35 C
Phnom Penh

លោកហ៊ុន សែន បន្តពុះជ្រៀកបឹងតាមោកបន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោកហ៊ុន សែន បានបន្តពុះជ្រៀកបឹងតាមោកឱ្យទៅ ស័យឯកជន បន្ថែមទៀត ក្នុងទំហំផ្ទៃដីជាង ២រយហិកតា។

សេចក្តីជូនដំណឹង ឬស.ជ.ណ ចំនួន២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅឯកជន រួមមានសជណ ចុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ស.ជ.ណ ទី១មួយនេះ គ្រាន់តែបញ្ជាក់ថាជាការដោះដូរដីរបស់ពួកគេជាមួយរដ្ឋាភិបាល។ ដោយរដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោក ២០ហិកតា ឲ្យទៅអ្នកទាំង២ ហើយអ្នកទាំង២ ប្រគល់ដីរបស់ខ្លួន ដែលមានទំហំជាង១ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរដ្ឋាភិបាលវិញ។

លើសពីនេះ ពួកគាត់ទាំង២ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន សង់អគារទីបញ្ជាការមួយ ដែលមានទំហំ២១,៧ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ នៅលើផ្ទៃដីជាង១,៥ពាន់ម៉ែត្រការ៉េនោះ ដោយបំពាក់សម្ភារបរិក្ខារចាំបាច់នានា។

ស.ជ.ណ ដដែល កំណត់ថា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាល លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រូវចាប់ផ្តើមសង់អគារទីបញ្ជាការនេះឲ្យរួចរាល់ក្នុងរយៈពេល១៨ខែ ហើយប្រគល់ទៅឲ្យសាលារាជធានីភ្នំពេញ។

ដោយឡែក ស.ជ. ណទី២នេះ បានបង្ហាញថា រដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋមន្ត្រី បានសម្រេចកាត់ផ្ទៃបឹងតាមោកជាង១៩៦ហិកតា (១៩៦,៥៦៥៩ហិកតា) ទៅឲ្យអ្នកស្រី អ៊ុយ បូវី និង អ្នកស្រី គង់ សុធី។ ប៉ុន្តែស.ជ.ណ ទីពីរនេះមិនបានបញ្ជាក់ពីមូលហេតុ និងថាតើការកាត់ផ្ទៃបឹងតាមោកយ៉ាងច្រើននេះ សម្រាប់ធ្វើអ្វីនោះឡើយ។

កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលខ្លួនឯងបានចេញអនុក្រឹត្យ ស្តីពីការកំណត់ផ្ទៃបឹងទំនប់កប់ស្រូវ ឬបឹងតាមោក មានទំហំផ្ទៃជាង៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ មកដល់ពេលនេះ យ៉ាងហោចណាស់មានអនុក្រឹត្យនិងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន៩លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលមានផ្ទៃដីជិត១ពាន់ហិកតា។

ការកាត់ផ្ទៃបឹងធម្មជាតិ និងជាបឹងចុងក្រោយធំជាងគេនៅរាជធានីភ្នំពេញឱ្យទៅឯកជន និងរដ្ឋ ក្រោមស្លាកអភិវឌ្ឍន៍នេះ រងការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល ព្រមទាំងពលរដ្ឋមួយចំនួន។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អ្នកស្រី ចក់ សុភាព បានលើកឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា រដ្ឋាភិបាលគួរបង្ហាញពីការវាយតម្លៃផលប៉ះពាល់ និងមូលហេតុនៃការកាត់ផ្ទៃបឹងតាមោកជាបន្តបន្ទាប់ ដល់សាធារណៈជនឱ្យបានដឹង។

កាលពីខែកញ្ញា សកម្មជនបរិស្ថាន៣រូបរួមមានលោកថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញាឡុង គន្ធា  ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនបន្ទាប់ពី សមាជិកពួកគេកញ្ញា ឡុង គន្ធា ប្រកាសពីគម្រោងធ្វើដំណើរដោយថ្មើជើងពីវត្តភ្នំ មកកាន់ផ្ទះលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ក្បែរវិមានឯករាជ្យ ប្រាប់ពីទុក្ខកង្វល់ស្តីពីបញ្ហាប្រឈមបណ្តាលមកពីការលុបបឹងតាមោក។

ពួកគេចង់ឱ្យមានកិច្ចអន្តរាគមន៍បញ្ឈប់គម្រោងអភិវឌ្ឍន៍នៅតំបន់បឹងតាមោកជាបន្ទាន់ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងសង្គមនៅថ្ងៃអនាគត ។

មកទល់ពេលនេះ សកម្មជនបរិស្ថានទាំងបីរូប ត្រូវជាប់ពន្ធនាគារជិត៤ខែមកហើយ ដោយតុលាការចោទប្រកាន់ពួកគេពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិត ខណៈសហគមន៍ជាតិនិងអន្តរជាតិចាត់ទុកករណីនេះថាជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស