38 C
Phnom Penh

សង្គមស៊ីវិលថា ការផ្អាកអាជីវកម្មបណ្តោះអាសន្នរបស់សណ្ឋាគារឡឺម៉េរីឌានអង្គរក្រោមហេតុផលកូវីដ១៩ ជាចេតនាអាក្រក់ដើម្បីលុបបំបាត់សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិល បានលើកឡើងថា ការប្រកាសផ្អាកអាជីវកម្មជាបណ្តោះអាសន្នរបស់ម្ចាស់សណ្ឋាគារឡឺម៉េរីឌានអង្គរក្នុងខេត្តសៀមរាប ក្រោមហេតុផលកូវីដ១៩ និងស្នើឱ្យមានការបញ្ឈប់សហជីព គឺជាចេតនាអាក្រក់មួយ ដើម្បីលុបបំបាត់សហជីពក្នុងសណ្ឋាគារនេះតែម្តង។

ការលើកឡើងនេះ ក្រោយពេលភាគីសណ្ឋាគារឡឺម៉េរីឌានអង្គរបានប្រកាសផ្អាកអាជីវកម្មក្រុមហ៊ុនរបស់ខ្លួនជាបណ្តោះអាសន្ន ហើយប្រកាសផ្តល់សំណងដល់បុគ្គល សហជីពជាដើម។

បន្ថែមពីនេះ កាលពីថ្ងៃទី ២៣ខែធ្នូ នាយិកាសណ្ឋាគារឡឺម៉េរីឌានអង្គរបានផ្ញើលិខិតមួយទៅមន្ទីរការងារខេត្តសៀមរាប ស្តីពីការស្នើសុំបញ្ឈប់ ថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិកចំនួន៤រូប រួមមានលោក លី លីនដា លោក សឿន សោម លោក ម៉ែន គឹមសួរ ដែលជាថ្នាក់ដឹកនាំសហជីពក្នុងសណ្ឋាគារនេះ។ ដោយឡែក លោក ឆប ភេទ ជាប្រតិភូបុគ្គលិកពីការងារ។ 

ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក ច័ន្ទ សុខុមចិន្តា កាលពីថ្ងៃទី២៥ខែធ្នូ បានផ្ញើលិខិតមួយទៅនាយិកាសណ្ឋាគារឡឺម៉េរីឌានអង្គរវិញ ស្តីពីការស្នើសុំបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិកពីការងារនេះ។ 

មន្ទីរការងារគ្រាន់តែបញ្ជាក់ថា ការបញ្ឈប់សហជីពទៅបាន គឺផ្អែកទៅតាមមាត្រា ២៨ថ្មី ចំណុចទី២ នៃច្បាប់សហជីព ដែលចែងថា សហជីពមួយត្រូវបានរលាយដោយស្វ័យប្រវត្តិក្នុងករណីដែលសហគ្រាស ឬគ្រឹះស្ថានត្រូវបានបិទលែងដំណើរការជាស្ថាពរ និងបានទូទាត់ជាស្ថាពរនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត។

យ៉ាងណាមន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិង សិទ្ធិមនុស្ស លោកឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា នេះជាចេតនាអាក្រក់មួយដោយប្រើលេសបញ្ហាកូវីដ១៩ ក្នុងការផ្តល់សំណងដល់កម្មករនយោជិត និងជាកម្មវត្ថុដើម្បីរំលាយសហជីព។ 

លោកបន្តថា សណ្ឋាគារនេះ មិនបានបង្ហាញមូលហេតុពិតប្រាកដឬបង្ហាញតម្លាភាពក្នុងការផ្អាកអាជីវកម្មជាបណ្តោះអាសន្ននោះឡើយ ដោយគ្រាន់តែជូនដំណឹងទៅបុគ្គលិកថាសណ្ឋាគារខ្លួននឹងត្រូវបានផ្អាកអាជីវកម្មជាបណ្តោះអាសន្នប៉ុណ្ណោះ។

លោកថា នេះ ជាចេតនារបស់ម្ចាស់សណ្ឋាគារដោយបង្ហាញពីការប្រើប្រាស់លេសកូវីដ១៩ ដើម្បីរំលាយសហជីព និងផ្តាច់កិច្ចសន្យានយោជិតផងដែរ។

លោកបន្ថែមថា ការរំលាយសហជីពឬ បញ្ឈប់សហជីពជាផ្លូវការទៅបាន ឬផ្តាច់កិច្ចសន្យាបុគ្គលិក លុះត្រាតែសណ្ឋាគារនេះប្រកាសបិទជាស្ថាពរ។

លោកឃុន ថារ៉ូ ថា មានស្ត្រីជាសកម្មជនសហជីពក្នុងសណ្ឋាគារនេះមួយចំនួននៅមិនទាន់ទទួលបានសំណងត្រឹមត្រូវតាមផ្លូវច្បាប់នៅឡើយទេ ហើយពួកគាត់ក៏នៅបន្តទាមទារឱ្យមានដំណោះស្រាយផងដែរ។

កាលពីខែកក្កដា ថៅកែសណ្ឋាគារមួយនេះបានបញ្ឈប់ សកម្មជនសហជីពសណ្ឋាគារឡឺម៉េរីឌានចំនួន៣នាក់ជាបន្តបន្ទាប់រួមមាន អ្នកស្រី ខាំ សុភ័ក្ត្រ កញ្ញា ឌឿម ឆៃយ៉ា និងអ្នកស្រី សុខ ណារ៉ែន ។

ក្រោយការបញ្ឈប់តំណាងសហជីពនេះ កម្មករនិយោជិតរាប់សិបនាក់ បានចេញមុខតវ៉ានៅខាងមុខសណ្ឋាគារស្ទើរជារៀងរាល់ឆ្នាំ ទាមទារទៅថៅកែឱ្យទទួលយកតំណាងពួកគេ៣នាក់ចូលបម្រើការងារវិញ ដោយមិនអាចយកបញ្ហាកូវីដ១៩ ដើម្បីបញ្ឈប់តំណាងរបស់ខ្លួននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស