32.9 C
Phnom Penh

អតីតតំណាងរាស្ត្រអូស្រ្តាលីរិះគន់ថា ការចោទប្រកាន់លើរូបលោក ដោយតុលាការក្រុងភ្នំពេញ មានចរិតនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតតំណាងរាស្ត្រប្រទេសអូស្ត្រាលីមួយរូបបានហៅការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញលើរូបលោកថា ជាការចោទដែលមានគ្មានមូលដ្ឋានពិតប្រាកដ និងមានចរិតនយោបាយ ជាជាងការអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។

អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក ហុង លីម សរសេរិះគន់លើទំព័រហ្វេសប៊ុករបស់លោកថា ការចោទប្រកាន់លើរូបលោក និងមនុស្ស១៤នាក់ផ្សេងទៀត គឺជាការរំលោភសិទ្ធិមនុស្ស និងជាការបង្ហាញពីភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ពីព្រោះតុលារការមិនបានបញ្ជាក់ឲ្យបានលម្អិតពីទោសរបស់ពួកគេដែលថាពួកគេបានប្រព្រឹត្ត បទឧក្រិដ្ឋ នោះឡើយ។

លោក អះអាងថា បញ្ហានេះ ឯកអគ្គរដ្ឋទូតរបស់ប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជាបានទាក់ទងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ សុំការបំភ្លឺបន្ថែមពីបញ្ហានេះ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះបានបដិសេធថា លោកមិនបានដឹងអំពីករណីនេះទេ។

លោក ហុង លីម បញ្ជាក់ថា ការចោទប្រកាន់នេះ គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់បន្ថែមទៀតនៃរដ្ឋការក្រុងភ្នំពេញដែលតែងបង្ក្រាបលើក្រុមប្រឆាំង។ ជាពិសេសកម្មជនសិទ្ធិមនុស្សដែលបានអនុវត្តន៍សិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិដែលបានថ្លែងជាសកលដោយអង្គការសហប្រជាជាតិ។

ការរិះគន់នេះធ្វើឡើង ស្របពេលតុលាការក្រុងភ្នំពេញសម្រេចបើកសវនាការលើសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលសង្គម សរុបចំនួន១៥នាក់ នៅព្រឹកថ្ងៃពុធនេះ។

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់យុវជនចំនួន ៧ នាក់ រួមមាន ក្រុមយុវជនខ្មែរថាវរៈចំនួន ៥ នាក់ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន២នាក់ ព្រមទាំង អតីតមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ ផ្សេងទៀត ផងដែរ។ ប៉ុន្តែនៅក្នុងសវនាការជំនុំជម្រះនោះមានវត្តមានតែជនជាប់ចោទដែលស្ថិតក្នុងការឃុំខ្លួនចំនួន១០នាក់ប៉ុណ្ណោះ។

ប៉ុន្តែតុលាការក្រុងភ្នំពេញបានលើកសវនាការជំនុំជម្រះទៅពេលក្រោយ ដោយពុំបានកំណត់កាលបរិច្ឆេទជាក់លាក់នោះទេ បន្ទាប់ពីមេធាវីរបស់ជនជាប់ចោទបានស្នើចៅក្រមជំនុំជម្រះឲ្យកោះហៅមន្រ្តីនគរបាលមួយចំនួនដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺក្នុងនាមជាសាក្សី។

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា តុលាការពិតជាមានសិទ្ធិចោទប្រកាន់ទៅលើបុគ្គលគ្រប់រូប។ ប៉ុន្តែពួកគេត្រូវបង្ហាញឲ្យបានច្បាស់លាស់ពីទោសរបស់អ្នកដែលត្រូវចោទទាំងនោះ បើតុលាមិនបង្ហាញ និងបញ្ជាក់ឲ្យបានច្បាស់ទេ នោះការចោទប្រកាន់នេះគ្រាន់តែធ្វើឡើងដើម្បីគម្រាមកំហែង និងបំបិទសិទ្ធិបញ្ចេញមតិអ្នកទាំងនោះតែប៉ុណ្ណោះ។

លោក អះអាងថា ការចោទប្រកាន់លើលោក ហុង លីម ដែលជាអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ តុលាការកម្ពុជាត្រូវប្រុងប្រយ័ត្ន និងត្រូវបង្ហាញពីភ័ស្តុតាងនៃការចោទនោះឲ្យបានច្បាស់លាស់ និងលម្អិតជាទីបំផុត។ បើមិនដូច្នេះទេ នឹងផ្ទុះការរិះគន់កាន់តែខ្លាំងបន្ថែមទៀតទៅលើប្រព័ន្ធអនុវត្តន៍ច្បាប់នៅកម្ពុជា ទោះបីជា តុលាការអះអាងថា នោះជាឆន្ទានុសិទ្ធិរបស់តុលាការក៏ដោយ។

លោក បញ្ជាក់ថា ប្រសិនបើតុលាការចេះតែបន្តការចោទប្រកាន់ទៅសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងអ្នកឃ្លាំសង្គមបែបនេះ គឺបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជាកំពុងរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យធ្លាក់ចុះនូវប្រព័ន្ធលទ្ធិប្រជាធិបតេយ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ លើសពីនេះនឹងធ្វើឲ្យបែកបាក់សាមគ្គីជាតិ ព្រមទាំងបាត់បង់អធិបតេយ្យភាព និងបូរណភាពទឹកដី នៅពេលខាងមុខជាក់ជាមិនខាន។

អង្គការសមាគមន៍ការពារសិទ្ធិមនុស្សនៅកម្ពុជាបានរិះគន់ថា ការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមសំដែងមតិជាសាធារណៈនៅ កម្ពុជាពីសំណាក់រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងមិនលើកទឹកចិត្តក្នុងការចូលរួមបញ្ចេញមតិរបស់ពលរដ្ឋផងដែរ។

ក្រុមអ្នកឃ្លាំមើលសង្គម ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលរាល់បទចោទ  លើសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលសង្គម ជាបន្ទាន់ និងត្រូវងាកមករកការចរចាសម្រុះសម្រួលដោយសន្តិវិធី ព្រមទាំងបើកទូលាយនូវការគោរពសិទ្ធិមនុស្ស និងស្តារប្រព័ន្ធលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើងវិញផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស