27 C
Phnom Penh

គណបក្សក្រៅរដ្ឋាភិបាលឲ្យដឹងថា ដើម្បីដោះស្រាយវិបត្តិធ្លាក់ថ្លៃពងទានៅកម្ពុជាគឺត្រូវបិទការនាំចូលពងទាពីប្រទេសជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រលាញ់ជាតិ ជុំរុញឲ្យរដ្ឋាភិបាលបិទការនាំចូលពងទាពីប្រទេសជិតខាងជាបន្ទាន់ដើម្បីដោះស្រាយការកកស្ទះពងទារបស់កសិករខ្មែរដែលកំពុងប្រឈមនឹងវិបត្តិគ្មានទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

អគ្គហិរញ្ញិកគណបក្សខ្មែរស្រលាញ់ជាតិលោក សៀវ វិសុទ្ធ អះអាងថា មានតែរដ្ឋាភិបាលប៉ុណ្ណោះទើបអាចដោះស្រាយវិបត្តិទីផ្សានៃការធ្លាក់ថ្លៃពងទានេះបាន  ត្បិតពងទាដែលកកស្ទះទូទាំងប្រទេសសព្វថ្ងៃនេះបានកើនឡើងប្រមាណជាង ១០ លានគ្រាប់ហើយ។ លោកបន្តថា ប្រសិនបើក្រសួងកសិកម្មមិនអាចរកដំណោះស្រាយឲ្យបានទាន់ពេលទេ កសិកទាំងនោះច្បាស់ជាប្រឈមនឹងការបិទអាជីវកម្មរបស់ពួកគេជាមិនខាន។ លើសពីនេះ ក៏ត្រូវវ័ណ្ឌកនឹងបំណុលធនាគារយ៉ាងធ្ងន់ធ្ងរផងដែរ។

លោក បញ្ជាក់ថា បើរដ្ឋាភិបាលអាចដោះស្រាយបញ្ហាជូនកសិករបានទាន់ពេលវេលា នោះគឺជាមុខមាត់ និងស្នារដៃរបស់រដ្ឋាភិបាលទៅវិញទេ។

លោកបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់មិនអាចឆ្លើយឲ្យរួចតែពីមាត់បានទេ ព្រោះថា បន្ទាប់ពីពួកគេបានបាត់បង់ប្រាក់ចំណូលដោយសារជំងឺកូវីដ១៩ម្តងរួចមក ពលរដ្ឋទាំងនោះមានក្តីសង្ឃឹមតែទៅលើមុខរបរមួយនេះប៉ុណ្ណោះ ដែលអាចស្រោចស្រង់ជីវភាពរបស់គាត់ឲ្យងើបឡើងវិញបាន។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីកសិករដែលប្រកបរបរចិញ្ចឹមទាយកពងប្រមាណជាង១រយនាក់ កាលពីម្រឹកម៉ិញ មកពីឃុំចំនួន៣ គឺឃុំវិហារសួគ៌ ឃុំសន្លុង និងឃុំស៊ីធរ បាននាំគ្នាមកសាលាឃុំ សន្លុង ដើម្បីស្នើសុំឲ្យប្រធានក្រុមប្រឹក្សាឃុំជួយរកដំណោះស្រាយជូនពួកគាត់។

ពួកគេ ត្អូញត្អែរថា បច្ចុប្បន្ននេះ ពងទាបានធ្លាក់ថ្លៃសល់ត្រឹមតែ ១៧០រៀល ទៅ ២៧០ រៀល ប៉ុណ្ណោះក្នុងមួយគ្រាប់។ លើសពីនេះទៀត  ពងទាទាំងនោះអាចរក្សាទុកបានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ បើលើសពីនេះ ពងទាទាំងនោះនឹងផ្ទុះស្អុយខូចមិនខាន។ ពួកគេថា សូម្បីធ្លាក់ថ្លៃមកនៅត្រឹមមួយគ្រាប់ ១៧០រៀល ទៅហើយនោះ ក៏នៅតែគ្មានឈ្មួញមកទិញដែរ បញ្ហានេះ ធ្វើឲ្យពងទារបស់ពួកគាត់សល់ពេញទ្រុង និងបន្តផ្ទុះស្អុយជាជារៀងរាល់ថ្ងៃ។

ទាក់ទិននឹងបញ្ហា មេឃុំសន្លុងបាន ប្រាប់ពលរដ្ឋថា លោកមិនមានតួនាទីអាចដោះស្រាយបញ្ហានេះបានទេ។ តែលោកនឹងបញ្ជូនសំណើររបស់ពលរដ្ឋទាំងនេះទៅថ្នាក់លើដើម្បីធ្វើការដោះស្រាយ។

ទោះជាយ៉ាងនេះក្តី កាលពីដើមខែធ្នូ កសិករដែលបានប្រកបអាជីវកម្មចិញ្ចឹមទា យកពង កំពុងព្រួយបារម្ភយ៉ាងខ្លាំងដែលពងទារបស់ពួកគាត់គ្មានទីផ្សារ និងធ្លាក់ថ្លៃយ៉ាងគំហុក ខណៈពួកគេប្រឈមនឹងការខ្វះខាតលើការចំណាយទិញចំណីជារៀងរាល់ថ្ងៃ និងលុយត្រូវបង់ធនាគារប្រចាំខែដែលពួកគាត់បានខ្ចីមកប្រកបរបរនេះ ហើយនឹងត្រូវសងរំលស់វិញនោះ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន បានចេញសេចក្តីប្រកាសព័ត៌មានអំពីកាធ្លាក់ចុះនៃតម្លៃពងទាក្នុងស្រុកថា គឺដោយសារ តែកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាក។ ដូច្នេះទើបបណ្តាលឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយ ហើយម្យ៉ាងទៀត នៅក្នុងរដូវសំបូរត្រី ពលរដ្ឋមួយចំនួនបែរជាមកបរិភោគត្រីជំនួសស៊ុតវិញផងដែរ។

ជាងនេះទៀត លោកថា  ក្នុងករណីអាជីវករ ឬអ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់-ទាយកស៊ុត ប្រសិនបើ បានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់-ទា ពីប្រទេសជិតខាង សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានសុខភាពសត្វជាបន្ទាន់ ដើម្បីចុះអន្តរាគមន៍បង្ក្រាបបទល្មើស ស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាការនិយាយដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ និងមិនសមហេតុផលដែលអាចទទួលយកបាន ខណៈបរទេសជិតខាងកំពុងវាយលុកទីផ្សារកម្ពុជាដើម្បីបង្កើតប្រាក់ចំណូលឲ្យជនជាតិគេ ក្រោយអាក់ខានអស់រយៈពេលជាច្រើនខែក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។

ពលរដ្ឋដែលចិញ្ចឹមទាយកពង និងអាជីវករដែលប្រកបមុខរបរនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលពងទាពីបរទេស ជាពិសេសនាំចូលពីវៀតណាមដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ក្នុងស្រុក។ ពួកគេថា ប្រសិនបើ មន្ត្រីអាជ្ញាធរទាំងនោះមិនអាចដោះស្រាយបានទាន់ពេលវេលាទេ នោះពួកគាត់ក៏គ្មានជម្រើសណាល្អដើម្បីបន្តមុខរបរនេះតទៅទៀតដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស