31 C
Phnom Penh

អ្នកវិភាគថា អ្នកមានបំណងកម្ចាត់ព្រះមហាក្សត្រចេញពីរាជបល្ល័ង កំពុងចូលរួមអនុវត្តន៍ផែនការកា្តប់អំណាចរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយអះអាងថា អ្នកនយោបាយដែលមានបំណងចូលរួមកម្ចាត់ព្រះមហាក្សត្រចេញពីព្រះរាជបល្ល័ង គឺស្មើនឹងជួយឲ្យ លោក ហ៊ុន សែន អាចក្តាប់អំណាចបានកាន់តែណែនមួយកម្រឹតថែមទៀត ប្រៀបដូចរំលាយច្បាប់ ២ ភាគ៣ បង្កើតច្បាប់៥០% បូក១ ដូច្នេះដែរ។

អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើទំព័រហ្វេសប៊ុក  ដោយរិះគន់ថា អ្នកដែលទិតៀនដើម្បីឲ្យព្រះមហាក្សត្រលាលែងពីរាជបល្ល័ង្ក គឺស្មើនឹងមានបំណងជួយឲ្យលោក ហ៊ុន សែន ឡើងធ្វើជាស្ដេចទៅថ្ងៃអនាគត ទោះមិនមែនជួយលោក ហ៊ុន សែន ក្លាយជាស្ដេចរាជបល្ល័ង្ករាជានិយម ក៏ជាស្ដេចក្នុងរបបសាធារណរដ្ឋដែរ។ លោកបន្តថា ក្រឡាអុកបែបនេះ លោក ហ៊ុន សែន ដេកស្រមៃចង់បានទាំងយប់ទាំងថ្ងៃ ព្រោះជាក្តីបា្រថ្នាចុងក្រោយរបស់គាត់ ដូចដែលគាត់ធ្លាប់ស្រមៃ កាន់កាប់អំណាចរដ្ឋាភិបាលទាំងមូល ហើយក៏បានកែប្រែរូបមន្តពី ២ ភាគ ៣ មកជា ៥០%+១ កាលពីឆ្នាំ២០០៦ ដែលអាចឲ្យលោក ហ៊ុន សែន ក្ដោបក្តាប់អំណាចរដ្ឋគ្រប់ស្ថាប័នទាំងអស់បាន ១០០% នោះ។

លោក គឹម សុខ បញ្ជាក់ថា នៅពេលកម្ពុជាមានប្រជាធិបតេយ្យ និងនីតិរដ្ឋពេញលេញហើយនោះ ចំពោះព្រះមហាក្សត្រ សូមប្រគល់ជូន ពលរដ្ឋជាម្ចាស់ប្រទេសជាអ្នកសម្រេចចុះ ប៉ុន្តែប្រសិនបើលោក ហ៊ុន សែន ក្លាយជាស្ដេចវិញនោះ កម្ពុជាដ៏តូចនៅជាប់របងបរទេសអ្នកឈ្លានពានដែលចិញ្ចឹមមហិច្ឆតាគ្រប់គ្រងកម្ពុជាតាំងពីយូរមកហើនោះ នឹងមិនអាចរក្សាបូរណភាពទឹកដីរបស់ខ្លួនបានទៀតនោះទេ។

ការអះអាងនេះធ្វើ បន្ទាប់ពីអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បាន និយាយប៉ះពាល់ដល់កិតិ្តយសអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ថាជាស្តេចទីងមោងដែលចាញ់បោកលោកហ៊ុន សែន  ហើយបានជុំរុញឲ្យព្រះអង្គដាក់រាជ្យថែមទៀតផង។

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្រះមហាក្សត្រសព្វថ្ងៃ ជាស្តេចទីងមោងតែប៉ុណ្ណោះ ពីព្រោះព្រះអង្គធ្វើអ្វីៗ តាមតែបញ្ជាលោក ហ៊ុន សែន ទាំងអស់។ លើសពីនេះ ទ្រង់មិនដែលគិតគូរពីរឿងប្រទេសជាតិណាម្តងឡើយ ហើយសម្ងំយកតែសុខសម្រាប់តែអង្គឯង ដូចជាសត្វសេកក្នុងទ្រុងមាស ដែលលោក ហ៊ុន សែន យកថវិកាជាតិទៅចិញ្ចឹម តែគ្មានបានប្រយោជន៍អ្វីសោះឡើយ សម្រាប់ប្រជារាស្ត្រខ្មែរ។

លោក សម រង្ស៊ី លើកឡើងទៀតថា បើព្រះមហាក្សត្រសព្វថ្ងៃ គ្មានអំណាចធ្វើអ្វីបានទេ ព្រះអង្គគួរតែយាងចុះពីរាជបល្ល័ង្គទៅ ព្រោះថា ព្រះអង្គមិនត្រូវគង់ជាមហាក្សត្រទីងមោង ដើម្បីគ្រាន់តែប្រថាប់ត្រាឲ្យ ហ៊ុន សែន បំផ្លាញជាតិ និងធ្វើបាបរាស្ត្រតាមចិត្ត ដូចសព្វថ្ងៃនេះទេ។ លោកថា ព្រះអង្គមិនត្រូវធ្វើឲ្យខូចព្រះនាម ព្រះមហាក្សត្រ ក្នុងប្រវត្តិសាស្ត្រជាតិនោះឡើយ។

ផ្ទុយពីការលើកឡើងរបស់លោក សម រង្ស៊ី សម្រាប់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅថ្ងៃទី២៨ ខែធ្នូ បានចេញសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ថា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១។ លោកសូមសម្ដែងនូវអំណរសាទរ ចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យបវរសួស្ដី សិរីវឌ្ឍនា មហាប្រសើរ និងសូមឲ្យព្រះអង្គគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រ ជារៀងរហូតតរៀងទៅ។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់លោកថា យើងទាំងអស់គ្នា មិនត្រូវទិតៀន ប្រមាថព្រះមហាក្សត្រទេ។

ប៉ុន្តែត្រូវជួយទាមទារមធ្យោបាយផ្សេងៗ ដើម្បីឲ្យព្រះអង្គអាចបំពេញព្រះរាជកិច្ចជូនជាតិឲ្យបានពេញលេញដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញវិញ នោះទើបជាការប្រសើរ។

ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្នុងកាលៈទេសៈនយោបាយកម្ពុជាកំពុងជួបវិបត្តិបែបនេះ អ្នកនយោបាយគ្រប់ ភាគីទាំងអស់ត្រូវសហការគ្នារកដោះស្រាយជូនជាតិ និងប្រជាជនវិញទើបជាការល្អ។

លោក ថា បើនាំគ្នាទិតៀន និងរិះគន់គ្នាទៅវិញទៅមកនោះនឹងនាំឲ្យបែកបាក់ជាតិកាន់តែខ្លាំងតែប៉ុណ្ណោះ។ ជាងនេះទៀត គួរនាំគ្នាគោរពតាមរដ្ឋធម្មនុញ្ញដែលបានចែងពីការ ការពារព្រះមហាក្សត្រដែលមិនអនុញ្ញាតិឲ្យបុគ្គលណាស្ថាប័នមួយណា រំលោភបំពានព្រះអង្គឡើយ។

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស និងក្រុមអ្នកឃ្លាំមើលសង្គម ចោទសួរថា តើការទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្ក របស់លោក សម រង្ស៊ី ជាការសម្បទាននយោបាយជូនលោក ហ៊ុន សែន សម្រាប់ឆ្នាំថ្មី២០២១នេះ ដើម្បីទទួលបានឱកាសសម្រាប់ខ្លួនឯងអាចវិលត្រទ្បប់ចូលឆាកនយោបាយកម្ពុជាវិញ ឬយ៉ាងណា?

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស