ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ត្អូញត្អែរថា ការដឹកនាំរបស់អ្នកនយោបាយខ្មែរ កំពុងទាញកម្ពុជាឲ្យជួបគ្រោះហានិភ័យយ៉ាងធ្ងន់ធ្ងរ ដែលជាគ្រោះថ្នាក់មិនអាចស្រោចស្រង់បាន និងបណ្តាលឲ្យបាត់អត្តសញ្ញាណជាតិ និងបូរណភាពទឹកដីទៅថ្ងៃអនាគតដោយជៀសមិនផុតនោះឡើយ បើសិនអ្នកនយោបាយដែលមានឥទ្ធិពល មិនប្រញាប់ផ្សះផ្សា និងរកឯកភាពជាតិ ទេនោះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន កំពុងលេងល្បែងឈានទៅរកការក្តោបក្តាប់សិទ្ធិអំណាចទាំងស្រុង គឺរំលោភតួនាទីព្រះមហាក្សត្រដើម្បីរៀបចំយន្តការបញ្ជាអំណាចរបស់ខ្លួន តាមមធ្យោបាយដាក់កៅអីអង្គុយក្បែររាជបល្លង ដើម្បីបញ្ជាព្រះមហាក្សត្រតែម្តង។
លោក អះអាងថា ជម្រើសបែបនេះ ជាយុទ្ធសាស្ត្រល្អបំផុត ក្រោយចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី ដែលអាចជួយឲ្យលោក ហ៊ុន សែន ក្តាប់អំណាចពេញដៃដដែល។
លោក ម៉ែន ណាត ព្រមានថា ទោះលោក ហ៊ុន សែន មានអំណាចធំយ៉ាងណាក៏ដោយ ក៏ជាអំណាចនោះ គឺដើម្បីបម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាម និងមហាអំណាចចិនកុម្មុយនិសប៉ុណ្ណោះ។ លើសពីនេះ ប្រសិនបើមានភាគីនយោបាយខ្មែរដែលមានឥទ្ធិពលណាមួយចូលរួមចូលរួមលេងល្បែងនេះ នោះកម្ពុជានឹងជួបគ្រោះធ្ងន់ធ្ងរទ្វេរដង ហើយពលរដ្ឋខ្មែរនឹងរងទុក្ខខ្លោចផ្សារជានេះបន្ថែមទៀត។
ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់លើការប្រើប្រាស់អំណាចរបស់លោក ហ៊ុន សែន ដែលបានរំលោភស្ថាប័នព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាដើម្បីបើកដៃឲ្យបរទេសឈ្លានពានលុកលុយទឹកដីខ្មែរតាមរយៈសន្ធិសញ្ញាខុសច្បាប់នានាដែលជាថ្នូរនឹងការកាន់កាប់អំណាចបន្តពូជរបស់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន គម្រាមថា បើព្រះមហាក្សត្រមិនព្រមចុះហត្ថលេខាយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីឲ្យរដ្ឋាភិបាលរបស់លោកយកទៅអនុវត្តក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមទេនោះ លោកនឹងរំលាយរបបរាជានិយមទៅជារបបសាធារណៈរដ្ឋវិញមិនខាន។
ក្រុមអ្នកឃ្លាំមើលសង្គមប្រតិកម្មថា សន្ធិសញ្ញបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ព្រមទាំងកិច្ចព្រមព្រៀងនានាបដូចជាសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាព្រមព្រៀងជាមួយប្រទេសវៀតណាម គឺផ្ទុយទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១។
ពួកគេរិះគន់ថា កម្ពុជានឹងរអិលធ្លាក់ជ្រោះកាន់តែជ្រៅដែលមិនស្រោចស្រង់បាន បើអំណាចត្រកូលហ៊ុន នៅតែបន្តកាន់កាន់ទឹកដីកម្ពុជា ត្បិតពួកគេបានយកបរទេសឈ្លានពានជាតិឯងធ្វើជាខ្នងបង្អែកដើម្បីឈ្នះល្បែងដែលខ្លួនបានរៀបចំឡើង ទោះត្រូវជាន់ពន្លិចកម្ពុជាលិចកប់ក្នុងជ្រោះនយោបាយរបស់ពួកគេក៏ដោយ ក៏ពួកគេមិនញញើតនឹងធ្វើដែរ។
ក្រុមអ្នកឃ្លាំមើលសង្គម ជំរុញឲ្យអ្នកនយោបាយខ្មែរដែលមានឥទ្ធិពលគ្រប់និន្នាការ និងគ្រប់ភាគីទាំងអស់ វិលទៅរកការផ្សះផ្សា និងឯកភាពជាតិរវាងខ្មែរ និងខ្មែរ ដោយភាពស្មោះត្រង់ ដើម្បីលើកស្ទួយស្មារតីជាតិឲ្យខ្ពង់ខ្ពស់ ដែលជាប្រយោជន៍ដល់ពលរដ្ឋ និងប្រទេសជាតិរបស់ខ្លួន៕