28.4 C
Phnom Penh

មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងថា ករណីដេកស្លាប់របស់ពលករខ្មែរបណ្តាលមកពីជំងឺក្រិនថ្លើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតខ្មែរប្រចាំសាធារណៈកូរ៉េ បានចោទថា ការលើកឡើងពីការស្លាប់របស់ពលករខ្មែរធ្វើការនៅសាធារណៈរដ្ឋកូរ៉េ គឺធ្វើឡើងក្នុងចេតនានយោបាយរបស់ក្រុមប្រឆាំងដើម្បីវាយប្រហារមកលើស្ថានទូតកម្ពុជាតែប៉ុណ្ណោះ។

សេចក្តីបំភ្លឺរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤ ខែធ្នូ នេះឲ្យដឹងថា ការស្លាប់របស់ពលការិនីខ្មែរឈ្មោះ នួន សុខខេង ដែលបានបម្រើការនៅប្រទេសកូរ៉េគឺបណ្តាលមកពីជំងឺក្រិនថ្លើមជាបញ្ហាចម្បង បន្ទាប់ពីទទួលបានរបាយការណ៍ផ្លូវការអំពីការធ្វើកោសល្យវិច្ច័យដែលផ្តល់ដោយប៉ូលីសកូរ៉េ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ។

ស្ថានទូតខ្មែរមួយនេះបានប្រតិកម្មថា ជាអកុសលក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែប្រឆាំង និងមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយធ្វើការវាយប្រហារមកកាន់មន្ត្រីស្ថានទូតកម្ពុជាដោយគ្មាន            មូលដ្ឋាន និងឆ្លៀងឱកាសកេងចំណេញនយោបាយពីមរណៈភាពរបស់ពលការិនី នួន សុខខេង ទៅវិញ។

ការអះអាងនេះធ្វើក្រោយមរណៈភាពរបស់ពលការិនីខ្មែរម្នាក់ឈ្មោះ នួន សុខខេង ដែលបានដេកស្លាប់ក្នុងគម្របតង់កៅស៊ូក្រោមអាកាសធាតុត្រជាក់ខ្លាំង -២០ អង្សាសេ ក្រោម សូន្យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងកសិដ្ឋានមួយកន្លែងស្ថិតក្នុង ខេត្តផូឆុន ខ្យុងហ្គីដូ។

កាលពីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងការងារកូរ៉េ និងអភិបាលខេត្តខេត្ត ផូឆុន ខ្យុងហ្គីដូ លោក លី ជេម្យុង បានសេចក្តីសេចក្តីថ្លែងការណ៍សូមទោសចំពោះការស្លាប់របស់ពលការិនីខ្មែរ នួន សុខខេង និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិតនៅក្នុងខ្ទមគ្របស្បោងផ្លាស ស្ទិក គ្មានម៉ាស៊ីនកំដៅកណ្តាលទីវាលស្ថិតក្រោមអាកាសធាតុដ៏សែនត្រជាក់នេះ។

ក្រសួងការងារ និងអភិបាលខេត្តរូបនេះ បានចេញបំរាមដាច់ណាត់ហាមឃាត់ចំពោះម្ចាស់កសិដ្ឋាន និងនិយោជក មិនឲ្យធ្វើខ្ទមគ្របស្បោងផ្លាស្ទិកឲ្យពលករស្នាក់នៅបន្តទៀតនោះទេ។

ក្រសួងការងារកូរ៉េ និងអភិបាលខេត្តខេត្តផូឆុន ខ្យុងហ្គីដូ លោក លី ជេម្យុង បានថ្លែងអំណរគុណចំពោះសារព័ត៌មាននានា អង្គការសង្គមស៊ីវិល និងអង្គការសាសនាមួយចំនួនដែលបានជួយឈឺឆ្អាលចំពោះរឿងនេះ។

លោកសង្ឃឹងថាថ្ងៃក្រោយពលករទាំងអស់ខាងកសិកម្ម នឹងបានរស់នៅកន្លែងសមរម្យជាងនេះតាមស្តង់ដាប្រទេសកូរ៉េ ជាមិនខាន។

ទាក់ទិននឹងបញ្ហានេះ ប្រធានចលនាយុវជនបក្សសង្រ្គោះជាតិប្រចាំសាធារណៈរដ្ឋកូរ៉េ លោក យឹម ស៊ីណន បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា បើទោះជា អាជ្ញាធរធ្វើកោសល្យវិច្ច័យថា នួន សុខខេង មានរោគក្រិនថ្លើមក៏ដោយ ប៉ុន្តែរឿងនេះនៅតែមានការសង្ស័យ និងត្រូវស៊ើបអង្កេតឲ្យបានហ្មត់ចត់ជាងនេះបន្តទៀត។

លោក បានប្រតិកម្មទៅនឹង សេចក្តីបំភ្លឺព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ ជាប្រធានគណៈកម្មាធិការបក្សប្រជាជនប្រចាំប្រទេសកូរ៉េថា ជាសេចក្តីបំភ្លឺព័ត៌មានដែលភ្ញាក់ពីដំណេកហើយសរសេរដើម្បីការពារមុខមាត់របស់ខ្លួនប៉ុណ្ណោះ  ត្បិតពួកគេមិនដែលខ្វល់ខ្វាយស្វែងរកមូលហេតុពិតនៃការស្លាប់របស់ពលរដ្ឋខ្លួនឡើយ ក្រៅតែពីចេញមុខទៅបូជាសព និងចេញលិខិតផ្សេងៗ ដើម្បីបញ្ចប់រឿងទាំងនោះ។

លោក យឹម ស៊ីណន ព្រមានថា មន្ត្រីស្ថានទូតខ្មែរត្រូវបញ្ឈប់រាល់អំពើពុករលួយ និងការមិនយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋខ្លួនបន្ទាន់ ត្បិតក្រុមគ្រួសារពលករកូរ៉េដែលបានស្លាប់តែង រអូថា មានមន្រ្តីស្ថានទូតខ្លះលួចស៊ីលុយខ្មោចពលករថែមទៀតផង។

ជាងនេះទៀត ពួកគេតែប្រើទីស្នាក់ការស្ថានទូត និងតួនាទីរបស់ខ្លួនធ្វើជាកន្លែងណាត់ជួបពលករខ្មែរដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេគាំទ្រមនោគមនវិជ្ជាបក្សកាន់អំណាចរបស់ខ្លួនថែមទៀតផង។

ក្រុមអ្នកឃ្លាំមើលសង្គម ជុំរុញ ឲ្យមន្ត្រីស្ថានទូតខ្មែរប្រចាំសាធារណៈរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់លើករណីពលករខ្មែរដែលបានស្លាប់កន្លងមក ហើយត្រូវដាក់ពាក្យប្តឹងចំពោះថៅកែក្រុមហ៊ុនទៅតាមផ្លូវច្បាប់ប្រទេសកូរ៉េ ដើម្បីទាមទាររកយុត្តិធម៌ជូនពលករកម្ពុជា ទាំងករណី ពលការិនី នួន សុខខេង និងពលករដែលបានស្លាប់ដទៃទៀតផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស