28 C
Phnom Penh

នេប៉ាល់ឆ្ពោះទៅរកការបោះឆ្នោត ចំពេលការបែបបាក់ធ្ងន់ធ្ងរក្នុងបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយប្រឈមមុខនឹងការបែកបាក់កាន់តែខ្លាំង នៅក្នុងបក្សកាន់អំណាច នៃគណបក្សកុម្មុយនិស្ត នាយករដ្ឋមន្ត្រីរបស់បក្សនេះ បានសម្រេចសុំអោយមានការរំលាយរដ្ឋសភា ដែលមើលទៅ គឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញរបស់ប្រទេសអតីតរាជានិយមមួយនេះ។

នាយករដ្ឋមន្ត្រី KP Sharma Oli បានស្នើសុំរំលាយរដ្ឋសភា កាលពីថ្ងៃទី២០ ខែធ្នូ ហើយមួយថ្ងៃក្រោយមកប្រធានាធិបតី Bidya Bhandari បានប្រកាសរំលាយរដ្ឋភានេះតែម្ដងដោយប្រកាសថា ការបោះឆ្នោត សភានឹងប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០២១ ដែលនាំអោយប្រទេសភ្នំអេវើរ៉េសមួយនេះ ត្រៀមខ្លួនដើម្បីរុះរើ ទំព័រប្រវត្តិសាស្ត្រ និងការរុះរើមេដឹកនាំ។ នេប៉ាល់ ដើមឡើយមានឈ្មោះថា រាជាណាចក្រ Gorkha ឬ ចក្រព័ត្រ Gorkha។ របបនេះ មានអាយុបាន២៤០ឆ្នាំក៏បានរលាយ នៅឆ្នាំ២០០៨។

អំឡុងប្រទេសនេះប្រកាន់របបរាជានិយម គឺបានឆ្លងកាត់បទពិសោធន៍ដ៏ជូចត់នៃការរុកគួនដោយ ក្រុមឧទ្ទាមម៉ៅនិយម ហើយទីបំផុត របបនេះដួលរំលំទាល់បាននៅឆ្នាំ ២០០៨ គឺអំឡុងពេលពួកឧទ្ទាមម៉ៅនិយម សម្រេចទម្លាក់តស៊ូក្នុងព្រៃហើយប្រឡូកនឹងនយោបាយ ខណៈបក្ស របស់ក្រុមនេះ មានប្រជាប្រីយ៍ភាពជាខ្លាំង ក៏បានដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០០៨។ បក្សនេះបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីម្ដងទៀតនៅឆ្នាំ២០១៧ ម្តងទៀត។

នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨នោះ ហើយ ដែលរដ្ឋធម្មនុញ្ញ តាក់តែងដោយអតីតឧទ្ទាមកុម្មុយនិស្ត បានសម្រេចលែងអោយមានស្ដេចសោយរាជ្យ ហើយមហាក្សត្រ និងញាតិវង្ស Gyanendra Bir Bikram Shah Dev ត្រូវបាន បំបោះបង់ចោល ដោយបានយាងចាកចេញពីរាជវាំងទៅនៅជាយរាជធានី កាថាម៉ាន់ឌូ ដោយស្ងប់ស្ងាត។

ទីបំផុត កាថាន់ម៉ាឌូ លែងហៅថារាជធានី គឺទៅរដ្ឋធានី ។ រាជានិយមនេប៉ាល់ បានប្ដូរទៅ ជាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់មកទល់សព្វថ្ងៃនេះ។ ពួកកុម្មុយនិស្តបានរស់នៅ ក្នុងតំណែង ជាមេដឹកនាំប្រទេស ដោយបន្សល់ទុកអោយប្រវត្តិសាស្ត្រចាប់ផ្ដើមលុបដាន កេរ្តិ៍តំណែលនៃរបបរាជានិយម។

តែបែបនេះ បក្សកុម្មុយនិស្តមិនបានរស់នៅសុខស្រួលនោះច្រើនទេ ត្បិត មានមហាយក្សចិននៅពីក្រោយក៏ដោយ គឺកម្លាំងប្រជាធិបតេយ្យលំអៀងប្រទេសឥណ្ឌា បានរួមគ្នាខ្លាំងក្លា រុញអោយបក្សកាន់អំណាច មិនអាចដេកលុងលក់ ស្រួលឡើយដោយ  ធ្វើអោយបក្សនេះ មានជម្លោះក្នុងបក្ស ហើយជម្លោះគឺកើតចេញពីការដណ្ដើមអំណាចក្នុងបក្សផង និងករណីពុករលួយក្នុងគណៈរដ្ឋមន្ត្រីផង។

នាយករដ្ឋមន្ត្រីK P Sharma Oli ប្រឈមមុខជាខ្លាំង ក្នុងបក្ស ។ រដ្ឋមន្ត្រី៧រូប ដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី Pushpa Kamal Dahal និងអតីតនាយករដ្ឋមន្ត្រី Madhav Nepal ដែលនាយករដ្ឋមន្ត្រី សព្វថ្ងៃបង្ខំអោយចុះចេញពីតំណែង បានវាយប្រហារ ធ្ងន់ៗចំពោះ សមត្ថភាព និងការខ្វះសុចរឹកភាពនៃការដឹកនាំរបស់លោក Sharma Oli បណ្ដោយអោយមាន រឿងអាស្រូវកាន់តែច្រើនក្នុងការដឹកនាំ រដ្ឋាភិបាល។

កាលពីមួយខែមុននេះ ប្រជាជនរបស់ប្រទេសនេះរាប់ម៉ឺននាក់ បានចុះដើរតាមដងផ្លូវនៅពាសពេញរដ្ឋធានីកាថាម៉ាន់ឌូ ដោយរិះគន់នាយករដ្ឋមន្ត្រីរូបនេះ អំពីអសមត្ថភាពនៃការប្រឆាំងអំពើពុករលួយ ហើយពុករលួយ កើតឡើងខ្លាំងនៅពេលប្រទេសនេះធ្លាក់ក្នុងជំងឺកូវិដ។ ប្រទេសក្រីក្រមួយនេះ មាននិន្នាការ ខ្លាំងទៅរកចិន។ ប្រជាជន ប្រទេសនេះ មាន៣០លាននាក់ ។ ពលរដ្ឋឆ្លងជំងឺកូវិដ ជាង២សែន៥ម៉ឺន៣ពាន់នាក់ និងអ្នកស្លាប់១៧៨៨នាក់។

អ្នកសង្កេតការណ៍កំពុងសំឡឹងមើល ការបោះឆ្នោត ដែលអាចនឹងធ្វើឡើង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថាតើ បក្សកាន់អំណាចដែលពោលពេញ ដោយអំពើពុករលួយ និងក្រោមឥទ្ធិពលចិន អាចបន្តកាន់អំណាចបន្តទៀតឬទេ? តែបើបក្សកុម្មុយនិស្តនេះ ចាញ់ឆ្នោតពិតណាស់ បក្សប្រឆាំង នឹងឈ្នះឆ្នោត  ហើយនិន្នាការនយោបាយទៅរកចិន នឹងត្រូវកាត់បន្ថយ ប៉ុន្តែមិនរំពឹងថា របបរាជានិយម របស់ប្រទេស ភ្នំហិម៉ាល័យមួយនេះ អាចរស់ឡើងវិញនោះ ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស