27 C
Phnom Penh

អាណាព្យាបាល និងអាជីវករខេត្តព្រះសីហនុ បន្តព្រួយបារម្ភពីសុវត្ថិភាព បង្កដោយជនសង្ស័យជនជាតិចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាណាព្យាបាល និងអាជីវករភាគច្រើន រស់នៅខេត្តព្រះសីហនុ បានអះអាងថា ជនសង្ស័យជនជាតិចិន នៅតែបន្តធ្វើសកម្មភាពហិង្សាវ៉ៃកាប់ចាក់ ចាប់បង្ខាំងមនុស្សជំរិតទាប្រាក់ និងប្រើប្រាស់អាវុធបាញ់បោះ យ៉ាងអនាធិបតេយ្យ ក្នុងក្រុងទេសចរណ៍មួយនេះ ដោយមិនញញើតសមត្ថកិច្ចទេ។

ក្រុមអាជីវករ និងអាណាព្យាបាល បញ្ជាក់ថា រាល់ថ្ងៃនេះ ការប្រកបរបរទទួលទានប្រចាំថ្ងៃ របស់ពួកគាត់ គឺមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពផ្ទាល់ខ្លួន ត្បិតឃើញជនជាតិចិន តែងធ្វើសកម្មភាពចាប់ជំរិតមនុស្សទារប្រាក់, បាញ់សម្លាប់មនុស្សតាមផ្លូវសាធរណៈ និងមានអាវុធខ្លីទំនើបៗ ប្រើប្រាស់ថែមទៀតផង។

ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះឆែកឆេរជនជាតិចិនម្នាក់ ជិះរថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតក្នុងសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលពលរដ្ឋ ផ្តល់ព័ត៌មានមកថា ឃើញមានអាវុធខ្លីជាប់ខ្លួន។

លោក ជួន ណារិន្ទ បន្តថា  ជាលទ្ធផល ក្រោយត្រួតពិនិត្យរថយន្ត  ជនជាតិចិនរូបនេះ សមត្ថកិច្ច បានរកឃើញអាវុធខ្លី ០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ។ 

បច្ចុប្បន្ននេះ ជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងវត្ថុតាងរថយន្ត ០១គ្រឿង និងសម្ភារដូចជាទូរស័ព្ទជាច្រើនគ្រឿងទៀត បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងស្រាវជ្រាវបន្តទៀត។ សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យជនជាតិចិនខាងលើនេះ ឈ្មោះ Wu Hai Zhu ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយពុំមានលិខិតឆ្លងដែន នៅជាប់ខ្លួនទេ និងស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញ ការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

យ៉ាងណាក៏ដោយចុះ អាណាព្យាបាល និងអាជីវកររស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយពង្រឹងកម្លាំងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ អ្នកវិនិយោគទុន ក៏ដូចជាភ្ញៀវទេសចរណ៍ ឲ្យបានច្រើនថែមទៀត ត្បិតបទល្មើសព្រហ្មទណ្ឌធំៗ នៅតែបន្តកើតមានជាបន្តបន្ទាប់ នាខេត្តទេសចរណ៍មួយនេះ មិនទាន់ស្រាកស្រាននៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស