33 C
Phnom Penh

សង្គមស៊ីវិលខេត្តព្រះសីហនុ អះអាថា អ្នកមានឈ្មោះកាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ភាគច្រើនមានឋានៈជារដ្ឋមន្ត្រី និងឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម និងពលរដ្ឋបានសំណូមពរដល់ លោក ហ៊ុន សែន ជួយស៊ើបអង្កេតទៅលើសកម្មភាព របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលជាអ្នករៀបចំឯកសារដាក់ជូន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ចុះហត្ថលេខាកាត់ឆ្វៀលដីមានទំហំសរុប ៧៥,៣០ហិកតា ទៅឲ្យឈ្មោះ អ៊ុំ តុង, ជា វ៉ាន់ដេត, សុខ លី, អ៊ុំ ឡា, ព្រំ វី និងឈ្មោះ  អ៊ុំ ឡា នាំឲ្យបំផ្លាញដល់ធនធានធម្មជាតិ ឬដីគម្របព្រៃឈើបៃតងឆ្នាំ២០០២ ដែលរាជរដ្ឋាភិបាល បានបម្រុងទុក និងដាក់ឲ្យ រដ្ឋបាលខេត្តព្រះសីហនុ គ្រប់អាណត្តិថែរក្សាឲ្យបានគង់វង្ស ប៉ុន្តែបែរជាត្រូវរលាយហិនហោចដោយស្នាដៃ លោក គួច ចំរើន មកដឹកនាំជាអភិបាលខេត្តព្រះសីហនុ ជិត០២ឆ្នាំបែបនេះទៅវិញ។

ទាក់ទិនបញ្ហានេះ លោក ព្រំ វី បុគ្គលម្នាក់ ស្ថិតក្នុងចំណោមមនុស្សច្រើនទៀត ដែលមានឈ្មោះ ក្នុងសំណើរកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុ នៅដើមសប្តាហ៍នេះ បានប្រតិកម្មចំពោះការផ្សាយ របស់ The Cambodia Daily ថា បរិវេណដី ដែលរូបគាត់បានស្នើកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នា២០០២នេះ គឺមាន ប័ណ្ណកម្មសិទ្ធិតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំ និងបានរស់អាស្រ័យផលជាក់ស្តែងនៅលើដីនោះថែមទៀត ដោយមិនជាប់ពាក់ព័ន្ធនឹងដីរបស់ពលរដ្ឋណាម្នាក់នោះទេ។

យ៉ាងនេះក្តី ឈ្មោះ ព្រំ វី មិនបានបង្ហាញប័ណ្ណកម្មសិទ្ធិ និងលិខិតស្នាមបង់ពន្ធទាំងនោះមកកាន់ The Cambodia Daily នោះទេ ដោយគ្រាន់តែផ្ញើសារជាសំឡេងមកកាន់ The Cambodia Daily ឲ្យជួយកែតម្រូវការផ្សាយប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ បានស្នើដល់លោក ហ៊ុន សែន ឲ្យជួយពិនិត្យចំពោះការអនុវត្តការងារ របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ន និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថាតើបានបំពេញតួនាទី របស់ខ្លួន បានត្រឹមត្រូវដែរឬទេ ជាពិសេសជួយពិនិត្យ ទៅលើឯកសារស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុនេះ ។

មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានទទួលស្គាល់ថា ចាប់តាំងពី លោក គួច ចំរើន បានមកដឹកនាំជាអភិបាលខេត្តព្រះសីហនុ គឺឃើញមានធនធានធម្មជាតិ របស់រដ្ឋ ដែលនៅសេសសល់រួមមាន៖ ដីគម្របព្រៃឈើឆ្នាំ២០០២, ឆ្នេរសមុទ្រ, ត្រពាំង បឹង អូរធម្មជាតិ, ដីឧទ្យានជាតិ និងធនធានធម្មជាតិច្រើនទៀត ត្រូវបានអភិបាលខេត្តរូបនេះ ស្នើធ្វើអនុប្រយោគទៅឲ្យបុគ្គល ឬឧកញ៉ាមានទ្រព្យ, មន្ត្រីមានបុណ្យស័ក្តិខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលត្រូវជាបក្ខពួក និងតាមការបង្គាប់បញ្ជា របស់ថ្នាក់លើ របស់ខ្លួន ជាបន្តបន្ទាប់នាពេលកន្លងមកនេះ។

បន្ថែមលើនេះ លោក គួច ចំរើន ខ្លួនឯង ថែមទាំងបានធ្វើសកម្មភាព គាំទ្រ មន្ត្រីមានអំណាច ឬឧកញ៉ាមានទ្រព្យស្តុកស្តម ដែលបានឃុបឃិតរំលោភប្លន់យកដីពលរដ្ឋ និងរំលោភយកទីតាំងដីសាធារណៈ របស់រដ្ឋជាច្រើនទីតាំង ដើម្បីប្រយោជន៍ខ្លួនឯងផង និងបក្ខពួកខ្លួនផង ដោយថែមទាំងបានបញ្ជូនកម្លាំងប្រដាប់អាវុធចម្រុះ និងប្រើប្រព័ន្ធតុលាការជាដើម គំរាមកំហែងចាប់ពលរដ្ឋ ដែលហ៊ានចេញមុខតវ៉ាលើវិវាទដីធ្លីដាក់គុកច្រវ៉ាក់ ដោយចោទពលរដ្ឋទាំងនោះថា ជាជនអនាធិបតេយ្យ ចូលមកទន្ទានកាន់កាប់ដីសាធារណៈ របស់រដ្ឋ និងដីឯកជនមានប័ណ្ណកម្មសិទ្ធិខុសច្បាប់ជាដើម ប៉ុន្តែផ្ទុយទៅវិញ លោក               គួច ចំរើន និងបក្ខពួក ទៅវិញទេដែលតែងតែបានឃុបឃិតបន្លំ ឬក្លែងឯកសារដាក់ជូន លោក ហ៊ុន សែន តាមរយៈស្នើធ្វើអនុប្រយោគ ឬកាត់ឆ្វៀលដីសាធារណៈ របស់រដ្ឋ ដោយខុសច្បាប់ និងមានភាពអនាធិបតេយ្យបំផុតនោះ។

ទោះជាបែបនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក គួច ចំរើន និង លោក ជា សុផារ៉ា  ដើម្បីបំភ្លឺជុំវិញការរិះគន់ លើករណីស្នើធ្វើអនុប្រយោគ ឬសំណើរកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ មានទំហំផ្ទៃដីសរុប ៧៥,៣០ហិកតា  ស្ថិតនៅសង្កាត់១ និង សង្កាត់៤ ក្រុងព្រះសីហនុ និងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ឲ្យក្លាយជាដីឯកជនរបស់រដ្ឋ បាននៅឡើយទេ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស