32 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសកាន់ដំណែងជានាយករដ្ឋមន្រ្តីដល់ឆ្នាំ២០៣០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា លោក ហ៊ុន សែន នឹងមិនផ្លាស់ប្តូរគំនិតក្នុងការផ្ទេរអំណាចទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក នោះទេ ទោះមិនមានការគាំទ្រផ្ទៃក្នុងយ៉ាងណាក៏ដោយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការព្យាយាមអូសបន្លាយពេលវេលាក្នុងការកាន់កាប់អំណាចរបស់លលោក គឺដើម្បីរង់ចាំឲ្យបេក្ខជននាយករដ្ឋមន្ត្រីអាទិភាពដទៃទៀត ដូចជា លោក ស ខេង ជាដើម ផុតអាយុចូលនិវត្តន៍តែប៉ុណ្ណោះ។

លោក បញ្ជាក់ថា នៅក្នុងសង្គមដែលប្រកាន់របបផ្តាច់ការ ការផ្ទេរអំណាចគឺជារឿងសំខាន់ និងមានភាពចម្រូងចម្រាសខ្លាំងណាស់ ត្បិតមេដឹកនាំផ្តាច់ការទាំងនោះមិនអនុញាតិឲ្យអំណាចរបស់ខ្លួនធ្លាក់ទៅលើអ្នកផ្សេងក្រៅពីវង្សត្រកូលរបស់ខ្លួនជាដាច់ខាត។

ជាងនេះទៀត លោកអះអាងថា ក្នុងករណី ផែនការផ្ទេរអំណាចនោះមិនទាន់អនុវត្តន៍ទៅរួច ពួកគេនឹងរកវិធីប្រើមនុស្សជំនួសក្នុងអន្តរកាលមួយរយៈដើម្បីរង់ចាំអ្នកស្នងអំណាចពិតប្រាកដឡើងមកកាន់កាប់ដោយផ្ទាល់។ ដូច្នេះ ការដែលលោក ហ៊ុន សែន លើកឡើងពីបេក្ខភាពនាយករដ្ឋមន្ត្រី របស់លោក អូន ព័ន្ធមុនីរ័ត្ន នោះគ្រាន់តែជាវិធីសាស្ត្របំភ័នភ្នែក ជៀងវាងការរិះគន់ថា លោក កំពុងអនុវត្តន៍ផែនការផ្ទេរអំណាចតាមប្រព័ន្ធផ្តាច់ការប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០៣០ ក្នុងការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធនឹងការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា កាលព្រឹកថ្ងៃអង្គារ៍ទី២៩ខែធ្នូនេះ។

លោក ហ៊ុន សែន ប្តេជ្ញាថា លោកនឹងបន្តកាន់កាប់អំណាចរហូតដល់ឆ្នាំ២០៣០ ដែលពេលនោះលោកនឹងមានអាយុ៧៨ឆ្នាំ។ ជាងនេះទៀតលោកបញ្ជាក់ថា លើលោកនេះគ្មាននរណាកំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះលោកនឹងបន្តតំណែងរបស់លោកថែមទៀត ហើយក៏គ្មានជនណាអាចមកផ្តួលរំលំលោកបានឡើយ។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា ទោះលោក ហ៊ុន សែន មានអំណាចធំយ៉ាងណាក៏ដោយ ក៏ជាអំណាចដែលគ្រាន់តែបម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាម និងមហាអំណាចចិនកុម្មុយនិសប៉ុណ្ណោះ។ លើសពីនេះ ប្រសិនបើមានភាគីនយោបាយខ្មែរដែលមានឥទ្ធិពលណាមួយចូលរួមលេងល្បែងនេះ នោះកម្ពុជា នឹងជួបគ្រោះធ្ងន់ធ្ងរទ្វេរដង ហើយពលរដ្ឋខ្មែរនឹងរងទារុណកម្មជាងនេះបន្ថែមទៀត។

ពួកគេ អះអាងថា កម្ពុជានឹងរអិលធ្លាក់ជ្រោះកាន់តែជ្រៅដែលមិនស្រោចស្រង់បាន បើអំណាចត្រកូលហ៊ុន នៅតែបន្តកាន់កាប់ទឹកដី   កម្ពុជា ហើយយកបរទេសឈ្លានពានជាតិឯងធ្វើជាខ្នងបង្អែកដើម្បីឈ្នះល្បែងដែលខ្លួនបានរៀបចំឡើង។ ជាងនេះទៀត ទោះត្រូវជាន់ពន្លិចកម្ពុជាលិចកប់ក្នុងជ្រោះនយោបាយរបស់ពួកគេក៏ដោយ ក៏ពួកគេមិនញញើតនឹងជាន់ពន្លិចជាតិខ្លួនឯងដែរ។

អ្នកឃ្លាំមើលខ្លះនិយាយថាដើម្បីផ្លាស់ប្តូរអំណាចផ្តាច់ការនៅកម្ពុជាបាន លុះត្រាអ្នកប្រជាធិបតេយ្យ ឬអ្នកជាតិនិយមខ្មែរទាំងអាចរួបរួម គ្នាជាធ្លុងមួយសិន។

ប្រធានគណៈកម្មការព្រំដែនកម្ពុជាក្នុងប្រទេសបារាំង លោក ឌី ការ៉េត បាន អះអាងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះថា ទោះជាលោក ហ៊ុន សែន មានអំណាចយ៉ាងណាក៏ដោយ ក៏កម្លាំងអ្នកប្រជាធិបតេយ្យមិនចុះខ្សោយដែរ។

ប៉ុន្តែមេដឹកនាំ អ្នកនយោបាយខាងប្រឆាំងទេដែលខ្សោយ ពីព្រោះពួកគេមិនចេះប្រើកម្លាំងអ្នកប្រជាធិតេយ្យទាំងនោះ ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីប្រទេសជាតិ និងប្រជាជន។

អ្នកវិភាគនយោបាយសង្គម ជំរុញឲ្យអ្នកនយោបាយខ្មែរដែលមានឥទ្ធិពលគ្រប់និន្នាការ និងគ្រប់ភាគីទាំងអស់ វិលទៅរកការផ្សះផ្សា និងឯកភាពជាតិរវាងខ្មែរ និងខ្មែរ ដោយភាពស្មោះត្រង់ ដោយជៀសវាងការលួចចារចារ និងឃុបឃិតគ្នាពីក្រោយខ្នងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនដែលនាំឲ្យរលាយជាតិកាន់តែធ្ងន់ធ្ងរជាងនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស