស់លោកបាននៅឡើយទេ។

ក្រុមអ្នកឃ្លាំមើលសង្គម ត្អូញត្អែរថា ការបង្កើតគណបក្សថ្មីមិនមែនជារឿងខុសច្បាប់នោះទេ តែសូមបង្កើតមកគឺដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ប្រសិនបើបង្កើតមកចាំតែចូលបង្គ្រប់កិច្ចឲ្យបក្សកាន់អំណាច សូមកុំបង្កើតមកល្អជាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស