ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញមោទនភាពថា កម្ពុជាទទួលបានលទ្ធផលជោគជ័យដ៏ធំធេងក្នុងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុង ការរីករាលដាលនៃជំងឺកូវីដ១៩ ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍នានាផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានប្រកាសបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ រយៈពេល៣ខែ គឺខែមករា កុម្ភៈ និងខែមីនា ក្នុងឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងសមធម៌។
ជុំវិញវិធានការនេះ លោក ស ខេង បានបញ្ជាឲ្យមន្ត្រីរដ្ឋបាលខេត្ត ក្រុង ស្រុក ខ័ណ្ឌ តាមដាន ត្រួតពិនិត្យ និងជុំរុញ មេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវតែអនុវត្តន៍ប្រកបដោយ គណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាពខ្ពស់។ លើសពីនេះ ក៏ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ផងដែរ ចំពោះមន្ត្រីរូបណាដែលអនុវត្តន៍មិនប្រក្រតីក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
ចំណាត់ការនេះធ្វើឡើង មុននឹងរដ្ឋាភិបាលកម្ពុជា បន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងជុំទី៤ ដែលនឹងប្រព្រឹត្តទៅ រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែ មីនា ក្នុងឆ្នាំ២០២១ ខាងមុខនេះ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដែលបានចែង ថា ចំនួនទឹកប្រាក់ ត្រូវផ្តល់ជូនគឺចន្លោះពី ១ម៉ឺន ៦ពាន់រៀល ទៅដល់ ១២ម៉ឺន រៀលក្នុងមួយគ្រួសារ ដែលនឹងធ្វើឡើងតាមប្រភេទគ្រួសារក្រីក្រក្នុងកម្រិត១ គឺជំពូកអ្នកដែល ទីទ័លក្រខ្លាំង និងកម្រិត២ ជំពូកអ្នកក្រធម្មតា។
កាលពីចុងខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានប្រកាសផ្តល់កញ្ចប់សាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងពេលវិបត្តិកវីដ១៩ ប្រមាណជា ៦០ម៉ឺនគ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពួកគេ។ ក្នុងនោះ លោក បានព្រមានថា លោកនឹងចាត់វិធានការក្តៅផងដែរ ប្រសិនបើលោករកឃើញថានៅ ភូមិ ឃុំ សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រក្រី និងងាយរងគ្រោះទាំងនោះ។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល បានរិះគន់ថា មកទល់នឹងពេលនេះមិនទាន់ឃើញរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ណាមួយលើមន្ត្រីមូលដ្ឋានខិលខូចដែលប្រព្រឹត្តអំពើពុករលួយក្នុងការឧបត្ថម្ភសាច់ប្រាក់នេះបានមួយករណីនៅឡើយទេ ខណៈមន្ត្រីជំនាញរបស់ខ្លួន បានអះអាងថា ពួកគេធ្លាប់បានរកឃើញ និងដកហូតប័ណ្ណក្រីក្រពីប្រជាពលរដ្ឋដែលមានជីវភាពធូរធាជាង ៣ពាន់គ្រួសារ កន្លងមក យ៉ាងណាក៏ដោយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក មឿន តុលា បានបា្រប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដើម្បីបំបាត់អំពើពុករលួយទាំងនោះរដ្ឋាភិបាលត្រូវបញ្ចប់អំពើនិទណ្ឌភាព ទៅលើមន្ត្រីទាំងឡាយណាដែលបានឃុបឃិតគ្នាប្រព្រឹត្តបទល្មើសដោយរំលោភលើតួនាទីរបស់ខ្លួនជាមុនសិន។
លោក អះអាងថា អំពើពុករលួយនៅកម្ពុជាមិនអាចបំបាត់បានទេ បើអ្នកដឹកនាំទាំងនោះមិនអាចធ្វើជាគំរូល្អសម្រាប់ថ្នាក់ក្រោម ត្បិតមន្ត្រីនៅមូលដ្ឋានតែងរង់ចាំមើល និងអនុវត្តន៍តាមមន្ត្រីថា្នក់លើរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះហើយទើបអំពើពុករលួយកើតមានឡើងជាប្រព័ន្ធនៅកម្ពុជា ហើយជាប្រព័ន្ធដ៏រឹងមាំមិនអាចលុបបំបាត់បាន។
លោក មឿន តុលា រិះគន់ថា អ្នកដឹកនាំរដ្ឋ របស់កម្ពុជាមិនបានយកតួនាទីដែល ពលរដ្ឋបានបោះឆ្នោតគាំទ្រទៅដឹកនាំប្រទេសនោះទេ តែបែរជាយកតួនាទីនោះមកដឹកនាំ និងរកភាពរីកចម្រើនឲ្យបក្សរបស់ខ្លួនទៅវិញ។ លោកថា បើអ្នកដឹកនាំជាន់ខ្ពស់ខាងលើនៅតែប្រកាន់ជំហរបែបនេះ សូមកុំសង្ឃឹមថាមន្ត្រីថ្នាក់ក្រោមអនុវត្តន៍ការងារមានតម្លាភាព គណនេយ្យ និងប្រសិទ្ធិភាពឲ្យសោះ។
ក្រុមអ្នកឃ្លាំមើលសង្គម ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេត និងដាក់ទោសទណ្ឌលើមន្ត្រីដែលល្មើសទៅនឹងវិធានការច្បាប់ដែលបានចេញប័ណ្ណឲ្យសាច់ញាតិខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ ឲ្យខាងតែបាន។ ពួកគេយល់ឃើញថាការកេងបន្លំចេញប័ណ្ណក្រីក្រផ្ទុយទៅនឹងការណែនាំរបស់រដ្ឋាភិបាលនេះ គឺមិនអាចកើតមានទេ បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនោះ៕