លោក ហ៊ុន សែន បានប្រកាសឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតបន្តទៀត។
លោក ហ៊ុន សែន អះអាងថា តាមរយៈរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ម្សិលម៉ិញ នេះ យ៉ាងហោចណាស់មានរោងចក្រសហគ្រាស ចំនួន៤៤ រោងចក្រ ដែលបានព្យួរការងារ ស្មើនឹងកម្មករនិយោជិតជាង ១ម៉ឺននាក់ ខណៈវិស័យទេសចរណ៍បានព្យួរការងារសរុប១១៨ សហគ្រាស ឬស្មើនឹងកម្មករចំនួនជិត ១ ម៉ឺននាក់ ផងដែរ។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង ២០ លានដុល្លារសហរដ្ឋអាមេរិកហើយក្នុងដំណើរការផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតទាំងនេះ។ ក្នុងនោះរដ្ឋាភិបាលផ្តល់ជូននិយោជិតកម្មករចំនួន៤០ដុល្លារ ខណៈខាងក្រុមហ៊ុននឹងផ្តល់ជូន ៣០ ដុល្លារ សរុប គឺស្មើនឹង ៧០ ដុល្លារ ។ ចំណែកម្មករនិយោជិតខាងវិស័យទេសចរណ៍ក្នុងមា្នក់ៗទទួលបាន៤០ ដុល្លារផងដែរ។
យ៉ាងនេះក្តី នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក មឿន តុលា រិះគន់ថា គោលនយោបាយអនុវត្តន៍ផ្តល់សាច់ប្រាក់ជូននិយោជិតកម្មករដែលបានបាត់បង់ការងារដោយសារជំងឺកូវីដ១៩ ក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរគឺជាចំនួនតិចតួចណាស់ ស្របពេលដែល ថ្លៃទឹក អគ្គិសនី និងតម្លៃទំនិញលើទីផ្សារគ្មានការថយចុះទាល់តែសោះ។
លោក បន្តថា ការអនុវត្តន៍គោលនយោបាយផ្តល់សាច់ប្រាក់ជូននិយោជិតកម្មករនេះមានភាពមិនប្រក្រតីក្នុងដំណើរការផ្តល់ប្រាក់ឧបត្ថម្ភនេះតាំងពីអនុវត្តន៍លើកដំបូងមកម្លេះ។
លោក អះអាងថា ក្នុងការអនុវត្តន៍សាច់ប្រាក់នេះគឺធ្វើជា២ដំណាក់កាល តាមប្រព័ន្ធផ្ញើប្រាក់ វីង ដំណាក់កាលទី១ពួកគេទទួលបានប្រមាណជាង៣០ដុល្លារប៉ុណ្ណោះ ខណៈការចំណាយក្នុងជីវភាពប្រចាំថ្ងៃ នៅតែមានតម្រូវការខ្ពស់នៅឡើយ។ បញ្ហានេះ បណ្តាលឲ្យកម្មករនិយោជិតទាំងនោះខ្វះលទ្ធភាពទប់ទល់នឹងជីវភាពប្រចាំថ្ងៃ អ្នកខ្លះសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ ដោយមិនបន្តរង់ចាំទទួលប្រាក់ឧបត្ថម្ភទាំងនោះបន្តទៀត។
ចំណែកខ្លះទៀតត្រូវបង្ខំចិត្តលក់ទូរស័ព្ទសម្រាប់ទាក់ទងក្នុងការបើកប្រាក់ឧបត្ថម្ភនោះដើម្បីដោះទ័លការខ្វះខាតចំពោះមុខតែម្តង ត្បិតពួកគេលែងរំពឹងទៅលើប្រាក់ឧបត្ថម្ភទាំងនោះ ថានឹងអាចជួយសម្រាលជីវភាពរបស់ពួកគេបាននោះឡើយ។ លោកមឿន តុលា អំពាវនាវឲ្យអាជ្ញាធរ អនុវត្តន៍គោលនយោបាយឧបត្ថម្ភសាច់ប្រាក់នេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព ផងដែរ។
កាលពីចុងខែកញ្ញា ឆ្នាំ២០២០ នេះ នាយិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅកម្ពុជា អ្នកស្រី Sunniya Durrani-Jamal បានអះអាងថា វិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា ដូច្នេះវិស័យមួយនេះបានធ្លាក់ចុះ ៩៨.១% ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣ពាន់ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤ម៉ឺន ៥ពាន់ នាក់ បាត់បង់ការងារទាំងស្រុង។
អ្នកស្រីថា ហានិភ័យនៅតែមាន ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ សំណង់ និងការថយចុះ នៃកសិផលក្នុងស្រុកជាដើម។ ជាងនេះទៀតការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាម៉េរិកខាងជើង បាននាំឲ្យមានការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ប្រហែល ១ភាគ៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ នេះ។
យ៉ាងណាក៏ដោយ ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈធ្លាប់បានបង្ហាញរបាយការណ៍របស់ខ្លួនថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ នេះ មានរោងចក្រចំនួន ៤៥០ រោងចក្របានព្យួរការងារ និងជាង ៨០ រោងចក្រទៀតបានបិទទ្វាលែងដំណើរទាំងស្រុង ដែលបានប៉ះពាល់ដល់កម្មករប្រមាណជិត២០ម៉ឺននាក់ បណ្តាលឲ្យពួកគេបានបាត់បង់ប្រាក់ចំណូលទាំងស្រុង៕