និស្សិតបាតុករថៃសន្យាធ្វើអោយអ្នកនយោបាយនិទេសខ្លួនវិលចូលប្រទេសថៃវិញហើយឆ្នាំ២០២១ គឺជាឆ្នាំផ្លាស់ប្ដូរ

គ្មានអ្វីអាចឈ្នះលើអំពើអយុត្តិធម៌បានទេ បើពុំមានការួបរួមកម្លាំងគ្នាឲ្យរឹងមាំឡើងវិញនៃកម្លាំងយុត្តិធម៌។ ជាង៥ខែមកហើយ ដែលបាតុករថៃជាក្រុមនិស្សិត និងយុវជន បានកំពុងរុញច្រានអំពើជិះជាន់ គាបសង្កត់ ដោយក្រុមយោធាឡើងកាន់អំណាច ពីការធ្វើរដ្ឋប្រហារ កាលពី ឆ្នាំ២០១៤ ទំលាក់រដ្ឋាភិបាលជាប់ឆ្នោត នៃគណបក្សភឿថៃ ដែលដឹកនាំដោយអ្នកស្រីយីងឡាក់ ជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត់ ដែលរងការទាញទម្លាក់ដោយរដ្ឋប្រហារដូចគ្នា។

ទាំង២នាក់បងប្អូននេះ សុទ្ធតែជាអតីតមេដឹកនាំថៃ ដែលភៀសខ្លួនទៅនៅក្រៅប្រទេសដោយមិនអាចរស់នៅបាន ជាមួយការកាត់អោយមានទោស ជាច្រើន ពីបទពពុករលួយ និងប្រមាថអង្គព្រះមហាក្សត្រថៃ ដែលក្រុមអ្នកសង្កេតការណ៍ចាត់ទុកជា ហេតុផលនយោបាយ។

អ្នកនយោបាយទាំង២រូបដ៏មានប្រជាប្រិយនេះ នៅតែមានឥទ្ធិពលលើប្រជាជនថៃនៅឡើយ។

នៅអំឡុងបាតុកម្ម ជាង៥ខែមកនេះ ក៏មានសកម្មជនជាច្រើន ជាមេបាតុករ ក៏បានភៀសខ្លួនចេញពីប្រទេសថៃផងដែរ ដោយសាររងដីកាចាប់ខ្លួនពីបទប្រមាថព្រះមហក្សត្រ។ មេបាតុករដ៏ល្បី បានសច្ចាថានៅឆ្នាំ២០២១ នឹងធ្វើអោយមានការផ្លាស់ប្ដូរនៅក្នុងរាជាណាចក្រនេះ ជាមួយនឹងការវិលមកវិញ របស់ក្រុមប្រឆាំងទាំអស់ដែលនិរទេសខ្លួន ទៅនៅក្រៅប្រទេស ។

លោក Anon Numpha ជាមេបាតុករ ម្នាក់ក្នុងចំណោម មនុស្សជាច្រើននាក់ទៀត ដែលសន្យាថា ឆ្នាំ២០២១ ត្រូវតែជាឆ្នាំផ្លាស់ប្ដូរ ហើយ ឆ្នាំ២០២២ គឺជាឆ្នាំត្រូវមានវត្តមានឡើងវិញនូវ អ្នកនយោបាយប្រឆាំងទាំងអស់នៅក្រៅប្រទេសដែលរងការកាត់ទោស ។

Anon Numpha មេបាតុកររូបនេះ គឺជាមេធាវីសិទ្ធិមនុស្ស។ លោកកំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រថៃមហាវិជ្ជរាលុងកន។ យ៉ាងហោចណាស់មានមេបាតុករ ២៥នាក់ កំពុងប្រឈមនឹងការកាត់ទោស ។

ជាមួយគ្នានេះ មេបាតុករថៃទាំងនោះ សន្យាថានឹងបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាននៅឆ្នាំក្រោយនេះ។

បាតុករដែលជាក្រុមចលនា និស្សិតនិងយុវជនវ័យក្មេង បានទាមទារ៣ចំណុច គឺទី១ អោយ លោកបា្រយុទ្ធចាកចេញពីតំណែង។ ទី២ ទាមទារអោយ រៀបរាងរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ឡើងវិញ ដោយ រុះរើ ស្ថាប័នព្រឹទ្ធសភា និងទី៣កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យយោធា។ 

អ្នកនាំពាក្យ រដ្ឋាភិបាល Anucha Burapachaisri បាននិយាយថា ទោះ ជាមានព្រឹត្តិការណ៍ ការប្រមូលផ្ដុំ នៅឆ្នាំក្រោយនេះក្ដី តែត្រូវធ្វើឡើង ដោយសន្តិវិធី។ លោកអោយដឹងថា រដ្ឋាភិបាល និងរដ្ឋសភា កំពុងស្វែងរក ដំណោះស្រាយ មួយក្នុងការឆ្លើយតបនឹង ការទាមទាររបស់រដ្ឋាភិបាល។

ចាប់តាំងពីការធ្វើបាតុកម្ម នៅពាក់កណ្ដាលខែកក្ដដាមក មេដឹកនាំបាតុករ យ៉ាងតិច២៥នាក់ត្រូវបានចាប់ខ្លួនពីបទប្រមាថអង្គព្រះមហាក្សត្រ។

ភ្នាក់ងារអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ព្រួយបារម្ភថា នៅឆ្នាំ២០២១ រលកនៃការ បង្រ្កាបសេរីភាព លើការសម្ដែងមតិ និងការតវ៉ាដោយសន្តិវីធីអាចនឹងត្រូវបង្រ្កាបធ្ងន់ធ្ងរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.