34 C
Phnom Penh

ពលរដ្ឋអះអាងថា ឈ្មួញដីឈ្មោះ ញ៉ក់ គឹមតុង កំពុងស្វែងរកការគេចផុតពីការចាប់ខ្លួនដាក់ពន្ធនាគារលើករណីទន្ទ្រានដីរដ្ឋខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមអ្នកឃ្លាំមើលបរិស្ថាន ប្រចាំខេត្តព្រះសីហនុ បានរិះគន់ចំពោះចំណាត់ការ របស់សមត្ថកិច្ច និងតុលាខេត្តព្រះសីហនុ ដែលមិនហ៊ានចាត់ការទៅលើឈ្មោះ ញ៉ក់ គឹមតុង ជាមេក្លោងទន្ទ្រានរំលោភកាន់កាប់ដីរដ្ឋខុសច្បាប់  ដោយទុកឲ្យបុគ្គលរូបនេះ មានសេរីភាពដើរហើរ ហើយមិនញញើតនឹងដីកាចាប់ឃុំខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុនោះទេ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ បានទទួលស្គាល់ថា រហូតមកដល់ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពិតជានៅមិនទាន់ចាប់ខ្លួន មេក្លោងទន្ទ្រានរំលោភកាន់កាប់ដីរដ្ឋខុសច្បាប់ ឈ្មោះ ញ៉ក់ គឹមតុង យកមកផ្តន្ទាទោស ឬទទួលខុសត្រូវ ចំពោះមុខច្បាប់នៅឡើយទេ។

ប្រភពមិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មួញបំផ្លាញព្រៃឈើរដ្ឋ ឈ្មោះ ញ៉ក់ គឹមតុង ដែលកំពុងរត់គេចខ្លួនពួនអាត្មា បានពឹងពាក់ឲ្យបក្ខពួក ឬខ្នងបង្អែក របស់ខ្លួន ដែលជាមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល រត់ការដើម្បីទម្លាក់ចោលការចោទប្រកាន់ និងគេចផុតពីការចាប់ឃុំខ្លួន ដាក់ពន្ធនាគារជាដើម។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក កែវ មុនី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ចោទពីបទកាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ ប្រព្រឹត្តិនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួននោះ លោក កែវ មុន្នី បញ្ជាក់ថា ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មានទីកន្លែងកំណើតក្រុមទី១៣ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ជាង ស៊ុនគីម មានទីលំនៅបច្ចុប្បន្នសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចោទពីបទ កាប់រានព្រៃ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ គឺជាបទល្មើសដែលមានចែង និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ។

យ៉ាងនេះក្តី រហូតមកដល់ពេលនេះ ឈ្មោះ ញ៉ក់ គឹមតុង ដែលត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាតាមចាប់ខ្លួន កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នៅឡើយ។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់មានប្រភពអាចទាក់ទង ឈ្មោះ ញ៉ក់ គឹមតុង ដើម្បីបំភ្លឺជុំវិញការចេញដីកា របស់សាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឲ្យតាមចាប់ខ្លួនលោកនៅឡើយទេ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស