38.1 C
Phnom Penh

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លោក ចាន់ យ៉េត ដែលជាប្រធានគណបក្សនគរប្រជាធិបតេយ្យ បច្ចុប្បន្ន។

ក្នុងឱកាសថ្លែងសារពិសេសនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ លោកហ៊ុន សែន បញ្ជាឱ្យលោក ចាន់ យ៉េត ដកខ្លួនចេញពីសកម្មភាពបោកប្រាស់លុយអ្នកដទៃឱ្យបានឆាប់បើមិនចង់ជាប់គុក។

លោក ហ៊ុន សែន អះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាប់ខ្លួនលោក ចាន់ យ៉េត នៅពេលណាក៏បាន។ ប៉ុន្តែលោក មិនចង់អនុវត្តច្បាប់ភ្លាមៗទេ ដោយចង់ទុកពេលឲ្យប្រធានគណបក្សនគរប្រជាធិបតេយ្យរូបនេះកែខ្លួន ហើយត្រូវសង់ប្រាក់ទៅពលរដ្ឋវិញ ដើម្បីបញ្ចៀសការចាប់ខ្លួន។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកបានប្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ហើយថា ប្រសិនបើលោក ចាន់ យ៉េត មិនដកខ្លួនចេញទេ គឺចាប់ខ្លួនតែម្ដង។

លោកបន្ថែមថា ក្រៅពីលោក ចាន់ យ៉េត ក៏មានមនុស្សផ្សេងទៀត ដែលជាក្រុមបក្ខពួកធ្វើជាមេខ្យល់ដើរបោកលុយប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងដីធ្លី, កត់ឈ្មោះទទួលអំណោយ រួមទាំងប្រមូលលុយកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកជាដើម។

បុរសខ្លាំងនៅកម្ពុជាបញ្ជាក់ថា រដ្ឋជាអ្នកកសាងសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនេះ ដោយមិនមែនដើរប្រមូលលុយពីពលរដ្ឋ យកទៅសាងសង់ដូចក្រុមលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ឃោសនាឡើយ។

គណបក្សនគរប្រជាធិបតេយ្យ ពីមុនដែលមានឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រី សុខ រ័ត្នសុវណ្ណ បញ្ចៈសីលា ។

កាលពីថ្ងៃទី៩ ធ្នូ ព្រះមហាក្សត្រ បានសម្រេចបញ្ចប់មុខលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តាមសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការបញ្ចប់តំណែងរបស់លោកចាន់ យ៉េតនេះ គឺបីថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក បានប្រកាសដកខ្លួនចេញពីជម្លោះដីធ្លីមួយនៅភូមិជង្រុក ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតឡើងនៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលមានសមាសសភាពថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនដែលបានចូលរួមការបោះឆ្នោតជាតិពេលនោះ លើកលែងតែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP មួយប៉ុណ្ណោះ។

ប្រធានគណបក្សនគរប្រជាធិបតេយ្យលោក ចាន់ យ៉េត គឺជាមនុស្សទី៤ហើយ ដែលអស់តំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ព្រះមហាក្សត្រ ក៏បានបញ្ចប់តំណែងមេដឹកនាំគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដោយសារចុះសិក្សា និងដោះស្រាយបញ្ហាវិវាទដីធ្លីមួយកន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានបញ្ហាប្រឈមជាមួយមន្ត្រីបរិស្ថានក្នុងខេត្តនេះ។

ដោយឡែកអ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សនគរប្រជាធិបតេយ្យ និង លោក ច័ន្ទ ភាព ជាអតីតអនុប្រធានគណបក្សមួយនេះ ក៏ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែរ។ ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងដីធ្លីនៅខេត្តព្រះវិហារ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។

ក្រុមអ្នកឃ្លាំមើលសង្គមធ្លាប់រិះគន់ថា ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បង្កើតឡើងគ្រាន់តែជាសួនលម្អអំណាចរបស់លោក ហ៊ុន សែន ដើម្បីជំនួសវត្តមានគណបក្សប្រឆាំងតែប៉ុណ្ណោះ។

ពួកគេចង់ឱ្យមានការរំលាយស្ថាប័ននេះចោលតែម្តង ពីព្រោះស្ថាប័ននេះមិនអាចធ្វើអ្វីជាប្រយោជន៍សម្រាប់រាស្ត្របានគ្រប់គ្រាន់នោះឡើយ ដោយពួកគេត្រូវដើរតាមបន្ទាត់ដែលលោក ហ៊ុន សែន គូសវាសឱ្យដើរតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស