31.8 C
Phnom Penh

ក្រសួងសុខាភិបាល ជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការច្បាប់ចំពោះអ្នកដែលគេចវេះពីការធ្វើចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ ឱ្យពង្រឹងការគ្រប់គ្រងសកម្មភាពធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខភាពសាធារណៈឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ជាថ្មីទៀត។ 

លើសពីនេះ ក្រសួងក៏បានជំរុញឱ្យអាជ្ញាធរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលមិនអនុវត្ត ឬគេចវេះពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។

ក្នុងលិខិតរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៣ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានណែនាំដល់អភិបាលរាជធានី-ខេត្ត អំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងការគ្រប់គ្រងពលករចំណាកស្រុកមកពីប្រទេសថៃ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ក្រសួងបានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងឡាយ ត្រូវពង្រឹងការគ្រប់អ្នកអ្នកធ្វើចត្តាឡីស័កឱ្យបានចំនួន១៤ថ្ងៃ។

បន្ថែមពីនេះ ត្រូវគ្រប់គ្រងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យបានហ្មត់ចត់បំផុត។ ជាងនេះទៀត ត្រូវអនុវត្តវិធានការសុខភាព     សាធារណៈ ព្រមទាំងផ្គត់ផ្គង់អាហារនិងរបស់ប្រើប្រាស់សម្រាប់អ្នកធ្វើចត្តាឡីស័កជាដើម។

ក្រសួងបញ្ជាក់ថា ប្រសិនបើបុគ្គលណាមិនគោរពអនុវត្តតាមវិធានការចត្តាឡីស័កចំនួន១៤ថ្ងៃ ឬរត់ចេញ ឬគេចវេះពីការធ្វើចត្តាឡីស័ក អាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែង ដោយមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

វិធានការច្បាប់ទាំងនោះ រួមមានការផាកពិន័យអន្តរការណ៍ចំនួនទឹកប្រាក់ពី២០ម៉ឺនរៀលទៅ១លានរៀល និងទោសព្រហ្មទណ្ឌផ្សេងទៀតទៅតាមច្បាប់កំណត់។

ការណែនាំនេះ ក្រោយពេលមានករណីពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅពីក្រៅប្រទេសមួយចំនួនបានគេចវេះពីការធ្វើចត្តាឡីស័ក ឬ ធ្វើការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកមិនបានត្រឹមត្រូវឡើយ។ ករណីខ្លះពួកគេបានលាក់បាំងអត្តសញ្ញាណរបស់ខ្លួនដែលមកពីក្រៅប្រទេសហើយដើរហើរសេរី។

ខ្លះទៀតបានរត់គេចមិនព្រមធ្វើចត្តាឡីស័កឡើយ។ រីឯខ្លះទៀត ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ ដោយលួចចេញក្រៅទៅទិញនេះទិញនោះ ឬញាំអាហារនៅទីសាធារណៈជាដើម។

បញ្ហាទាំងនេះ បានធ្វើឱ្យក្រសួង និងអាជ្ញាធរ ពិបាកក្នុងការស្វែងរកពួកគាត់មកធ្វើចត្តាឡីស័កជាថ្មីទៀត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់មនុស្សផ្សេងទៀតផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែធ្នូនេះ បញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន២នាក់ ថែមទៀត បានជាសះស្បើយ។

គិតត្រឹមថ្ងៃទី ២៤ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦៣នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងអ្នកជំងឺចំនួន ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស