ពលរដ្ឋខេត្តព្រះសីហនុ សំណូមពរដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយមានវិធានការបន្ថែម ដើម្បីទប់ស្កាត់បទល្មើសចោរឆក់ប្លន់ គ្រឿងញៀន ចាប់ជំរិតមនុស្ស និងការប្រើប្រាស់អាវុធខុសច្បាប់ជាដើម ដែលបន្តធ្វើសកម្មភាព ក្នុងក្រុងព្រះសីហនុ ឲ្យមានប្រសិទ្ធភាព។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ មានបុរស ជនជាតិចិនម្នាក់ បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដោយបញ្ជាក់ថា មានជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយ របស់គាត់ ខណៈរូបគាត់ កំពុងដើរតាមផ្លូវជាមួយមិត្តភ័ក្តិ នៅមុខផ្សារទំនើប CDF ត្រង់ចំណុចម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយនៅក្នុងកាបូបនោះមានលុយ ៨ពាន់ ដុល្លារអាមេរិក។ លោកបន្តថា ចោទាំងនោះបន្ទាប់ពីឆកហើយក៏ជិះម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព។
លោក ជួន ណារិន្ទ បន្តថា បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹង របស់ជនរងគ្រោះ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចរបស់លោក ក៏បានចុះធ្វើការស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញាចាប់ខ្លួន ជនសង្ស័យ និងបក្ខពួក ជនល្មើសជាបន្តបន្ទាប់សរុបចំនួន ០៨នាក់ ក្នុងនោះ មានស្ត្រីម្នាក់ នាំយកមកសួរនាំ នៅស្នងការដ្ឋានគបាលខេត្តព្រះសីហនុ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៨នាក់ និងវត្ថុតាង ត្រូវបាន កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ ធ្វើការសាកសួរដើម្បីឈានដល់កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់។
ទាក់ទិនបញ្ហានេះដែរ កាលពីថ្ងៃទី២៨ ខែធ្នូ ម្សិលមិញនេះ លោក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម នាមូលដ្ឋានខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ទៅលើការថែរក្សាសន្តិសុខ និងសុវត្ថិភាព ជូនពលរដ្ឋ, ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនជាដើម។
កិច្ចប្រជុំនេះ បានរៀបចំឡើងស្របពេល បញ្ហាសន្តិសុខ នៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេមើលឃើញថា មានបទល្មើសជាច្រើនបានកើតឡើងរួមមាន៖ ចោរឆក់ប្លន់, គ្រឿងញៀន, ចាប់ជំរិតមនុស្សទារប្រាក់, ជួញដូរអាវុធ និងបទល្មើសបាញ់បោះ អនាធិបតេយ្យជាដើម បានបន្តកើតមាន ដោយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ៕