28.4 C
Phnom Penh

អតីតនាយករដ្ឋមន្ត្រីជប៉ុន សុំទោសសមាជិកសភាករណីជំនួយការរបស់លោក មានរឿងអាសត្រូវហិរញ្ញវត្ថុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គឺជារឿងអាម៉ាស់ណាសម្រាប់ មេដឹកនាំស្អាតស្ងំ។ បើមេដឹកនាំពុករលួយ មន្ត្រីពុករលួយអាងខ្លួនមានអំណាចគឺពិតណាស់មិនខ្ចីសុំទោស ឬទទួលកំហុស ឡើយ គឺមានតែវាយប្រហារចំអកអោយប្រព័ន្ធយុត្តិធម៌ទៀតផង ព្រោះដឹងពិតថា តុលាការនោះ នឹងមិនអាចកាត់ក្ដី អោយខ្លួនគេមានទោសនោះទេ ព្រោះជាតុលាការពុករលួយ។

សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ទំនងខុសគ្នាឆ្ងាយណាស់ ពីមេដឹកនាំបែបនេះ។ បុរសនេះទោះជាបានកាន់តំណែង                    យូរជាងគេក្ដី នៅក្នុងចំណោមនាយករដ្ឋជាច្រើនទៀត នៃប្រទេសជប៉ុន ប៉ុន្តែបុរសនេះគឺជាអ្នកក្លាហាន ហ៊ាន ទទួលកំហុស។ បុរសនេះ បានសម្រេចលាលែងពី តំណែងជានាយករដ្ឋន្ត្រីដល់ទៅ ២លើកមកហើយ ដោយមិនមានមហិច្ឆតាតោងអំណាចឡើយ។

គ្រាន់តែរឿងសុខភាពមួយសោះ លោកអាបេសម្រេចលាលែងពីតំណែងម្ដងទៀត ដែលរឿងនេះជារឿងដ៏កម្រ សម្រាប់ប្រទេសមួយចំនួន ដែលហ៊ានផ្ទេរភារកិច្ចទៅថ្នាក់ក្រោមជំនួសម្ដងម្កាល សឹងតែមិនអាចទៅរួចដែរ។

លោក អាបេ លាលែងពីតំណែងពីឋានៈជានាយករដ្ឋមន្ត្រី កាលពី ខែកញ្ញា បន្ទាប់ពីលោកបានកាន់តំណែងនេះបាន៨ឆ្នាំ។ ការលាលែងពីតំណែងរបស់លោកអាបេ ដោយសាររឿងសុខភាព បាននាំអោយមេដឹកនាំជាច្រើនភ្ញាក់ផ្អើល ជាខ្លាំង។

មេដឹកនាំខ្លះសំដែងការសោកស្ដាយ មេដឹកនាំខ្លះ ជូនពរ លោកអាបេ មានសុខភាពល្អ ហើយមេដឹកនាំខ្លះ បារម្ភខ្លាច មេដឹកជប៉ុន ជំនាន់ក្រោយ មិនអាចធ្វើបានដូចលោកអាបេ ក្នុងការពង្រឹងសន្តិសុខតំបន់ទប់ទល់នឹងប្រទេសចិន ដែលត្រូវបានចោទថាកំពុងវាតទី ក្នុងតំបន់អាស៊ី។

នៅថ្ងៃសុក្រទី២៥ធ្នូនេះទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា លោកអាបេ សុខចិត្តអាម៉ាស់មុខ នៅចំពោះមុខសមាជិកសភាដោយសុំទោស ជំនួសជំនួយការរបស់ខ្លួន ដែលបង្កអោយមានរឿងអាស្រូវហិរញ្ញវត្ថុ តិចតួចក្នុងការរៀបចំការប្រជុំនយោបាយមួយ ដែលប៉ះពាល់ ដល់ថវិកានៃកញ្ចប់ថវិការបស់ជាតិ។

លោកអាបេធ្លាក់ទឹកមុខយ៉ាងស្ងួត ដែលកន្លងមកលោកគិតថា ជំនួយការរបស់លោកនឹងមិនហ៊ានធ្វើដូចនេះទេ។ នៅចំពោះមុខគណៈកម្មការមួយនៃរដ្ឋសភា លោកសុំទោស ហើយបានសុំកែតម្រូវសេក្ដីថ្លែងការណ៍របស់លោកកន្លងមក កាលលោកនៅក្នុងតំណែង ហើយលោកបានថ្លែងការពារជំនួយការរបស់លោក។

ប៉ុន្តែលោកបានអះអាងថា ទោះជាជំនួយការរបស់លោកមានកំហុសបែបនេះក្ដី គឺរូបលោកក៏ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះដែរ។

និយាយដល់ត្រឹមនេះ លោកអាបេ ក៏បានសុំទោស ថែមទៀត ដល់ ជនរួមជាតិជប៉ុនរបស់លោក ដែលលោកថា ការសុំទោសនេះដោយចេញពីបេះដូងដ៏ស្មោះសរបស់លោក។

ក្នុងអំឡុងសន្និសីទព័ត៌មានកាលពីថ្ងៃទី ២៤ ខែធ្នូ អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានថ្លែងថាលោកពិតជាអត់ដឹងអំពីការពាក់ព័ន្ធការចាត់ចែងមូលនិធិរបស់ការិយាល័យរបស់លោកឡើយ។ តែលោកមានការទទួលខុសត្រូវខ្ពស់ចំពោះស្ថានការណ៍នេះ។

លោក បន្តថា ទោះបីជាការចាត់ចែងថវិកា បានធ្វើឡើងដោយគ្មានការដឹងឮរបស់លោកតែលោកមានអារម្មណ៍ថាជាកំហុសមួយធ្ងន់ធ្ងរ ហើយលោកសុំទោសដល់ពលរដ្ឋជប៉ុន។

ប្រទេសជប៉ុន មានច្បាប់មូលនិធិនយោបាយតឹងរ៉ឹង ដែលហាមដាច់ខាតអ្នកនយោបាយលួចប្រើប្រាស់ផ្ដល់ថវិការបស់រដ្ឋ ឬធ្វើជាអំណោយដល់អ្នកគាំទ្រ។

ការចេញទៅឆ្លើយតបនៅចំពោះមុខសមាជិកសភា របស់លោកអាបេនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២៤ ខែធ្នូក្រុមរដ្ឋអាជ្ញាបានចេញដីកាចោទប្រកាន់ប្រឆាំងជំនួយការរបស់លោក គឺលោក Hiroyuki Haikawa ។

តែលោកអាបេ ពុំរងការ ចោទប្រកាន់ជាផ្លូវការប្រឆាំងរូបលោក                     ឡើយ។ ក្រុមរដ្ឋអាជ្ញាបានកសាងសំណុំរឿងប្រឆាំងលោក Haikawa អាយុ ៦១ឆ្នាំ ដែលពុំបានកត់ត្រាចំណូល និងចំណាយនានាពាក់ព័ន្ធនឹងកម្មវិធីជួបជុំមួយក្នុងវេទិកានយោបាយជាមួយអ្នកគាំទ្រ។

ក្រុមរដ្ឋអាជ្ញា បានបង្ហាញភស្តុតាង ថា ចំណូលនិងចំណាយសរុបនេះដែលពុំបានប្រកាសក្នុងរបាយការណ៍មូលនិធិនយោបាយប្រហែលមានចំនួនលើស ៣៨ម៉ឺន ៧ពាន់ ដុល្លារអាមេរិក។ 

តាមការអះអាងរបស់រដ្ឋអាជ្ញាការចំណាយលើព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅសណ្ឋាគារប្រណីតចំនួន២កន្លែងនៅក្នុងទីក្រុង តូក្យូអាចមានជាង២២ម៉ឺនដុល្លារ។ តែការចំណាយ ច្រើនជាងថវិកាប្រមូលបានពីអ្នកចូលរួមដែលនាំអោយមានការសង្ស័យពីការដកប្រាក់ពីកញ្ចប់ថវិការបស់នាយករដ្ឋមន្រ្តី។

តែអ្នកសង្កេតការណ៍ មើលឃើញថា ទំនង ដោយសាររឿងអាស្រូវនេះ មួយផ្នែកដែរ ទើបជំរុញអោយលោកអាបេសម្រេចលាលែងពីតំណែង គឺដើម្បី ងាយចូលខ្លួននៅចំពោះមុខតុលាការ ដោយមិនចង់ក្លាយជា មេដឹកនាំ ឬជាអ្នកនយោបាយកំពុងមានអំណាចក្នុងដៃ ចូលខ្លួនក្នុងតុលាការ ហើយមិនចង់តាំងខ្លួនជាអ្នកប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌នៃប្រទេសមួយដែលមានតុលាការឯករាជ្យនោះដែរ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស